អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាខន វ៉ាងប៊ូនគង់ចាណា បាននិយាយថា វិធានការនេះ មានគោលបំណងទាក់ទាញក្រុមមនុស្សចំនួន ៤ គឺជនបរទេសដែលមានមានទ្រព្យសម្បត្តិច្រើន, ជនបរទេសដែលចូលនិវត្តន៍, អ្នកដែលចង់មកធ្វើការនៅប្រទេសថៃ និងអ្នកដែលមានជំនាញវិជ្ជាជីវៈខ្ពស់។
ទិដ្ឋាការរយៈពេលវែងនេះ នឹងត្រូវបានចេញសម្រាប់ជនបរទេសមានសក្តានុពលខ្ពស់ ដែលនឹងត្រូវទទួលបានការលើកលែងកាតព្វកិច្ចផ្សេងៗ និងទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃផងដែរ។
ទន្ទឹមនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បាននិយាយថា នឹងមានការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការកាន់កាប់ដីធ្លី ការគ្រប់គ្រងការងារ ព្រមទាំងការអនុញ្ញាតឱ្យជនបរទេសអាចធ្វើការឱ្យនិយោជកក្នុង និងក្រៅប្រទេសថែមទៀតផង។
យ៉ាងណាមិញ គណៈរដ្ឋមន្ត្រីបានចាត់ឱ្យការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (NESDC) ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាភិបាលការិយាល័យវិនិយោគ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ជុំវិញវិធានការនេះ។
ការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បានរំពឹងថា វិធានការដែលនឹងអនុវត្តក្នុងរយៈពេល ៥ឆ្នាំនេះ នឹងទាក់ទាញជនបរទេសចំនួន ១ លាននាក់ ជាមួយការចំណាយរបស់ជនបរទេសទាំងនោះជាង ៣០ ពាន់លានដុល្លារ ។ បន្ថែមពីនេះ ការវិនិយោគក៏ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមប្រមាណ ២៤ ពាន់លានដុល្លា បូករួមនឹងចំណូលពន្ធប្រមាណ៨ ពាន់លានដុល្លារទៀតផងដែរ។
សំណើវិធានការជំរុញសេដ្ឋកិច្ច និងវិនិយោគ របស់ការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះក៏ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត ដើម្បីឲ្យមានការវាយតម្លៃលើផែនការជារៀងរាល់៥ឆ្នាំម្ដងផងដែរ ហើយក្នុងនោះ អត្ថប្រយោជន៍ផ្នែកពន្ធ និងការកាន់កាប់ដីធ្លី របស់ជនបរទេស ដែលស្ថិតនៅក្នុងគម្រោងវិធានការនេះ ក៏នឹងត្រូវផុតកំណត់បន្ទាប់ពីរយៈពេល៥ឆ្នាំដូចគ្នាដែរ៕
អត្ថបទ៖ ស៊ើង និមល់