
ថៃ ដែលកំពុងរងសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក គ្រោងបង្កើនការបញ្ជាទិញឧស្ម័នធម្មជាតិ ពីសហរដ្ឋអាម៉េរិក ឱ្យឈានដល់ជាង២លានតោនក្នុងមួយឆ្នាំ ខណៈកន្លងមកប្រទេសនេះបាននាំចូលឧស្ម័នពីអាម៉េរិកត្រឹមតែ១លានតោនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ជនញ៉ាវេជរ៉ា (Pichai Chunhavajira)បានអះអាងថា គម្រោងបង្កើនការបញ្ជាទិញឧស្ម័នពីអាម៉េរិកនេះ ស្ថិតក្នុងចំណោមវិធានការមួយចំនួន ដែលរដ្ឋាភិបាលថៃ ដាក់ចេញដើម្បីកាត់បន្ថយទំហំអតិរេកពាណិជ្ជកម្មលើសហរដ្ឋអាម៉េរិក។ ថៃរំពឹងថា តាមរយៈវិធានការនេះនឹងអាចអន្ទងចិត្តក្រុងវ៉ាស៊ីនតោន ឱ្យទន់ចិត្តក្នុងការកាត់បន្ថយពន្ធបដិការ៣៦% ដែលប្រទេសនេះដាក់មកលើថៃ។
បច្ចុប្បន្នថៃ បាននាំចូលឧស្ម័នធម្មជាតិប្រមាណ១០លានតោនក្នុងមួយឆ្នាំ ដោយភាគច្រើនមកពីមជ្ឈិមបូព៌ា សម្រាប់បំពេញខ្សែច្រវាក់រោងចក្រថាមពល និងការប្រើប្រាស់ផ្សេងៗទៀតនៅក្នុងប្រទេស ក្នុងនោះការនាំចូល១លានតោនពីសហរដ្ឋអាម៉េរិក គឺមានតម្លៃប្រមាណជា៥០០លានដុល្លារ។
លោក ភិឆៃ ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះបានពិភាក្សាពីជំហានផ្សេងទៀត ដែលថៃនឹងស្នើឡើងនៅពេលខ្លួនបើកការចរចាពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន ឡើងវិញ។ កិច្ចពិភាក្សាត្រូវបានពន្យារពេលចាប់ពីថ្ងៃទី២៣ ខែមេសា បន្ទាប់ពីក្រុងវ៉ាស៊ីនតោន ស្នើឱ្យទីក្រុងបាងកក ដោះស្រាយបញ្ហាមិនជាក់លាក់មួយចំនួន។
ទន្ទឹមនឹងការចរចារជាមួយសហរដ្ឋអាម៉េ រិកនេះ ការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ ឯណោះវិញ កំពុងដាក់គោលដៅជំរុញ និងពង្រីកទីផ្សារនាំចេញផលិតផលស្បៀងអាហារទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក ស្របពេលពិភពលោកកំពុងជាប់ផុងនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក។
លោក ផុនភុង ណៃយ៉ាណាផាកន (Poonpong Naiyanapakorn) អគ្គនាយកនៃការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ បានអះអាងថា អ្នកជំនាញកំពុងស្ទាបស្ទង់ និងពិនិត្យពីកាលានុវត្តភាពនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។ កាលពីឆ្នាំ២០២៤ ថៃអាចនាំចេញស្បៀងអាហារទៅសហរដ្ឋអាម៉េរិក ត្រឹមតែ៤,៧ពាន់លានដុល្លារប៉ុណ្ណោះ ដោយផលិតផលចម្បងរួមមានអង្ករ ត្រីធូណា ទឹកផ្លែឈើ និងបន្លែ អាហារ និងគ្រឿងសមុទ្រកែច្នៃ៕
ដោយៈសរ សុជាតិ