អ្នកចិញ្ចឹមមាន់

មន្រ្តីជំនាញ ពន្យល់ពីបញ្ហា ដែលអ្នកចិញ្ចឹមមាន់ខ្លះកំពុងជួបបញ្ហាទីផ្សារធ្ងន់ធ្ងរ


ក្រោយពីក្រុមអ្នកចិញ្ចឹមមាន់សាច់ បាននាំគ្នារអ៊ូរទាំពីតម្លៃមាន់សាច់ធ្លាក់ចុះដែលធ្វើឲ្យពួកគេប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរនោះ ក្រុមអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានចេញមកអះអាងថា បញ្ហាមាន់ធ្លាក់ចុះថ្លៃនេះ គឺដោយសារតែកសិករមួយចំនួន នៅមិនទាន់បានចងក្រងគ្នាជាបណ្ដុំ ឬចូលរួមជាសមាគមនៅឡើយ ដូច្នេះហើយ ការចិញ្ចឹមរបស់ពួកគាត់ គឺមិនបានធ្វើឡើង តាមផែនការទីផ្សារច្បាស់លាស់នោះទេ។
កសិដ្ឋានចិញ្ចឹមមានសាច់​ក្នុងខេត្តកំពង់ស្ពឺ

ប៉ុន្ដែ សម្រាប់អ្នកចិញ្ចឹមមាន់ដែលមានការចងក្រងជាបណ្ដុំ ឬសមាគមត្រឹមត្រូវវិញ  ពួកគេមិនសូវប្រឈមនឹងបញ្ហាទីផ្សារខ្លាំងនោះទេ បើទោះបីជាបច្ចុប្បន្ន តម្លៃទីផ្សារមាន់សាច់មានទាបមកនៅត្រឹមជាង ៤ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃកាលពីខែសីហាធ្លាប់មានដល់ ៦ពាន់រៀលក៏ដោយ។ ព្រោះអ្វី? ព្រោះថាកសិករដែលមានការចងក្រងជាបណ្ដុំ ឬសមាគម គេមានការកម្រិតទៅលើការចិញ្ចឹម និងបច្ចេកទេស ដើម្បីឲ្យស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីជំនាញកសិកម្ម។

ទីផ្សារមាន់សាច់កំពុងប្រឈមបញ្ហាធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពីតម្លៃប្រមាណជាង ៦ពាន់រៀលក្នុងមួយគីឡូក្រាមកាលពីខែសីហា មកនៅត្រឹមជាង៤ពាន់រៀលប៉ុណ្ណោះ គិតមកទល់ចុងខែធ្នូនេះ។ 

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា កន្លងមក ទីផ្សារមាន់សាច់បានឡើងខ្ពស់រហូតប្រមាណ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ជាហេតុធ្វើឱ្យក្រុមអ្នកចិញ្ចឹមមាន់នាំគ្នា ចិញ្ចឹមមាន់បន្ថែមរហូតលើសតម្រូវការ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន សមាគមចិញ្ចឹមសត្វបានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងកសិកម្ម ដើម្បីតាមដាន និងដោះស្រាយរាល់បញ្ហាដែលកើតមានជូនកសិករ ដូចជា បញ្ហាទីផ្សារជ្រូករស់ កាលពីកន្លងមក ជាដើម។ ដោយឡែក សម្រាប់ក្រុមអ្នកចិញ្ចឹមមាន់សាច់វិញ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសុខភាពសត្វ មើលឃើញថា ហាក់មិនទាន់មានចងក្រងជាបណ្ដុំនៅឡើយ ដែលធ្វើឱ្យក្រសួងកសិកម្ម ពិបាកក្នុងការដោះស្រាយបញ្ហាជូនពួកគេ។

ជុំវិញបញ្ហាទីផ្សារមាន់សាច់ធ្លាក់ថ្លៃដែរនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ជាការពិត សព្វថ្ងៃ បញ្ហាចំណីឡើងថ្លៃ តែតម្លៃមាន់ធ្លាក់ចុះគឺជាបញ្ហាសម្រាប់ក្រុមអ្នកចិញ្ចឹមសត្វ។ លោក ស្រ៊ុន ពៅ បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហានានា ជូនកសិករ ទើបកន្លងមក សមាគមចិញ្ចឹមសត្វ តែងតែអំពាវនាវឱ្យក្រុមអ្នកចិញ្ចឹមសត្វទាំងអស់ ចូលជាសមាជិកនៃសមាគមចិញ្ចឹមសត្វ ដើម្បីរៀបចំផែនការក្នុងការចិញ្ចឹមឱ្យស្របនឹងតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។ បើតាមប្រធានសមាគមចិញ្ចឹមសត្វរូបនេះ ការមិនចូលជាសមាជិកសមាគម និងការចិញ្ចឹមគ្មានផែនការច្បាស់លាស់ នឹងធ្វើឱ្យក្រុមកសិករជួបនូវហានិភ័យទីផ្សារ។

បន្ថែមនេះ លោក ស្រ៊ុន ពៅ បានសង្កត់ធ្ងន់ថា សព្វថ្ងៃ ក្រុមអ្នកចិញ្ចឹមមាន់ដែលជាសមាជិកសមាគមចិញ្ចឹមសត្វ មិនបានជួបបញ្ហាទីផ្សារនោះទេ ព្រោះសមាជិកសមាគមសុទ្ធតែចិញ្ចឹមក្នុងបរិមាណដែលសមាគមបានកំណត់ និងសិក្សាតាមតម្រូវការទីផ្សារច្បាស់លាស់។

ខេមបូណូមីស បានទាក់ទងទៅកាន់ អ្នកចិញ្ចឹមមាន់សាច់ នៅខេត្តកំពង់ស្ពឺ លោក ហេង យ័ន និងតំណាងកសិដ្ឋានចិញ្ចឹមមាន់បៃតងនៅខេត្តសៀមរាប សុទ្ធតែបានអះអាងថា ការចិញ្ចឹមមាន់សាច់ មិនមានជួបបញ្ហាប្រឈមទីផ្សារខ្លាំងនោះទេ ព្រោះកសិដ្ឋានរបស់ពួកគាត់មានចុះកុងត្រាលក់ទៅឲ្យក្រុមហ៊ុនតាមតម្លៃដែលបានព្រមព្រៀងគ្នាជាមុន។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកចិញ្ចឹមមាន់សាច់មួយចំនួនដែលកំពុងជួបបញ្ហាទីផ្សារ នៅតែនាំគ្នារអ៊ូរទាំពីតម្លៃមាន់សាច់ធ្លាក់ចុះ និងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលផង។

សូមបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែអំពាវនាវឱ្យក្រុមអ្នកចិញ្ចឹមមាន់ទាំងអស់ ដែលមិនទាន់បានចូលជាសមាជិកសមាគម គួរតែចូលរួមជាសមាជិក ដើម្បីឱ្យខាងសមាគម មានលទ្ធភាពក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងហានិភ័យទីផ្សារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ ព្រមានផាកពិន័យលើក្រុមហ៊ុនផ្តល់សេវាទូរសព្ទ ឬអ៊ិនធឺណិតនៅតាមបុរីមិនត្រឹមត្រូវ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះប្រតិបត្តិករទាំងឡាយណា ដែលផ្តល់សេវាទូរសព្ទចល័ត និងអ៊ិន…

តើជប៉ុនប្តេជ្ញាចិត្តសំខាន់ៗអ្វីខ្លះ ដើម្បីបន្ដជួយដល់កម្ពុជានៅឆ្នាំ២០២២?

ព័ត៌មាន
នៅក្នុជំនួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ខែសីហា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ