បើតាមអាជ្ញាធរទេសចរណ៍របស់ថៃបានឲ្យដឹងថា ទីតាំងយកសំណាកធ្វើតេស្តសម្រាប់អ្នកដំណើរធម្មតា និង រៀបចំនៅខាងក្រៅអាកាសយានដ្ឋាន ដើម្បីបែងចែកគ្នាឲ្យដាច់ពីការយកសំណាកសម្រាប់អ្នកដំណើរធម្មតា និង ភ្ញៀវទេសចរអន្តរជាតិ។
ដោយឡែក សម្រាប់កន្លែងធ្វើតេស្តរបស់ភ្ញៀវទេសចរ នឹងត្រូវទទួលរៀបចំ និងចាត់ចែងដោយសមាគមណ្ឋាគារថៃ រួចភ្ញៀវទេសចរត្រូវសម្រាកនៅសណ្ឋាគារដែលបានរៀបចំឲ្យនោះ រយៈពេល១យប់ ដើម្បីរង់ចាំលទ្ធផល។
បើតាមសមាគមសណ្ឋាគាររបស់ថៃ យ៉ាងហោចណាស់ មានសណ្ឋាគារប្រមាណ៣០០ទីតាំងឯណោះ ដែលនឹងចូលរួមអនុវត្តផែនការបើកទទួលទេសចរឡើងវិញ ប៉ុន្តែគេកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលថៃ យ៉ាងយូរនឹងទទួលបានការយល់ព្រមនៅត្រឹមចុងសប្តាហ៍នេះ។
គួរជម្រាបថា ក្រុងបាងកកកំពុងមាន មានតម្រូវការទេសចរណ៍ និងជើងហោះហើរអន្តរជាតិជាច្រើនសម្រាប់ខែក្រោយ ព្រោះថា វាជាច្រកចេញចូលដ៏សំខាន់បំផុតរបស់ប្រទេសថៃ។ ជាក់ស្តែង រដ្ឋាភិបាលថៃបាននិងកំពុងជំរុញការចាក់វ៉ាក់សាំងកាន់តែខ្លាំងឡើង សម្រាប់រាជធានីរបស់ប្រទេសថៃមួយនេះ
គិតត្រឹមថ្ងៃទី១៨តុលា ពលរដ្ឋថៃទទួលវ៉ាក់សាំងទាំងពីរដូសនៅក្រុងបាងកកមានចំនួនជិត ៨លាននាក់ហើយ ដែលស្មើនឹងប្រមាណជិត ៧០%នៃពលរដ្ឋគោលដៅ។ នេះបើតាមទិន្នផ្លូវការពីក្រសួងសុខាភិបាលថៃ។
សូមបញ្ជាក់ថា ថៃជាប្រទេសដំបូងគេបង្អស់នៅអាស៊ានដែលបានបើកប្រទេសទទួលយកទេសចរអន្តរជាតិឡើងវិញ។ ប្រទេសថៃដំបូងឡើយបានរៀបចំ បើកកោះភូកេតមុនគេ មុននឹងឈានដល់ការបើកប្រទេសទ្រង់ទ្រាយធំនៅខែក្រោយនេះ។ ដោយឡែក ប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជាផងនោះ បាននិងកំពុងត្រៀមខ្លួនបើកចំហរជើងមេឃប្រទេសរៀងៗខ្លួន នៅត្រឹមចុងឆ្នាំ២០២១នេះដូចគ្នាដែរ៕