ទស្សនកិច្ច​សិទ្ធិមនុស្ស

អ្នករាយការណ៍ អ.ស.ប ឃើញ​ការ​វិវឌ្ឍ​សិទ្ធិ​នយោបាយ​ខ្លះ ប៉ុន្តែ​បារម្ភថា សម្ពាធ​នៅ​តែ​មាន​លើ​អតីត​បក្ស​ប្រឆាំង


លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី​បាន​ឃើញ​ការ​វិវឌ្ឍ​ផ្នែក​សិទ្ធិ​នយោបាយ​ជាក់ស្តែង​មួយ​ចំនួន ក៏​ប៉ុន្តែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សម្ពាធ​នៅតែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ។
លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​អះអាង​ថា ចំណាត់ការ​ទាំងនេះ​មិន​អាច​នាំ​ទៅរក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ​និង​លំហ​ប្រជាធិបតេយ្យ​បាន​ទេ។

លោកស្រី រ៉ូណា ស្ម៊ីត បាន​និយាយ​ដូច្នេះ​ថា៖ «ចាប់តាំង​ពី​បេសកកម្ម​លើក​មុន​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ការ​វិវឌ្ឍ​ជាក់ស្តែង​មួយ​ចំនួន​នៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ។ ខ្ញុំនៅតែ​មាន​ការបារម្ភ​ចំពោះ​ការ​ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ត្រូវ​រំលាយ​ នៅតែ​កើត​ឡើង​ជា​បន្ត​បន្ទាប់។»

ទស្សនកិច្ច​របស់​លោកស្រី រ៉ូណា ស្ម៊ីត មាន​រយៈពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃទី៩ ​ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​រួមមាន​ជំនួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាង​សង្គម​ស៊ីវិល​ផងដែរ។

ក្នុងអំឡុង​ពេល​ទស្សនកិច្ច លោកស្រី រ៉ូណា ស្ម៊ីត ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​លំហ​បន្ថែម​ទៀត​សម្រាប់​សេរីភាព​សារព័ត៌មាន​ទាំង​អស់ និង​ស្នើ​ឲ្យ​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ពីរ​នាក់ គឺ​លោក យាង សុធារិន និង​សហការី​របស់​លោក គឺ លោក អ៊ួន ឈិន ផងដែរ។

យោងតាម​លោកស្រី រ៉ូណា ស្ម៊ីត យ៉ាង​ហោច​ណាស់ មាន​ការ​ផ្តន្ទាទោស​ចំនួន​៦ ដោយ​តុលាការ​ ចាប់តាំង​ពី​បេសកកម្ម​ចុង​ក្រោយ​របស់​លោកស្រី ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​សមាជិក​និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ។

លោកស្រី​បាន​បន្ត​ថា លោកស្រី​ក៏​បាន​ដឹង​ដែរ​ពី​ចំណាត់ការ​នានា ប្រឆាំង​នឹង​អតីត​សមាជិក​និង​មន្រ្តី​ជាប់​ឆ្នោត​របស់​គណបក្ស​សង្រ្គោះជាតិ ចំនួន ៨០​នាក់ រួម​ទាំង​ដីកា​កោះហៅ​ចំនួន ២៥ ដែល​ចេញ​ដោយ​តុលាការ​ខេត្ត​បាត់ដំបង នៅក្នុង​រយ:ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

លោកស្រី រ៉ូណា ស្ម៊ីត បាន​បន្ត​ថា លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ថិត​ក្នុង​ការ​ឃុំឃាំង ហើយ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការដោះលែង​លោក កឹម សុខា ចេញ​ពី​ការ​ឃុំ​ខ្លួន និង​ពន្លឿន​ការ​បិទ​ស៊ើប​អង្កេត ឬ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​គាត់។

លោកស្រី រ៉ូណា ស្ម៊ីត បាន​និយាយ​ដូច្នេះ​ថា ៖ «ខ្ញុំត្រូវ​បាន​បដិសេធ​ ជំនួបជាមួយ​គាត់​ជា​ថ្មី​ម្តង​ទៀត​ ហើយ​ខ្ញុំ​ក៏​មាន​ការ​សោក​ស្តាយ​ផងដែរ ដែល​ចៅក្រម​ស៊ើប​សួរ​មិន​អាច​ជួប​ជាមួយ​ខ្ញុំ​បាន។»

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាននិយាយ​ថា ការ​វាយ​តម្លៃ​របស់​លោកស្រី រ៉ូណា ស្ម៊ីត លើក​នេះ មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​មុន ហើយ​ចំណុច​ផ្សេង​ទៀត​ដែល​គាត់​បាន​លើក​ឡើង​គ្រាន់តែ​ជា​ការ​ព្រួយ​បារម្ភ​ប៉ុណ្ណោះ។

លោក សុខ ឥសាន បាន​និយាយ​ថា រឿង​ដីកា​កោះ​ហៅ​សម្រាប់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន ដោយ​តុលាការ វា​ជា​រឿង​ធម្មតារ​ផ្លូវ​ច្បាប់​ដែល​គ្មាន​អ្នកណា​ផ្សេង​អាច​ជួយ​បាន​នោះ​ទេ។

លោក សុខ ឥសាន បាន​និយាយ​ដូច្នេះ ថា៖ «បើ​សិន​ជា​គាត់​អត់​មាន​ពិរុទ្ធភាព អាហ្នឹង​វា​អត់​មាន​ទោស​អីទេ គេ​ឲ្យ​មក​ផ្ទះ​វិញ​ទេតើ។ បើសិន​ណា​ជា​សកម្មជន​អតីត​បក្ស​ប្រឆាំង គឺ​ថា​អត់​មាន​ធ្វើ​សកម្មភាព​អី​ ដែល​ជា​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល អាហ្នឹង​វា​អត់​មាន​បញ្ហា​អី​ទេ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងថ្មី បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​ទៀតហើយ ត្រឹម​ដំណាច់​ខែ​ឧសភា!

ព័ត៌មាន
គម្រោងថ្មី ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត កំពុងតែ​ដំណើរការ​សាងសង់ បន្ទាប់ពី​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​កាល…

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស ហក់ឡើងខ្លាំង​កាលពីឆ្នាំ​ទៅមិញ

ព័ត៌មាន
ក្នុងរយៈ​ពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជា​និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់ ពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ