
របាយការណ៍អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ប្រទេសមានចំណូលទាបនិងមធ្យម ហាក់មានកម្រិតនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សតាមដងផ្លូវច្រើនជាងពីរដង នៃបណ្ដាប្រទេសមានការអភិវឌ្ឍ។
ក្នុងនោះ ការបើកបរនៅតាមដងផ្លូវក្នុងប្រទេសថៃ ត្រូវបានគេឲ្យចំណាត់ថ្នាក់ថា មានកម្រិតគ្រោះថ្នាក់ខ្លាំងជាងគេបំផុតលើពិភពលោក ខណៈដែលក្នុងចំណោមប្រជាជន១សែននាក់មានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៣២,២នាក់។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ការបង្កគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារអ្នកបើកបរនៅក្នុងប្រទេសថៃ គ្មានការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។
ប្រទេសដែលឈរលំដាប់លេខរៀងបន្ទាប់ពីប្រទេសថៃ មានដូចជា អាហ្វ្រិកខាងត្បូង ម៉ាឡេស៊ី ប្រេស៊ីល ចិន និងរុស្ស៊ី ជាដើម។ល។
យ៉ាងណាក៏ដោយ គេមិនមានឃើញប្រទេសកម្ពុជាស្ថិតនៅក្នុងបញ្ជីនៃចំណោមឈ្មោះប្រទេសដែលមានគ្រោះថ្នាក់បំផុតលើការបើកបរតាមដងផ្លូវនោះទេ។
ប៉ុន្ដែ ការកកស្ទះចរាចរណ៍នៅពេលធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ នៅតែជាចំណុចរសើបមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរឲ្យបានម៉ត់ចត់៕