
ប្រទេសថៃ ដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាប្រទេសខ្លាសេដ្ឋកិច្ចនៅអាស៊ី កំពុងជួបបញ្ហានៃការស្រុតចុះ និងសម្រេចបានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បើធៀបនឹងសន្ទុះកំណើនរបស់ប្រទេសផ្សេងៗនៅក្នុងតំបន់។ ជាមួយកំណើនដែលបានព្យាករត្រឹមតែ២,៨% នៅឆ្នាំ២០២៥ ថៃកំពុងប្រឈមមុខនឹងសម្ពាធ និងបញ្ហាចាក់ស្រេះជាច្រើន ជាពិសេសបញ្ហាបំណុលមិនដំណើរការ និងបំណុលរបស់ពលរដ្ឋកើនឡើង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើងមិនលើសពី ៣,៣%ឡើយ នៅក្នុងឆ្នាំ២០២៥ នេះ។ ស្ថាប័នស្រាវជ្រាវនេះ បានលើកឡើងថា កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំនេះអាចសម្រេចបានទាបបំផុតក្នុងរង្វង់២,៣% និងខ្ពស់បំផុត៣,៣% ខណៈកម្រិតមធ្យមភាគមានក្នុងរង្វង់២,៨% ប៉ុណ្ណោះ។
អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចថៃ អាចឆ្អែតនឹងកំណើន ហើយបើធៀបនឹងសន្ទុះកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេស ដែលមានស្ថានភាពប្រជាជន និងសក្តានុពលសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់ ឃើញថា កំណើនសេដ្ឋកិច្ចថៃ ពិតជាពិបាកក្នុងការទទួលបានឋានៈជាប្រទេសខ្លាសេដ្ឋកិច្ចនៅអាស៊ី។
នៅក្នុងឆ្នាំ២០២៥ នេះ ប្រទេសដែលមានសន្ទុះកំណើនសេដ្ឋកិច្ចជាងគេនៅក្នុងតំបន់ គឺវៀតណាមក្នុងអត្រា៦,៦% ខណៈកាលពីឆ្នាំ២០២៤ វៀតណាមសម្រេចបានកំណើន៦,៤%។ ងាកទៅមើលហ្វីលីពីនឯណោះវិញ ក៏មិនធម្មតាដែរ ដោយនៅឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចរបស់ហ្វីលីពីន ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,២% ខណៈកម្ពុជា រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦%។
គម្លាតកំណើនសេដ្ឋកិច្ចជាមួយប្រទេសនៅក្នុងតំបន់នេះ បានបង្ហាញពីបញ្ហាប្រឈមមួយរបស់ថៃ ក្នុងការរក្សាភាពប្រកួតប្រជែងជាបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីបញ្ហាខាងក្រៅ បញ្ហាក្នុងស្រុកដែលធ្វើឲ្យថៃ ស្ថិតក្នុងស្ថានភាពនេះ គឺបញ្ហាបំណុលគ្រួសាររបស់ពលរដ្ឋថៃ បានកើនឡើងលើស៩០% នៃផលិតផលក្នុងស្រុកសរុប ដែលរារាំងយ៉ាងខ្លាំងដល់ផែនការចំណាយរបស់អ្នកប្រើប្រាស់ ការរីកប៉ោងឡើងនូវវិសមភាពប្រាក់ចំណូល និងការធ្លាក់ចុះការវិនិយោគពីវិស័យឯកជន៕
ដោយៈ សរ សុជាតិ