ពិភពលោកធ្លាប់តែស្ញប់ស្ញែងនឹងសន្ទុះសេដ្ឋកិច្ចថៃ ក្នុងឆ្នាំ១៩៨៨ ដែលសម្រេចបានកំណើនរហូតដល់១៣% ប៉ុន្តែយុគសម័យខ្លាសេដ្ឋកិច្ចសម្រាប់ថៃ ហាក់កំពុងរលត់រលាយហើយ។ ជាក់ស្តែងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ មកនៅត្រឹម១,៦% ប៉ុណ្ណោះ នៅឆ្នាំ២០២៦ ដែលជាសញ្ញាអាសន្នមួយបង្ហាញថា ម៉ាស៊ីនសេដ្ឋកិច្ចថៃ កំពុងដើរដល់ចំណុចទាល់ច្រក។ ធ្លាប់ជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់ដែលមានកំណើនសេដ្ឋកិច្ចពីរខ្ទង់ តែដោយសារការធ្លាក់ចុះសេដ្ឋកិច្ច ការកើនឡើងបំណុលរបស់ពលរដ្ឋ និងការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ថៃត្រូវបានសារព័ត៌មានលំដាប់ពិភពលោក Financial Time ប្រដូចទៅនឹងអ្នកជំងឺដ៏រ៉ាំរ៉ៃមួយនៅតំបន់អាស៊ី។
ការប្រដូចបែបនេះធ្វើឡើងក្រោយថៃមិនត្រឹមតែកំពុងជួបបញ្ហាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែពលរដ្ឋរបស់ខ្លួនក៏កំពុងធ្លាក់ក្នុងអន្ទាក់បំណុលដ៏ធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្នបំណុលរបស់ពលរដ្ឋថៃបានកើនដល់៩០%នៃ GDP ដែលស្ថានភាពនេះបានបង្ហាញឱ្យឃើញថា លុយដែលពលរដ្ឋថៃរកបានស្ទើរតែមិនអាចសងបំណុលគ្រប់។ បញ្ហានេះកំពុងទាញទម្លាក់អំណាចទិញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅតំបន់អាស៊ាននេះឱ្យរួមតូចទៅៗរហូតដល់ថ្នាក់អ្នកសេដ្ឋកិច្ចល្បីៗហៅថាអ្នកជាជំងឺរ៉ាំរ៉ៃ១០ឆ្នាំមិនទាន់ជា។
លោក គីតទី ផនស៊ីវ៉ាគិត (Kitti Pornsiwakit) ប្រធានសមាគមទីផ្សារទេសចរណ៍ថៃបានអះអាងថា ទីផ្សារទេសចរណ៍ និងចំណូលនៅក្នុងវិស័យដែលជាសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ ដោយសារភាពចលាចលនយោបាយ។
ជាមួយគ្នានេះលោក ភីផាត លឿងណារូមីឆៃ (Pipat Luengnaruemitchai) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់បានព្រមានថា អ្វីៗគ្រប់យ៉ាងរបស់ថៃកំពុងដួលរលំ ហើយមកទល់ពេលនេះថៃហាក់ដូចជាមិនទាន់មានក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីនៅឡើយទេ។
នៅពេលនេះសញ្ញានៃភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចកំពុងកើនឡើងនៅក្នុងប្រទេសថៃ ខណៈដែលវិស័យធនាគារកំពុងមានការព្រួយបារម្ភអំពីកំណើនឥណទានមិនដំណើរការ ទីផ្សារអចលនទ្រព្យកំពុងស្ថិតក្នុងការប្រឈមនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ហើយអតិផរណាបានប្រែជាអវិជ្ជមានកាលពីឆ្នាំមុន ខណៈដែលទីផ្សារភាគហ៊ុនក៏កំពុងរង្គោះរង្គើ៕
ដោយៈ សរ សុជាតិ