យោងតាមអនុប្រធានសភាពាណិជ្ជកម្មថៃលោក ពូច អារាមវឌ្ឍនាណន់ (Poj Aramwattananont) បាននិយាយថា តម្រូវការកម្មករកំពុងកើនឡើងនៅពេលដែល រាជរដ្ឋាភិបាលបានលុបចោលការរឹតបន្តឹងការធ្វើដំណើរ និង អនុញ្ញាតឱ្យអាជីវកម្មដែលងាយឆ្លងកូវីត១៩ ឱ្យបើកដំណើរការឡើងវិញស្ទើរតែទាំងអស់ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក ពូច បាននិយាយថា កម្លាំងពលកម្មត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនដ៏សំខាន់លើវិស័យឧស្សាហកម្មនាំចេញ ការផលិត ការកែច្នៃ និងសំណង់ រហូតដល់វិស័យទេសចរណ៍ និងវិស័យសេវាកម្ម ដែលវាជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសថៃ។ អនុប្រធានសភាពាណិជ្ជកម្មថៃរូបនេះ បានបន្តថា បញ្ហាខ្វះខាតកម្លាំងពលកម្មនេះ ត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ ដោយសារប្រទេសក្បែខាងកម្ពុជាមួយនេះ ត្រូវការពលករបរទេសជាខ្លាំងដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារការរាតត្បាតដោយជំងឺកូវីដ១៩។
នៅពេលដែលរដ្ឋាភិបាលបានប្រកាសថា នឹងបើកប្រទេសពេញលេញដល់ភ្ញៀវទេសចរអន្តរជាតិ ឥឡូវនេះថៃមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងវិស័យសំណង់ ហើយក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និង សេវាកម្មជាច្រើនផងដែរ។
អគ្គនាយកនៃនាយកដ្ឋានការងារថៃ បាននិយាយថា ជំងឺរាតត្បាតបានបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចូលពលករបរទេសពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ប៉ុន្តែ បន្ទាប់ពីការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ និង ការបន្ធូរបន្ថយលើការនាំចូលពលករបរទេសពីប្រទេសទាំងបីនេះ ហើយវាទំនងជាមានភាពងាយស្រួលជាងមុន ជាពិសេសការទទួលយកពលករ ពីប្រទេសមីយ៉ាន់ម៉ា ដែលកម្មករចំនួន១សែននាក់ត្រូវបានគេរំពឹងថា នឹងត្រឡប់ចូលទៅធ្វើការប្រទេសថៃវិញនៅចុងឆ្នាំនេះ។
អគ្គនាយកនៃនាយកដ្ឋានការងារថៃ បញ្ជាក់ថា តាមដែលអាជ្ញាធរទទួលខុសត្រូវបានពិភាក្សារឿងនេះជាមួយប្រតិបត្តិករធុរកិច្ចថៃ ក្រុមធុរកិច្ចថៃទាមទារឲ្យមានការនាំចូលពលករបរទេសប្រមាណជិត ២ សែន ៨ ម៉ឺននាក់ ប៉ុន្តែមកដល់ពេលនេះមានតែប្រហែល ២ ម៉ឺននាក់ប៉ុណ្ណោះដែលបានមកដល់។
ក្រោមកាលៈទេសៈធម្មតា សេដ្ឋកិច្ចរបស់ប្រទេសថៃទាមទារពលករបរទេសប្រហែល ៣ លាននាក់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានពលករចំណាកស្រុកដែលមានឯកសារស្របច្បាប់ចំនួនប្រហែល ២,៥ លាននាក់នៅក្នុងប្រទេស។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយការខ្វះខាតពលករ គណៈរដ្ឋមន្ត្រីថៃកាលពីសប្តាហ៍មុនបានអនុម័តផែនការគ្រប់គ្រងការងារ និង ការអនុញ្ញាតឱ្យកម្មករដែលមានឯកសារការងារពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាស្នាក់នៅរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ អគ្គនាយកនៃនាយកដ្ឋានការងារថៃ បាននិយាយថា ប្រទេសថៃក៏នឹងអនុញ្ញាតឱ្យពលករដែលគ្មានឯកសារការងារ ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចុះឈ្មោះ និងធ្វើការរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ។ លោកបានបន្តថា ជាមួយនឹងផែនការការងារដែលបានធ្វើឱ្យប្រសើរឡើង និងការមកដល់របស់ពលករច្រើនជាងនេះ ប្រទេសថៃអាចនឹងនឹងទទួលបានពលករចំណាកស្រុករហូតដល់ជិត៣លាននាក់នៅដំណាច់ឆ្នាំនេះ៕