គណៈកម្មការនិយ័តកម្មថាមពល នឹងដំឡើងពន្ធជាង ២០% លើថាមពលសម្រាប់វិស័យប្រើប្រាស់មិនមែនលក្ខណៈគ្រួសារ ពោលគឺពីតម្លៃប្រមាណ ជាង៥៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងនាពេលបច្ចុប្បន្នមកដល់ជិត ៦៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ ការប្រើប្រាស់អគ្គិសនីមិនមែនលក្ខណៈគ្រួសារ រួមមានអាជីវកម្មគ្រប់ខ្នាត សណ្ឋាគារ កសិដ្ឋាន និងអង្គការមិនស្វែងរកប្រាក់ចំណេញជាដើម។
សូមជម្រាបថា អត្រា ៤,៧២បាត ឬប្រហែល ៥៥៣រៀលក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានកំណត់តាំងពីខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ ហើយទំនងជាដំឡើងដល់ជិត ៦បាត ឬប្រហែល៧០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដោយសារតែតម្លៃនាំចូលប្រេងសាំង និងឧស្ម័នកាន់តែខ្ពស់។ ចំពោះការយកពន្ធនាំចូលប្រេងសាំងនេះ គឺត្រូវបានកែសម្រួលជារៀងរាល់ ៤ខែម្តង ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរក្នុងតម្លៃថាមពល។
លោក Isares Rattanakilok Na Phuket អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា បើទោះបីជាការសម្រេចចិត្តនេះ នឹងជួយឱ្យប្រជាជនដោះស្រាយជីវភាពបានមួយគ្រាក្តី ប៉ុន្តែលោកខកចិត្តជាមួយការប្រកាសដំឡើងថ្លៃអគ្គិសនីនេះ ដោយសារតែសហគ្រាសបាននឹងកំពុងតែតស៊ូជាមួយតម្លៃថាមពលខ្ពស់រួចទៅហើយ។
ក្រុមម្ចាស់សហគ្រាសក្នុងប្រទេសប្រទេសថៃធ្លាប់បានលើកឡើងថ្មីៗនេះដែរ ប្រសិនតម្លៃអគ្គីសនីឡើងថ្លៃមែននោះ ពួកគេក៏នឹងត្រូវដំឡើងថ្លៃផលិតផលរបស់ពួកគេដែរ ដ្បិតថាថ្លៃដើមផលិតឡើងថ្លៃ ហើយអ្នកដែលប្រឈមនឹងផលប៉ះពាល់ចុងក្រោយនោះ គឺអ្នកប្រើប្រាស់នៅក្នុងប្រទេសតែម្ដង។
លោក Isares បាននិយាយថា គណៈកម្មការរួមពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ នឹងដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យការសម្រេចចិត្តខាងលើនេះ មុនចូលជាធរមាននៅថ្ងៃទី១មករាខាងមុខ។
លោកបន្តថា ប្រសិនបើអត្រា ៥,៦៩បាតក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានកំណត់នោះ គឺនឹងនាំឱ្យតម្លៃអគ្គិសនីនៅក្នុងវិស័យឧស្សាហកម្ម នឹងកើនឡើងត្រឹម ៧០% ពីប្រហែល ៣បាត ឬជាង៣៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង កាលពីដើមឆ្នាំ២០២១។
ជុំវិញរឿងនេះ លោក Khomgrich Tantravanick អគ្គលេខាធិការគណៈកម្មការនិយ័តកម្មថាមពល បាននិយាយថា ការសម្រេចចិត្តចំពោះតម្លៃអគ្គិសនីនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាថាមពលជាតិ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងពីផលប៉ះពាល់នៃតម្លៃអគ្គិសនីដែលឡើងថ្លៃនេះ។
លោកបញ្ជាក់ថា តម្លៃអគ្គិសនីថ្មីនេះគឺដើម្បីជួយដល់អាជ្ញាធរអគ្គិសនីថៃ ក្នុងការដោះស្រាយឱ្យមានសមតុល្យសាច់ប្រាក់ បន្ទាប់ពីស្ថាប័នេះបានខាតបង់ជិត ៣ពាន់៦រយលានដុល្លារ ដោយសារតែជួយរដ្ឋាភិបាលក្នុងការរក្សាតម្លៃអគ្គិសនី។ លោករំពឹងថា អាជ្ញាធរអគ្គិសនីថៃ នឹងអាចស្តារហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេលប្រហែល ២ឆ្នាំទៀត។
សូមជម្រាបថា ថ្មីៗនេះប្រទេសវៀតណាម ក៏មានផែនការដំឡើងថ្លៃអគ្គិសនីផងដែរ។ ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម គ្រោងនឹងដំឡើងថ្លៃប្រើប្រាស់អគ្គិសនីក្នុងស្រុក នៅឆ្នាំ២០២៣ខាងមុខ ដោយសារតែមិនអាចតស៊ូនឹងការខាតបង់បន្ដទៅទៀតបាន ខណៈថ្លៃដើមនៃការផលិតថាមពលអគ្គិសនីនេះ បានឡើងថ្លៃដែលមានដូចជា ប្រេងសាំង និងធ្យូងថ្មជាដើម។ ប៉ុន្តែគម្រោងនេះ គឺត្រូវរង់ចាំការសម្រេចយល់ព្រមពីរដ្ឋាភិបាលវៀតណាមជាមុនសិន ដោយគេរំពឹងថា អគ្គិសនីនឹងឡើងថ្លៃនៅចន្លោះពី ៥% ដល់ ១០% ក្រោយការស្នើសុំនេះ៕