លោក ចូ បៃឌិនថាអាមេរិកគាំទ្រតំបន់អាហ្វ្រិចគ្រប់យ៉ាង

លោក ចូ បៃឌិន ប្រកាសនឹងជួយតំបន់អាហ្វ្រិកគ្រប់យ៉ាង រួមទាំងគាំទ្រទ្វីបមួយនេះឲ្យចូលជាសមាជិកអចិន្ត្រៃយ៍G20


នៅចំពោះមុខមេដឹកនាំមកពីប្រទេសនៃទ្វីបអាហ្រ្វិកទាំងជិត៥០ប្រទេសក្នុងជំនួបកំពូលអាមេរិក-អាហ្វ្រិក ប្រធានាធិបតីចូ បៃឌិន បាននិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រនៅពីក្រោយអាហ្វ្រិកគ្រប់បែបយ៉ាង តែក៏មិនភ្លេចដែរពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំក្រុងវ៉ាស៊ីនតោនរូបនេះ ក៏បានបង្ហាញការគាំទ្រដល់ សហភាពអាហ្វ្រិក ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់ថា G20 ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
លោក ចូ បៃឌិនថាអាមេរិកគាំទ្រតំបន់អាហ្វ្រិចគ្រប់យ៉ាង

«សហរដ្ឋអា​មេរិកនៅទីនេះចាំគាំទ្រអាហ្វ្រិកលើបញ្ហាគ្រប់យ៉ាង» នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប៉ុន្ដែលោកមិនបានបញ្ជាក់ច្បាស់អំពីបញ្ហាអ្វីខ្លះនោះទេ។ លោកបៃឌិន អះអាងយ៉ាងដូច្នេះនៅចំពោះមុខ​ដឹកនាំប្រទេសមកពីតំបន់អាហ្វ្រិកទាំង ៤៩ បូករួមទាំងថ្នាក់ដឹកនាំនៃសហភាពអាហ្វ្រិកផងដែរ។ លោកបៃឌិន បន្ថែមថា៖ អាហ្វ្រិក​មានចំណែកនៅគ្រប់រឿងរ៉ាវទាំងអស់របស់ពិភពលោក។ បញ្ហាដែលគេកំពុងពិភាក្សា​ដោះស្រាយបច្ចុប្បន្នក៏អាហ្រ្វិកអាចរួមចំណែកបានដែរ។

ការលើកឡើងបែបនេះ គឺសហរដ្ឋ​អាមេរិកមិន​លាក់​បាំងឆន្ទៈ​​ចង់​ពង្រឹង​​ភាព​​ជា​ដៃគូ​ជាមួយ​អាហ្វ្រិកឡើយ​ បើ​ទោះ​បី​ជា ​​ក្រុមប្រទេស​នៅអាហ្វ្រិកចោទ​អាមេរិក​ថា​បោះបង់​ពួកគេចោល មិនខ្វាយខ្វល់​ក៏​ដោយ។

ជាមួយនឹងជំហរចង់បង្កើនភាពជាដៃគូរវាងភាគីទាំងពីរឡើងវិញ រដ្ឋបាលលោក ចូ បៃឌិន បាន ប្រកាសផ្តល់កញ្ចប់ថវិកា៥៥ពាន់លានដុល្លារ​សម្រាប់គម្រោងនានា នៅប៉ុន្មានឆ្នាំខាងមុខ រួមមានក្នុងវិស័យ ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងថាមពល។ ដោយឡែក វិស័យឯកជននៅ​អាមេរិក ក៏បានប្រកាសពីកិច្ចសន្យាវិនិយោគតម្លៃ ១៥ពាន់លានដុល្លារ ក្នុង​ស្ទើរ​គ្រប់​ផ្នែក​ រាប់​ទាំង​ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ផងដែរ។

ខុសប្លែកពីអ្វីដែលប្រទេសចិនកំពុងរីករាយ​រកស៊ី​ជាមួយអាហ្វ្រិក ចិនមិនសូវយកចិត្តទុកដាក់ពី​បញ្ហាលទ្ធិប្រជាធិបតេយ្យឡើយ។ ទោះបីជំនួបលើកនេះ គេឃើញមានមេដឹកនាំផ្តាច់ការពីអាហ្រ្វិកខ្លះត្រូវបានអញ្ជើញមកចូលរួមក៏ដោយ តែអាមេរិកនៅតែយកចំណុចលទ្ធិប្រជាធិបតេយ្យមកនិយាយជាមួយមេដឹកនាំទាំងនេះ អមជាមួយកញ្ចប់ជំនួយ​ និងវិនិយោគរបស់ខ្លួន។​

លោក លោកចូ បៃឌិន បានប្រាប់មេដឹកនាំ​អាហ្វ្រិក ឱ្យការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ការគោរព​នីតិរដ្ឋ ការប្តេជ្ញាចិត្តចំពោះ​សិទ្ធិមនុស្ស និងរដ្ឋាភិបាលដែល​មាន​ទំនួលខុសត្រូវ។ ប្រធានាធិបតីរូបនេះ បានប្រកាសពីទឹកប្រាក់ ១០០លានដុល្លារសម្រាប់​សន្តិសុខ និងវិនិយោគ។ រីឯ កញ្ចប់ថវិកា ៧៥លានដុល្លារ ទៀត ដើម្បីទប់ទល់នឹងការដើរថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យនៅអាហ្វ្រិក រួមទាំងការពង្រឹងអាជ្ញាធរជាតិបោះឆ្នោត និងសង្គមស៊ីវិល​នៅអាហ្វ្រិកផងដែរ។

ក្រៅតែពីជំនួយជាទឹកប្រាក់ទាំងនេះ អាមេរិកបានបង្ហើបគាំទ្រ សហភាពអាហ្វ្រិក (African Union) ឱ្យក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 ថែមទៀតផង។ ការបន្ថែមសហភាពអាហ្រ្វិកទៅក្នុងG20 នឹងផ្តល់ឱ្យតំបន់មួយ​ក្នុងចំនោម​តំបន់ដែលមានការរីកចម្រើនលឿន​បំផុតនៃពិភពលោក នូវសម្លេងកាន់តែធំ​ជាងមុន។ ការមានកៅអីG20 អាចជួយប្រទេសនៅ​អាហ្រ្វិកមួយចំនួន ដែលបច្ចុប្បន្ន​ភាគច្រើនមិនមានសិទ្ធិទទួលបានការរៀបចំបំណុលឡើងវិញ ក្រោមផែនការ G20 ឱ្យទទួលបានសិទ្ធិមួយនេះ។

សូមជម្រាបថា បច្ចុប្បន្នក្នុងចំណោមប្រទេសមកពីទ្វីប​អាហ្រ្វិកទាំង ៥៥ មានតែប្រទេសអាហ្វ្រិកខាងត្បូងមួយប៉ុណ្ណោះ ដែលជាសមាជិករបស់ G20 ហើយគិតត្រឹមខែ​កក្កដាឆ្នាំនេះ មាន៣ប្រទេស ដែលស្ថិតក្រោមផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ G20 គឺប្រទេសឆាត អេត្យូពី និងហ្សំបៀ។




អត្ថបទបន្ទាប់


ថៃត្រៀមដំឡើងពន្ធនាំចូល២០% លើថាមពលអគ្គិសនី នឹងជះឥទ្ធិពលអ្វីខ្លះដល់អាជីវកម្ម?

ព័ត៌មាន
នៅទីបំផុតគណៈកម្មការនិយ័តកម្មថាមពលនៃប្រទេសថៃ បានប្រកាសថា នឹងដំឡើងពន្ធនាំចូល ២០% លើថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងក្រុមហ៊ុនអាជីវកម្…

ព្រឹទ្ធសភាអាមេរិកអនុម័តពង្រីកថវិកាចំណាយ ៨០០ពាន់លានដុល្លារ សម្រាប់វិស័យយោធានៅឆ្នាំក្រោយ

ព័ត៌មាន
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ធ្នូ បានអនុម័តចេញច្បាប់ ដែលអនុញ្ញាតឱ្យមានការចំណាយដ៏មហាសាលក្នុងទំហំទឹកប្រាក់ប្រមាណ ៨៥៨ ពាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ