Advertisement
ទីផ្សារសាច់ជ្រូកកម្ពុជា​

សាច់ជ្រូកនៅកម្ពុជាហក់ឡើងថ្លៃ ក្រោយពេលវៀតណាមឈប់នាំចូលមក និងបញ្ជាទិញពីកម្ពុជាត្រឡប់ទៅវិញ!


សមាគមចិញ្ចឹមជ្រូកកម្ពុជា បានអះអាងថា តម្លៃជ្រូកលើទីផ្សារ សព្វថ្ងៃនេះ កំពុងឡើងថ្លៃខ្លាំង ហើយចាប់ពីម៉ោងនេះទៅ ក៏មិនមានសញ្ញាថយចុះដែរ ដោយសារតែ វៀតណាមបានផ្អាកការនាំចូលជ្រូកមកកម្ពុជា ព្រោះវៀតណាម ក៏កំពុងមានតម្រូវការសាច់ជ្រូកខ្លាំងដែរ។ ហេតុនេះ មួយរយៈចុងក្រោយនេះ កម្ពុជា បានពឹងផ្អែកខ្លាំងទៅលើជ្រូកនាំចូលពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមានឈ្មួញពីវៀតណាមក៏បាននិងកំពុងបញ្ជាទិញសាច់ជ្រូកពីកម្ពុជា ដែលបាននាំចូលមកពី ប្រទេសថៃនោះ បន្តនាំចូលទៅលក់វៀតណាមវិញទៀតផង។
កសិករ​ចិញ្ចឹម​ជ្រូក​សាច់​នៅ​កម្ពុជា​ត្អូញត្អែរ​រឿង​ជ្រូក​ធ្លាក់​ថ្លៃ និង​ដង្ហោយ​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល។ នៅ​វៀតណាម ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ប្រធានសមាគមចិញ្ចឹម​ជ្រូកកម្ពុជា លោក ស្រុន ពៅ បានបញ្ជាក់ប្រាប់ខេមបូណូមីស ថា តម្លៃជ្រូកពិតជា​បានងើប​ឡើងថ្លៃខ្ពស់​មែននាពេលថ្មីៗនេះ ដោយ​តម្លៃជ្រូករស់មួយ​គីឡូក្រាម បានកើនឡើង​ថ្លៃដល់ទៅ ជាង១ម៉ឺនរៀល​ទៅហើយ។ លោក ស្រុន ពៅបន្តថា បានជាតម្លៃជ្រូកក្នង​ស្រុកមានការកើន​ឡើងថ្លៃខ្លាំង​យ៉ាងដូច្នេះ គឺដោយសារតែ បច្ចុប្បន្ន កម្ពុជាយើង​មានការចិញ្ចឹម​ជ្រូកក្នុង​ស្រុកតិចតួច ហើយកន្លងមក គឺធ្លាប់ពឹង​ផ្អែកការនាំចូល​ជ្រូកពី​ប្រទេសថៃ និងវៀតណាម តែក្រោយពី​វៀតណាម​កើតមាន​ការរាតត្បាត​ជំងឺប៉ះ​ជ្រូកអាហ្វ្រិក បានធ្វើឲ្យវៀតណាម​មានការផ្គត់ផ្គង់​សាច់ជ្រូក​ធ្លាក់ចុះ ហើយតម្លៃជ្រូកវៀតណាម​ក៏បានហក់ឡើង​ថ្លៃខ្ពស់ដែរ ធ្វើឲ្យវៀតណាមមិនមាន​លទ្ធភាព​នាំចូល​មកកម្ពុជា​បានបន្តទៀតទេ។ 

លោក ពៅ បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាកំពុងមាន​ការនាំចូលជ្រូក​តែពីប្រទេសថៃ ប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ប៉ុន្ដែ បែរជា​ឈ្មួញបន្តយក​សាច់ជ្រូក​ដែលនាំចូល​ពីប្រទេស​ថៃនោះ ទៅលក់បន្តទៅ​ឲ្យវៀតណាម​ទៀត ព្រោះវៀតណាមតម្លៃជ្រូក​នៅវៀតណាម​មានតម្លៃខ្ពស់។

«បញ្ហាជ្រូក​ស្រុកខ្មែរយើង​សព្វថ្ងៃហ្នឹង គឺខ្វះជាងពាក់កណ្ដាល​ បានន័យថា​កសិករ​យើង​ដួលអស់ហើយ ចិញ្ចឹមវាមិនបាន ​ទី១។ ទី២ គឺជ្រូកដែលយកទៅវៀតណាម​ ភាគច្រើន​យកពីថៃ ពីថៃទៅវៀតណាម ដូច្នេះ នៅប្រទេសវៀតណាម ក៏ថ្លៃ នៅ​ថៃក៏ថ្លៃ។ ចឹងពីថ្ងៃនេះទៅ អត់មានរឿងចុះ [តម្លៃជ្រូក] មានរឿងតែឡើងរហូត ព្រោះ​ជ្រូក​នៅប្រទេសជិតខាង​យើង​វាឡើង​ដែរ។» ប្រសាសន៍​របស់​លោក ស្រុន ពៅ។

ម្ចាស់សិប្បកម្ម​កែច្នៃសាច់ជ្រូក បាន​ប្រាប់​ខេមបូណូមីស ដោយស្នើសុំមិន​បញ្ចេញឈ្មោះ ថា សាច់ជ្រូកកំពុង​ឡើងថ្លៃខ្លាំង គឺបានឡើងថ្លៃ​ចាប់តាំង​ពីក្រោយ​ពិធីអុំទូករួចមក។ ពោលគឺ តែមកទល់ពេលនេះ គឺបានឡើងថ្លៃ​ដល់ទៅ ១៥.០០០ រៀលហើយ​ក្នុងមួយគីឡូក្រាម។

«សាច់ជ្រូកតាំង​ពីអុំទូកមក ឡើងថ្លៃគំហុកម៉ង មើល៍ ឡើងដល់ ៤.០០០ [រៀល]ហើយ មួយគីឡូ។ ពីមុន ទិញតែមួយគីឡូ ១១.០០០ [រៀល] ទៅ ១១.៥០០ អីទេ ឥឡូវឡើងដល់ ១៤.៥០០ ទៅ១៥.០០០ ហើយហ្នឹង! ហើយអត់មាន​សាច់ល្អឲ្យ​យើងទៀត»។ ការលើកឡើង​របស់​ម្ចាស់​សិប្បកម្មកែច្នៃ​សាច់ជ្រូក។

ម្ចាស់សិប្បកម្មកែច្នៃ សាច់ជ្រូករូបនេះ បានបញ្ជាក់ទៀតថា សាច់ជ្រូកឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម​របស់គាត់ ហើយក៏ពិបាក​នឹងរកទិញដែរ ដោយសារតែ​សាច់ជ្រូក​មិនសូវជា​សម្បូរដូចមុនឡើយ។

គួរបញ្ជាក់ថា បើតាមសមាគមចិញ្ចឹមជ្រូក សព្វថ្ងៃនេះ ការចិញ្ចឹមជ្រូក​នៅក្នុងស្រុក​របស់កម្ពុជាយើង គឺនៅមានតែ​ក្រុមហ៊ុនធំៗ និងកសិដ្ឋានធំៗ​ប៉ុណ្ណោះ រីឯការចិញ្ចឹម​ខ្នាតតូច និងមធ្យម គឺបានដួល​អស់ហើយ។

Advertisement

តើហេតុអ្វី បានជាវៀតណាមសម្រុកនាំចូលជ្រូកខ្លាំងយ៉ាងដូច្នេះ? ដើម្បីអ្វី?

គឺដើម្បីបំពេញ​តម្រូវការក្នុងស្រុក ដែលអាច​ប្រឈម​នឹងការខ្វះខាត ដោយសារតែ កន្លមកមានការ​រាតត្បាត​នៃជម្ងឺប៉េស្តជ្រូក ធ្វើឲ្យ ការផ្គត់ផ្គង់​ក្នុងស្រុក​ធ្លាក់ចុះ និងនិន្នាការ​កើនឡើង តម្រូវ​ការសាច់ជ្រូក​ខ្លាំង នាឱកាសបុណ្យ​ចូលឆ្នាំវៀតណាម ដែលកាន់តែខិត​ជិតមកដល់ នាពេលខាងមុខ។ នេះបើយោងតាម​ការចេញផ្សាយ របស់សារព័ត៌មាន​ក្នុងស្រុក​វៀតណាម។

លោក ហួង អាញ ធួន អនុប្រធាននាយកដ្ឋាន​ទីផ្សារក្នុងស្រុក​វៀតណាម​នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានអះអាង​ក្នុងសារព័ត៌មាន​ក្នុងស្រុកវៀតណាមថា« ការនាំចូលសាច់​ជ្រូកនេះ គឺដើម្បីការពារ អាជីវកម្ម កសិករ និងអ្នកប្រើប្រាស់​វៀតណាម ហើយការនាំចូលនេះ ដើម្បីធានាការផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ នាឱកាសបុណ្យ​ចូលឆ្នាំ​វៀតណាម នាពេលខាងមុខ។»

Advertisement

លោក ង្វៀន សួន ឌួង ប្រធានស្តីទី​នៃនាយកដ្ឋានផលិតកម្ម​បសុសត្វនៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បានមានប្រសាសន៍ថា ការនាំចូលសាច់ជ្រូក គឺគ្មានការកំណត់​កូតានោះទេ ហើយគ្រប់គ្រង​ដោយការដាក់​ដោយឡែកពីគ្នា ដើម្បីធានា​គុណភាព និងសុវត្ថិភាព​ចំណីអាហារ។

លោក សួន ឌួង និយាយថា «ថ្ងៃបុណ្យចូលឆ្នាំខាងមុខ តម្រូវការ​សាច់ជ្រូក នឹងកើនឡើងរហូត ២៥% ហើយវៀតណាម ក៏មានកង្វះ​ខាតសាច់​ជ្រូក​ប្រមាណ ២សែនតោន ដោយសារតែ ជម្ងឺប៉េស្តជ្រូក ដូច្នេះហើយ ទាមទារឲ្យ​មានការ​នាំចូល ដើម្បីបំពេញ​តម្រូវការ​ក្នុងស្រុក។»

លោក សួន ឌួង បន្ថែមថា តម្លៃសាច់ជ្រូក​នៅវៀតណាម គឺនៅមានស្ថិរភាពល្អ ដោយនៅប៉ែកខាង​ជើង មានតម្លៃប្រមាណ ២ដុល្លារ ៨០សេន ក្នុង ១គីឡូក្រាម និងប៉ែកខាងត្បូង តម្លៃសាច់ជ្រូក គឺប្រមាណ ២ដុល្លារ ៦០សេន ក្នុង ១គីឡូក្រាម។

គួររម្លឹកបន្តិចដែរថា កាលពីពេលថ្មីៗនេះ ឈ្មួញ​ជ្រូកវៀតណាម បានសម្រុក​នាំចេញ សាច់ជ្រូកទៅ​កាន់ប្រទេសចិន ក្នុងតម្លៃប្រសើរ​ជាងមុន ដោយសារតែ ចិន មានតម្រូវការ​ខ្ពស់ជាងមុន ដោយសារជម្ងឺ​ប៉េស្តជ្រូក ជាពិសេសគឺ ចិន លុបចោលការកម្ម៉ង់​ទិញជ្រូកពី សហរដ្ឋអាមេរិក ដោយសារតែបញ្ហា​ជម្លោះ​ពាណិជ្ជកម្ម ហើយចិន ងាកមកទិញ សាច់ជ្រូកពី វៀតណាម វិញ ដែលធ្វើឲ្យ តម្លៃសាច់ជ្រូកវៀតណាម កើនខ្ពស់លើសពីការរំពឹងទុក។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបង្ហាញថា ជម្ងឺប៉េស្តជ្រូក បានរាតត្បាតជាង ៧.៧០០ឃុំ ក្នុង ៦៣ខេត្តក្រុង​នៃប្រទេស​វៀតណាម ដែលឈានដល់​ការដកហូត​ជ្រូកជាង ៥លានក្បាល៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តី​កម្ពុជា​ថា ទន្លេ​មេគង្គ​រាក់​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ

ព័ត៌មាន
ខណៈ​ដែល​ទន្លេ​មេគង្គ​កំពុង​ទទួល​រង​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត មន្រ្តី​ជាន់​ខ្ពស់​​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជ...

បណ្ឌិត អ៊ិន ចាន់នី៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែបាត់បង់ នៅពេលសេដ្ឋកិច្ចរីកចម្រើនខ្លាំង

ព័ត៌មាន
អ្នកជំនាញមកពី វិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បង់នៅពេលណាមួយ ដែលសេដ្ឋកិច្ចប្រទេសកម្ពុជា រីកច...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ