Advertisement
Advertisement
ម្រេចកំពត

ម្រេចកំពតនាំចេញឡើងវិញបានជាង ៣តោនហើយ តែនៅដំណើរការនាំចេញហាក់នៅតែមានភាពរអាក់រអួល


ប្រធានសមាគមម្រេចកំពតបានអះអាងថា គិតតាំងពីចាប់ផ្ដើមនាំចេញឡើងវិញកាលពីដើមខែមិថុនា មកទល់ពេលនេះ ម្រេចកំពត ដែលជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នោះ សម្រេចបានការនាំចេញទៅកាន់ទីផ្សារបរទេសបានចំនួនជាង ៣តោនហើយ។ ប៉ុន្ដែ ចំពោះដំណើរការនាំចេញថ្មីៗបន្ថែមទៀតកំពុងស្ថិតនៅស្ថានភាពរអាក់រអួលនៅឡើយ ដោយសារតែកំពុងស្ថិតក្នុងការចរចាទីផ្សារ និងមធ្យោបាយការដឹកជញ្ជូន ព្រោះប្រទេសដែលជាទីផ្សារសំខាន់ៗនៅតែមានរឹតត្បឹតការធ្វើដំណើរ ពិសេសការដឹកជញ្ជូនតាមយន្ដហោះ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ
Advertisement

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេចកំពត​ មកទល់ពេលនេះ ម្រេចកំពត​បាន​នាំចេញ​ទៅកាន់ទីផ្សារ​បរទេស​បានប្រមាណជាង ៣ប៉ុណ្ណោះ នៃ​​ទិន្នផល​ ដែលប្រមូលបាន​នៅឆ្នាំនេះ មាន​ប្រមាណ ៩០ តោនប៉ុណ្ណោះ។

លោកបន្ថែមទៀតថា នៅដើមខែមិថុនានេះ មានក្រុមហ៊ុន​ចំនួន ៣ ប៉ុណ្ណោះ ដែលបាន​បញ្ជាទិញ​ម្រេច​ពីសមាគមម្រេចកំពត ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ពិសេស គឺប្រទេសបារាំង។ ប៉ុន្ដែ នៅប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ការនាំចេញ​ហាក់មានការស្ងប់ស្ងាត់ទៅវិញ​ ដោយសារតែ​វាកំពុង​ស្ថិត​នៅក្នុង​ការចរចា​ទីផ្សារ​បន្ដទៀត ព្រោះវា​មានបញ្ហា​​ប្រឈមច្រើន​លើការដឹកជញ្ជូន ដោយប្រទេស​ប៉ែកអឺរ៉ុប និងអាមេរិក​មានការរឹតត្បិត​ជើងហោះហើរ ហើយមកទល់ពេលនេះ ការចរចា​នេះ នៅមិនទាន់​សម្រេចបាន​អ្វី​ជាផ្លែផ្កានៅឡើយទេ។

ទោះយ៉ាងណា បើតាម​ប្រធានសមាគម​ម្រេចកំពត ក្រៅពីមានក្រុមហ៊ុន​បញ្ជាទិញ​ដែលជា​ធ្លាប់ជាដៃគូ​របស់​សមាគមហើយនោះ បច្ចុប្បន្ននេះ ក៏មាន​ក្រុមហ៊ុន​ថ្មីៗ​មួយចំនួន​ទាក់ទង​មកសមាគម ​ដើម្បី​បញ្ជាទិញ​ម្រេចកំពត​ផងដែរ ប៉ុន្ដែ កំពុងស្ថិតក្នុងដំណាក់កាល​ចរចានៅឡើយ។

ការអូសបន្លាយ​ការនាំចេញ​ម្រេចកំពត​ បាននិងកំពុង​ធ្វើឲ្យ​កសិករ​ម្ចាស់ចម្ការ​ជាច្រើន ពិសេស​ចម្កាស់ចម្ការ​ខ្នាតតូច គឺត្រូវបានបង្ខំចិត្តលក់​ម្រេច​​​របស់ខ្លួន ដែលមាន​គុណភាព​មិនសូវ​ខ្ពស់មួយចំនួន ​ទៅកាន់​ឈ្មួញ​នាំចេញទៅវៀតណាម។ លោក ងួន ឡាយ ប្រធានសមាគម​ម្រេចកំពត​គូសបញ្ជាក់ថា ក្នុងពេលវេលានេះ វាដល់ពេល​ត្រូវ កាប់ភ្លឺ​ទប់ភ្លឺហើយ បានន័យថា កសិករ​ត្រូវបង្ខំចិត្តលក់ម្រេច​របស់ខ្លួន​ចេញខ្លះ ដើម្បី​បានប្រាក់ដោះស្រាយជីវភាព មិនអាចបន្ត​​​រង់ចាំ​លក់​នាំចេញអឺរ៉ុប និងអាមេរិក ដែលមានតម្លៃខ្ពស់បានទេ ពោលគឺមានម្រេចគុណភាព​មិនសូវល្អ​ប្រមាណ ២០ ទៅ៣០តោន បាន លក់ទៅឲ្យឈ្មួញ​ដើម្បីនាំចេញទៅវៀតណាម ក្នុងតម្លៃពី ៧៥០០រៀល ទៅ ដល់ ១ម៉ឺនរៀល ក្នុងមួយគីឡូ​ក្រាម។ ទោះយ៉ាងណា ម្រេច ដែលមានគុណភាពខ្ពស់ ពួកគាត់​នៅតែរក្សាទុក​ រង់ចាំមើល​នាំចេញ​ទៅទីផ្សារអឺរ៉ុប និងអាមេរិកបន្ដទៀត ដោយតម្លៃនាំចេញទៅទីផ្សារ​ទាំងនេះ អាចលក់បាន​រហូតដល់ ១៥ ដុល្លារក្នុងមួយគីឡូ​ក្រាម​សម្រាប់ម្រេចខ្មៅ ខណៈម្រេច​ក្រហម​លក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨​ដុល្លារ​សម្រាប់​ម្រេច​ស។ 

លោក ងួន​ ឡាយ​បញ្ជាក់ថា ការលក់ចេញម្រេច​​កំពត​មួយចំនួន ទៅកាន់ទីផ្សារវៀតណាម​នេះ ក៏អាច​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់បរិមាណនាំចេញ ម្រេចកំពត​ទៅកាន់ទីផ្សារ​អឺរ៉ុប និងអាមេរិកផងដែរ ដោយលោក​រំពឹងថា នៅឆ្នាំនេះ ការនាំចេញ អាចនឹង​មានការធ្លាក់ចុះទាប​ជាងឆ្នាំមុន។

បើតាម​សមាគម​ម្រេច​កំពតកាលពីឆ្នាំ២០១៩ ការនាំចេញ​ម្រេច​កំពត​សម្រេចបាន​ប្រមាណ ៧២ តោន ដោយក្នុងនោះ​ ការនាំចេញ ម្រេចខ្មៅ មានប្រមាណ ៧០% និង៣០% ជាប្រភេទ​ម្រេច​ស និងក្រហម  បើគិតជាទឹកប្រាក់​គឺំ​មានតម្លៃប្រមាណជាង ១លាន​ដុល្លារអាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook ច្រាន​ចោល​ការទាមទារ​ឲ្យ​ចែក​ចំណូល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​នៅប្រទេស​អូស្ត្រាលី

ព័ត៌មាន
ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ​២០២០នេះ បានច្រាន​ចោល​ការអំពាវនាវ​ពីរដ្ឋាភិបាល​អូស្ត្រាលី និង​ក្រុមហ៊ុន​សារព័ត៌មាន...

វិនិយោគិនអូស្ត្រាលីលក់ហ៊ុនចេញពីក្រុមហ៊ុន Jetstar Pacific ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុនអូស្ត្រាលី Qantas ដែលមាននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Jetsta...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ