ទោះបីជាមានការរាយការណ៍ថា ប្រទេសថៃ ជាច្រកនាំចេញដ្រូនពីប្រទេសចិន ទៅកាន់រុស្ស៊ីក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រទេសថៃ នៅតែមិនទាន់ត្រូវបានគេដាក់បញ្ចូលឈ្មោះជាផ្លូវការថា ជាច្រកផ្លូវនាំចេញដ្រូនទៅកាន់ប្រទេសរុស្ស៊ីច្រើននៅឡើយ។ ទោះយ៉ាងណាក្ដី ការវិភាគទិន្នន័យខាងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញថា ការនាំចេញយន្តហោះដ្រូនរបស់ប្រទេសថៃ ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២២ ពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាឱ្យឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ ដែលនេះ គឺស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ជាមួយការកើនឡើងនៃការនាំចូលទំនិញប្រភេទនេះ ពីប្រទេសចិនចូលក្នុងប្រទេសថៃ ។
ប្រភពព័ត៌មានដែលដឹងច្បាស់អំពីរឿងនេះនិយាយថា មន្ត្រីអ៊ុយក្រែនក៏បានសង្កេតឃើញនិន្នាការនេះដូចគ្នាដែរ។
ក្រុងប៉េកាំងនិយាយថា ខ្លួនមិនបានជួយរុស្ស៊ីលើផ្នែកយោធាទេ តែយ៉ាងណាក្ដី បច្ចេកវិទ្យាផលិតនៅប្រទេសចិននេះ តែងតែត្រូវបានប្រទះឃើញជាញឹកញាប់នៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការដឹកជញ្ជូនដ្រូនឆ្លងកាត់ប្រទេសថៃនេះទេ ប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថា ប្រទេសចិនពិតជាបានគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ប្រទេសរុស្ស៊ីបាននាំចូលដ្រូន ចំនួន ២៥លានគ្រឿងពីប្រទេសថៃ ដែលស្មើនឹង ៨៨% នៃការនាំចេញដ្រូនសរុបរបស់ប្រទេសថៃ និងច្រើនជាងឆ្នាំមុនដល់ទៅ ៨ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រយៈពេលដូចគ្នានេះ ប្រទេសចិនបាននាំចេញដ្រូនចំនួន ៨៦លានគ្រឿងមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដែលចំនួននេះ ស្ទើរតែទាំងអស់ ត្រូវបាននាំចេញមកកាន់ប្រទេសថៃ៕
អត្ថបទៈ សួន ឡង់ទី