ក្រុមមហាសេដ្ឋីកំពូលៗនៅតំបន់អាស៊ី ជាពិសេសពីប្រទេសចិន កំពុងផ្លាស់ប្តូរផ្នត់គំនិត ដោយងាកមកសិក្សា និងស្វែងរកគំរូវិនិយោគថ្មីៗ ដែលផ្តល់នូវនិរន្តរភាព និងសុវត្ថិភាពចម្បង។ គោលដៅស្នូលរបស់ពួកគេនៅពេលនេះ គឺការស្វែងរកដែនដី ដែលមានស្ថិរភាពរឹងមាំ ឱកាសប្រមូលផលចំណេញខ្ពស់ អមដោយការចំណាយលើការរស់នៅសមរម្យ និងបរិយាកាសល្អប្រសើរសម្រាប់សុខុមាលភាពគ្រួសារ។
ពាក់ព័ន្ធនឹងនិន្នាការនេះលោក អាល់វិន លី (Alvin Lee) នាយកប្រតិបត្តិ Maybank Singapore បានគូសបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យចម្បងនៅក្នុងក្រសែភ្នែកក្រុមអ្នកមាន គឺការផ្តោតលើឧបករណ៍ហិរញ្ញវត្ថុ ទ្រព្យសកម្មរូបវន្ត និងចលនាទីផ្សារលោហៈធាតុមានតម្លៃ។ លោកបានបន្ថែមថា សិង្ហបុរីនៅតែរក្សាឥទ្ធិពល និងភាពទាក់ទាញយ៉ាងខ្លាំងក្លា ខណៈដែលតំបន់មជ្ឈិមបូព៌កំពុងជួបប្រទះវិបត្តិ រីឯម៉ាឡេស៊ីឯណោះវិញ ក៏កំពុងលេចធ្លោឡើងជាជម្រើសប្រកួតប្រជែងខ្ពស់ផងដែរ។
បច្ចុប្បន្នក្រុមអ្នកមាននៅអាស៊ីនៅតែរក្សាទម្លាប់វិនិយោគលើលោហៈធាតុមានតម្លៃជាប្រភពជម្រកទ្រព្យសកម្មដ៏សំខាន់ បន្ទាប់ពីអចលនទ្រព្យ ដោយសារពួកគេជឿជាក់ថា ទ្រព្យសកម្មទាំងនេះមានភាពងាយស្រួលក្នុងការផ្ទេរបន្តទៅកាន់អ្នកបន្តវេន ទោះបីជាអ្នកវិនិយោគមួយចំនួនចាប់ផ្តើមបើកចិត្តទទួលស្គាល់ទ្រព្យសកម្មឌីជីថលហើយក៏ដោយ។
លោក លី បានសង្កត់ធ្ងន់ថា សម្រាប់មហាសេដ្ឋីចិន សិង្ហបុរីគឺជាជម្រកដ៏មានសុវត្ថិភាព ដោយសារមានប្រព័ន្ធច្បាប់តឹងរ៉ឹង ស្ថិរភាពនយោបាយខ្ពស់ និងនយោបាយពន្ធដារប្រកបដោយភាពទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញវិនិយោគិនចិនកាន់តែច្រើនឡើងៗបានចាប់ផ្តើមបង្វែរទិសដៅទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាដែនដីមានឧត្តមភាព និងបរិយាកាសប្រហាក់ប្រហែលគ្នានឹងសិង្ហបុរី ប៉ុន្តែមានចំណាយប្រកួតប្រជែងជាង៕
ដោយៈ សរ សុជាតិ