ប្រាក់ឈ្នួលអប្បបរមា

គម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមានៅថៃនៅតែប្រទាំងប្រទើស ទោះគណរដ្ឋមន្រ្តីទទូចឱ្យមានការដំឡើង


ទោះបីជាគណៈរដ្ឋមន្រ្តីថៃ បានដុតដៃដុតជើងជំរុញឲ្យគ្រប់ភាគីគិតគូអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក៏ដោយ ក៏នៅពេលនេះការចរចារនៅក្នុងចំណោមអ្នកពាក់ព័ន្ធហាក់ ដូចជាប្រទាំងប្រទើសខ្លាំង ដែលនាំឲ្យការចរចារកំពុងស្ថិតនៅក្នុងស្ថានភាពតឹងតែង។ ខាងរដ្ឋាភិបាលស្នើឱ្យដំឡើងប្រមាណជា២,៣% ខណៈដែលខាងវិស័យឯកជនព្រួយបារម្ភថា ការស្នើនេះអាចនឹងបង្កហានិភ័យដល់អាជីវកម្មរបស់ពួកគេ។
ប្រាក់ឈ្នួលអប្បបរមា
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅប្រទេសថៃ នៅមិនទាន់ទៅមុខរួចនៅឡើយទេ បើទោះបីជាសហព័ន្ធឧស្សាហកម្មថៃ គាំទ្រសំណើរដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃតាមយន្តការ ដែលលើកឡើងដោយគណៈកម្មាធិការត្រីភាគីថ្នាក់ជាតិក៏ដោយ។

នៅក្នុងការពិភាក្សាកាលពីថ្ងៃអង្គារ៍ ភាគីពាក់ព័ន្ធបានផ្ទុះមតិខ្វែងគំនិតគ្នា ដោយខាងគណៈរដ្ឋមន្ត្រីកំពុងទាមទារឱ្យមានការពិចារណាឡើងវិញនូវការបង្កើនចំនួន២,៣% ដើម្បីផ្គូរផ្គង ក៏ដូចជាបង្កលក្ខណៈអំណោយផលឱ្យសេដ្ឋកិច្ចមានស្ថានភាពល្អប្រសើរ។ បើតាមការលើកឡើងរបស់លោក ភីផាត រ៉ាតឆាគិតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារ ការស្នើនេះនឹងធ្វើឱ្យប្រាក់ឈ្នួលកម្មករឡើងពី២ទៅ១៦បាត នៅក្នុង១ថ្ងៃ អាស្រ័យទៅតាមទីតាំងរោងចក្រ។

ពាក់ព័ន្ធនឹងគោលនយោបាយដំឡើងប្រាក់ឈ្នួលរបស់កម្មករនេះ គណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលចម្រុះមុននេះ បានស្នើឱ្យដំឡើងប្រាក់ឈ្នួលដល់៦០០បាត ក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ដោយចាប់ផ្តើមពីការដំឡើងដល់៤០០បាត នៅឆ្នាំក្រោយ។ នៅពេលនេះតម្លៃប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងទីក្រុងបាងកក គឺមានចំនួន៣៥៣បាត ខណៈកម្មករនៅខេត្តឈុនបូរី ទទួលបាន៣៥៤បាតក្នុងមួយថ្ងៃ ហើយកម្មករនៅតាមខេត្តផ្សេងៗទទួលបានអត្រាទាបជាងនេះ។

លោក គ្រៀនក្រៃ ធៀនូគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ប្រសិនបើរដ្ឋាភិបាលចង់ដំឡើងប្រាក់ឈ្នួលដល់៤០០បាតក្នុងមួយថ្ងៃ វាត្រូវតែ ឆ្លងកាត់ការពិភាក្សាអំពីបញ្ហានេះជាមួយគណៈកម្មាធិការប្រាក់ឈ្នួល ដោយគណៈកម្មាធិការនេះមានតំណាងមកពីនិយោជក និយោជិត និងរដ្ឋាភិបាល។

លោកអះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបានព្រមានមុននេះថា ការឡើងប្រាក់ឈ្នួលឱ្យដល់៤០០បាតក្នុងមួយថ្ងៃ វានឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងការងារនៅក្នុងប្រទេសថៃ។

លោកបានអះអាងថា ពាក់កណ្តាលនៃឧស្សាហកម្មចំនួន៤៦ ដែលជាសមាជិករបស់សហព័ន្ធឧស្សាហកម្មថៃ គឺពាក់ព័ន្ធនឹងការផលិត ដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ដូច្នេះប្រសិនបើប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃកើនឡើង សហគ្រិនប្រហែលជាមិនអាចបើកប្រាក់បៀវត្សរ៍ដល់កម្មករបាននោះទេ។

លោកបានបន្តថា ឧស្សាហកម្មដែលកំពុងតែត្រដខ្យល់ទាំងនេះរួមមាន នៅក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង ម៉ូដ និងកែច្នៃអាហារ។ សហព័ន្ធព្រួយបារម្ភថា អាជីវកម្មមួយចំនួនអាចនឹងត្រូវបិទទ្វារ ខណៈខ្លះទៀតប្រហែលជាត្រូវផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសជិតខាង។

ដោយឡែក លោក ភីជិត ប្រាសូប្រាត (Apichit Prasoprat )អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយមុននេះថា រដ្ឋាភិបាលត្រូវតែពិចារណាដោយប្រុងប្រយ័ត្ននូវផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ព្រោះវាអាចធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម(SMEs)មានបញ្ហាបន្ថែមទៀត។ លោកបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ បន្ទាប់ពីជំងឺរាតត្បាត ស្របពេលឆ្នាំនេះក្រុមហ៊ុនផលិតជាច្រើនកំពុងប្រឈមមុខនឹងការនាំចេញចុះខ្សោយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិន-វៀតណាមឯកភាពកសាងជោគវាសនាអនាគតរួម និងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាង៣០

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានយល់ព្រមកសាងជោគវា…

ស្រីលង្កា និងបង់ក្លាដែស ទទួលបានថវិកាសង្គ្រោះស្រោចស្រង់សេដ្ឋកិច្ចជាង១ពាន់លានដុល្លារ ពី IMF

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួននៅថ្ងៃទី១២ ខែធ្នូ បានពិនិត្យមើលឡើងវិញរួចហើយនូវកញ្ចប់ថវិកាសង្គ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ