សុវត្ថិភាព​ចរាចរណ៍

សម្តេច ស ខេង៖ ការ​គោរព​ច្បាប់​ចរាចរណ៍​ហាក់​ធ្លាក់​ចុះ, ចំនួន​អ្នក​ស្លាប់​​កើន


សម្តេច​​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ហាក់​បី​ដូចជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដែល​នេះ​ជា​មូលហេតុ​មួយ​ផង​ដែរ ដែល​បណ្តាល​ឲ្យ​​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៥១៣​នាក់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​រយ:ពេល​តែ​បី​ខែ​ដើម​ឆ្នាំ​នេះ។
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

ថ្លែង​នៅ​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី១២ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួន ១០៧៦​លើក គឺ​កើន​ឡើង​ចំនួន ២៥៧​លើក ស្មើ​នឹង​ ៣១​ភាគរយ នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩​នេះ។

ក្នុង​គ្រោះ​ថ្នាក់​ទាំង​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន ៥១៣​នាក់ កើន​ចំនួន ៣៣​នាក់ ស្មើនឹង ៧​ភាគរយ និង​របួស​ចំនួន ១៥៩២​នាក់ កើន​ឡើង ៣៥៨​នាក់ ស្មើនឹង​ ២៩​ភាគរយ។ នេះ​បើ​យោង​តាម សម្តេច ស ខេង។

សម្តេច ស ខេង បាន​អះអាង​បន្ត​ថា នេះ​គ្រាន់​តែ​ជា​តួលេខ​ត្រឹម​ខែ​មីនា នៃ​ឆ្នាំ​២០១៩ ប៉ុណ្ណោះ ហើយ​សម្តេច​បាន​បន្ត​ថា ៖ «ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នឹង​មិន​មាន​ការ​ថយ​ចុះ» នោះ​ទេ ទៅ​អនាគត។

សម្តេច ស ខេង បាន​អះអាង​ដូច្នេះ​ថា ៖ «នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការ​គោរព​ច្បាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ហាក់​បី​ដូចជា​មាន​ការ​ធ្លាក់​ចុះ។ ការពិត​ហើយ យើង​ក៏​ត្រូវ​មើល​កត្តា​ផ្សេង​ទៀត ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ ឧទាហរណ៍ ដូចជា កំណើន​យានយន្ត​ដែល​រហូត​ដល់ ៣០​ភាគរយ នៅឆ្នាំ​២០១៨ ហើយ​ដើម​ឆ្នាំ​២០១៩ មក​ដល់​បច្ចុប្បន្ន​នេះ ចំនួន​នេះ​វា​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត នោះ​ក៏​ជា​កត្តា​មួយ​ដែរ។»

ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ផង​ដែរ​នោះ សម្តេច ស ខេង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ជាទូទៅ គោរព​ច្បាប់​ចរាចរណ៍​ម៉ឺង​ម៉ាត់ ដោយ​រួមទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​ឡាយ​ មិន​ត្រូវ​ជួល​បុគ្គលិក​បើកបរ​ដែល​ប្រើ​ថ្នាំ​ញៀន​នោះ​ទេ។

សម្តេច ស ខេង ក៏​បាន​បន្ទោស​ដល់​មន្រ្តី​ធំៗ​មួយ​ចំនួន​ផងដែរ ដែល​មិន​ពាក់​ខ្សែ​ក្រវាត់​ពេល​បើកបរ ដោយ​អាង​ថា ឡាន​ខ្លួន​ទំនើប។

សម្តេច ស ខេង បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​និយាយ​ឲ្យ​អស់​ទៅ អ្នក​ដែល​គ្រោះថ្នាក់​ អត់​ដាក់​ខ្សែ​ក្រវាត់ ភាគ​ច្រើន គឺ​អ្នក​ធំ​ហ្មង។ ចៅហ្វាយ​ខេត្ត​អស់​ប៉ុន្មាន​ហើយ អត់​ពាក់​ខ្សែ​ក្រវាត់។ និយាយ​ទៅ គាត់​ស្លាប់​អស់​បាត់​ទៅ​ហើយ។»

សម្តេច ស ខេង បាន​និយាយ​ដល់​ករណី​លោក ខាំ ភឿន ចៅហ្វាយ​ខេត្ត​ក្រចេះ ដែល​បាន​ស្លាប់​ដោយសារ​ក្រឡាប់​ឡាន កាលពី​ឆ្នាំ​២០១២ និង​ករណី​លោក ទ្រី ណារិន អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ដែល​បាន​ស្លាប់​ផងដែរ នៅ​ឆ្នាំ​២០១៣ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

កាល​ពី​ឆ្នាំ​២០១៨ អភិបាល​រង​ខេត្ត​ប៉ៃលិន លោកស្រី សោម មុនីរ័ត្ន ក៏​បាន​ស្លាប់​ផងដែរ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ខេត្ត​កំពង់ឆ្នាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក-អឺរ៉ុបវិនិយោគ ៥លានដុល្លារអាមេរិក​ កែប្រែមុខមាត់​«​​រាជាយស្ម័យាន​កម្ពុជា»

ព័ត៌មាន
ក្នុង​ពេល​ដ៏ខ្លីខាងមុខនេះ ការជួសជុល​កែលម្អ​នឹង​ចាប់ផ្ដើម​ធ្វើឡើង ដើម្បី​កែប្រែ​មុខមាត់ថ្មីដល់រាជាយស្ម័យានកម្ពុជា (ស្ថានីយ​រថភ្លើងរាជ​ធាន…

រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ នឹងចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មាន
អស់រយៈពេល៥ ឆ្នាំមកហើយ ដែលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុបត្រូវបានផ្អាក ដោយសារតែប្រទេសថៃមានរដ្ឋប្រហារយោធាកាលពីឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ