
កាសែតថៃ The Nation បានចុះផ្សាយថា ការពន្យារពេលកិច្ចប្រជុំ RBC របស់ភាគីថៃនេះ គឺដោយសារកម្ពុជា មិនបានបង្ហាញផែនការសកម្មភាពច្បាស់លាស់លើការដកអាវុធធុនធ្ងន់ និងបោសសម្អាតមីននៅតាមព្រំដែន។ តែយ៉ាងណាអ្នកជំនាញកម្ពុជា បានចាត់ទុកការសុំពន្យារពេលរបស់ភាគីថៃនេះ គ្រាន់តែជាលេសដើម្បីរត់គេចពីកំហុស ដែលថៃ បានប្រព្រឹត្តជាច្រើនមកលើពលរដ្ឋខ្មែរ ដូចនេះថៃ ខ្លាចចាញ់ប្រៀបកម្ពុជា ក្នុងពេលចរចាមានតែពន្យារពេលកិច្ចប្រជុំប៉ុណ្ណោះ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា កម្ពុជា មិនអាចធ្វើតាមការចង់បានរបស់ថៃ ទាំងស្រុងនោះទេ ជាក់ស្ដែងដូចជាការដកអាវុធធុនធ្ងន់ និងបោសសម្អាតមីនតាមព្រំដែនជាដើម ព្រោះវាជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងមិនត្រូវយល់ព្រមជាមួយការស្នើសុំរបស់ថៃ នោះឡើយ។ បើតាមអ្នកជំនាញរូបនេះ ការដែលថៃ សុំពន្យារពេលចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ ថៃ កំពុងមានលេស ខណៈខ្លួនបានប្រព្រឹត្តិទោសកំហុសជាច្រើនមកលើកម្ពុជា។ តែយ៉ាងណា ដើម្បីឱ្យជម្លោះតាមព្រំដែនទាំងសងខាងត្រឡប់មកភាពដើមវិញ លុះត្រាតែអន្តរជាតិ កោះហៅភាគីទាំងសងខាង ឡើងកាត់សេចក្ដី និងសម្រេចក្ដីដោយយោងតាមច្បាប់ និងសន្ធិសញ្ញាដែលមានស្រាប់។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ភាគីថៃ ហាក់មិនមានសុចរិតភាពនោះឡើយ ដោយកាលពីប្រជុំកន្លងទៅភាគីថៃ តែងតែមានលេស និងដាក់សំណើស្មុគស្មាញជាដើម។ អ្នកជំនាញរូបនេះសង្កេតឃើញថា ថៃ នៅតែបណ្ដុះមហិច្ឆតាឈ្លានពានលើកម្ពុជា ដូចនេះការចូលតុចរចាដោះស្រាយបញ្ហាព្រំដែនហាក់មានភាពលំបាក។ តែយ៉ាងណាសម្រាប់អ្នកជំនាញរូបនេះ ដំណោះស្រាយនៅតែមានគ្រាន់តែមានភាពស្មុគស្មាញ និងត្រូវការពេលវេលាច្រើនប៉ុណ្ណោះ។ តែយ៉ាងណា លោកបណ្ឌិតយល់ថា កម្ពុជា ត្រូវតែពង្រឹងខ្លួនបន្ថែមទៀត ដើម្បីអាចការពារខ្លួន ព្រោះការរង់ចាំឱ្យអន្តរជាតិ មកជួយ ទំនងជាមិនអាចទាន់ពេលវេលានោះទេ ហើយក៏មិនត្រូវឱ្យថៃ ធ្វើអ្វីតាមតែចិត្តនោះដែរ។
បើតាមក្រសួងការពារជាតិ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃវិញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះយោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា