រដ្ឋាភិបាលអាមេរិកព្រមានប្រជាជនមិនឱ្យធ្វើដំណើរទៅប្រទេស២០លើពិភពលោក!

រដ្ឋាភិបាលអាមេរិកព្រមានប្រជាជនខ្លួនកុំឱ្យធ្វើដំណើរទៅប្រទេសចំនួន២០ ពិសេសប្រទេសអ៊ីរ៉ង់


សហរដ្ឋអាមរិក និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានឈានដល់កិច្ចព្រមព្រៀងការទូតចុងក្រោយមួយ ដោយព្រមដោះលែងអ្នកទោសអាមេរិកប្រាំនាក់។ អ្នកទោសសញ្ជាតិអាមេរិកទាំងនោះបានទៅដល់ទឹកដីកំណើតដោយសុវត្តិភាព ក្រោយជាប់ឃុំក្នុងគុកប្រទេសអ៊ីរ៉ង់ជាច្រើនឆ្នាំ។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយសាទរចំពោះដំណឹងនេះ និងបានព្រមានប្រជាជនអាមេរិកមិនឱ្យធ្វើដំណើរទៅប្រទេសមជ្ឈឹមបូព៌ានេះទៀតទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo។
រដ្ឋាភិបាលអាមេរិកព្រមានប្រជាជនមិនឱ្យធ្វើដំណើរទៅប្រទេស២០លើពិភពលោក!
ដោយ

យោងតាមការគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអាមេរិក ការឃុំខ្លួនជនជាតិអាមេរិកពីសំណាក់អ៊ីរ៉ង់ធ្វើឡើងដោយគ្មានមូលហេតុ។ ក្រសួងកាបរទេសបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋអាមេរិកជាបួនកម្រិតទៅតាមការកើនឡើងនៃឧក្រិដ្ឋកម្ម ការព្រមានអំពីសុខភាព និងភាពចលាចលទៅតាមប្រទេសនីមួយៗដែលមាន។ ការណែនាំទាំងបួននោះមានកម្រិតទី១៖ប្រទេសធ្វើដំណើរប្រុងប្រយ័ត្នធម្មតា ២៖ការធ្វើដំណើរដោយបង្កើនការប្រុងប្រយ័ត្ន ៣៖ពិចារណាឡើងវិញអំពីការធ្វើដំណើរ និង៤៖ប្រទេសដែលកុំធ្វើដំណើរសោះ។
អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោម១៩ផ្សេងទៀត ដែលរដ្ឋាភិបាលអាមេរិកណែនាំមិនឱ្យធ្វើដំណើរទៅ។ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៨០មក បន្ទាប់ពីអ៊ីរ៉ង់បានចូលកាន់កាប់ស្ថានទូតអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន ប្រទេសទាំងពីរក៏នៅបន្តមានភាពតានតឹងនឹងគ្នាជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។

រុស្ស៊ីក៏ស្ថិតក្នុងបញ្ជីប្រទេសដែលអាមេរិកមិនឱ្យធ្វើដំណើរដែរ។ ក្រសួងការបរទេសបានព្រមានពលរដ្ឋអាមេរិកឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែផលវិបាកសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលអាចនាំឱ្យមានការឃុំខ្លួន និងការយាយីដែលអាចកើតមាន។ ទំនាក់ទំនងការទូតរវាងអាមេរិកនិងរុស្ស៊ីស្ថិតនៅចំណុចទាបបំផុត។ កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានបណ្តេញអ្នកការទូតអាមេរិកពីររូបចេញ ពីបទរក្សាទំនាក់ទំនងជាមួយពលរដ្ឋរុស្ស៊ីម្នាក់ដែលគេជឿថា ជាអ្នកផ្តល់ព័ត៌មានឱ្យទីក្រុងវ៉ាស៊ីនតោន។
មួយទៀតគឺប្រទេសនីហ្សេ។ ក្រសួងការបរទេសអាមេរិកបានព្រមានប្រជាជនខ្លួនថា អ្នកដំណើរគួរតែពិចារណាមុននឹងទៅនីហ្សេ ដោយសារឧក្រិដ្ឋកម្ម ភេរវកម្ម និងការចាប់ជំរិត។ រដ្ឋប្រហារនៅខែសីហានៅក្នុងប្រទេសនេះបាននាំឱ្យមានភាពចលាចលនយោបាយ និងការតវ៉ាប្រឆាំងទូទាំងរាជធានី។ ពលរដ្ឋអាមេរិកាំងទាំងអស់ត្រូវបានជម្លៀសចេញពីនីហ្សេ បន្ទាប់ពីស្ថានទូតបារាំងនៅទីក្រុងនីញ៉ាម៉េ (Niamey) ត្រូវបានក្រុមបាតុករវាយប្រហារ។
មិនខុសគ្នានោះទេ ប្រទេសស៊ូដង់ខាងត្បូងក៏ជាប្រទេសដែលពលរដ្ឋអាមេរិកមិនត្រូវធ្វើដំណើរទៅដែរ។ ជនជាតិអាមេរិកត្រូវបានព្រមានដោយក្រសួងការបរទេសឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដោយសារហានិភ័យនៃឧក្រិដ្ឋកម្ម ការចាប់ជំរិត និងជម្លោះប្រដាប់អាវុធ។ ក្នុងនោះ អ្នកសារព័ត៌មានក៏ត្រូវបានព្រមានមិនឱ្យរាយការណ៍ពីប្រទេសស៊ូដង់ខាងត្បូងទៀតផង បើគ្មានឯកសារបញ្ជាក់ផ្លូវច្បាប់។ បើគ្មានឯកសារទាំងនេះ ការរាយការណ៍ត្រូវបានចាត់ទុកការជាខុសច្បាប់។
យោងតាមក្រសួងការបរទេសអាមេរិក អ្នកកាសែតជាទៀងទាត់តែងត្រូវបានយាយីនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ហើយភាគច្រើនបាត់បង់ជីវិតនៅពេលកំពុងរាយការណ៍ព័ត៌មាន។ ក្រៅពីប្រទេសទាំងនេះ សូម៉ាលី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប៊ូគីណាហ្វាសូ ហៃទី បេឡារុស្ស កូរ៉េខាងជើង មីយ៉ាន់ម៉ា វ៉េណេស៊ុយអេឡា ស៊ីរី លីប៊ី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន អ៊ុយក្រែន ស៊ូដង់យេម៉ែន ក៏សុទ្ធសឹងជាប្រទេសឋិតក្នុងចំណោមការហាមឃាត់ធ្វើដំណើររបស់រដ្ឋាភិបាលដែរ៕




អត្ថបទបន្ទាប់


សមាជិកសភាអាមេរិកជំរុញឲ្យពិនិត្យសន្តិសុខឡើងវិញលើក្រុមហ៊ុនផលិតអាគុយពាក់ព័ន្ធនឹងចិន

ព័ត៌មាន
សមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋបានជំរុញឱ្យក្រសួងហិរញ្ញវត្ថុអាមេរិកពិនិត្យមើលសុវត្ថិភាពឡើងវិញទៅលើកម្មសិទ្ធិ ដែលមានទំនាក់ទំនងនឹងក្រុម…

អ្នកឧកញ៉ា លាង ម៉េង អះអាងថា ទ្រព្យសកម្មធនាគារ ជីប ម៉ុង នៅតែបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងជួបឧបសគ្គក្ដី

ព័ត៌មាន
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានអះអាងច្បាស់ៗថា ទ្រព្យសកម្មរបស់ធនាគារ ជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ