អាហារ​តាមចិញ្ចើម​ផ្លូវ

បបរ​ចិញ្ចើម​ផ្លូវ​ចូល​សង្កាត់​ទឹកថ្លា មនុស្ស​ប្រជ្រៀត​គ្នា​ចូល​ហូប ព្រោះ​ឆ្ងាញ់​និង​តម្លៃ​ទាប


នៅ​តាម​ផ្លូវ​តូច​មួយ​ចូល​ទៅ​សាលា​សង្កាត់​ទឹកថ្លា មាន​អ្នក​លក់​ដូរ​ជា​ច្រើន ដូចជា អ្នក​លក់​បង្អែម សាច់​អាំង ម្ហូប​អាហារ បន្លែ​ផ្លែ​ឈើ និង​លក់ដូរ​របស់​របរ​ជា​ច្រើន​ទៀត។ អ្នក​ខ្លះ​មាន​គ្រែ ​ខ្លះ​មាន​ទូ​កញ្ចក់​​ដាក់​លើ​រទេះ​រុញ និង​ខ្លះ​ទៀត បើក​អាជីវកម្ម​តាម​ផ្ទះ ខណៈ​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ចេញ​ចូល​យ៉ាង​មមាញឹក​ក្នុង​ទី​ប្រជុំ​ជន ដែល​សម្បូរ​ដោយ​បន្ទប់​ជួល​សម្រាប់​និស្សិត និង​ពលរដ្ឋ​រស់​នៅ​កក​កុញ។
អ្នកស្រី កែវ សាព្រី ដែល​មាន​វ័យ​៥០​ឆ្នាំ លក់​បបរ​គ្រឿង​សាច់ជ្រូក នៅ​ក្បែរ​សាលា​សង្កាត់ទឹកថ្លា ភ្នំពេញ។ មួយខែៗ អ្នកស្រី​រក​ប្រាក់​ចំណេញបាន​ជាង ២ពាន់​ដុល្លារ។
ដោយ

នៅ​ពេល​ធ្វើ​ដំណើរ​ចុះ​ពី​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​សាលា​សង្កាត់​ទឹកថ្លា មិន​ដល់ ១០០​ម៉ែត្រ​ផង គេ​សង្កេត​ឃើញ​អតិថិជន​ជា​ច្រើន​អង្គុយ​តម្រៀប​គ្នា​​ជុំវិញ​គ្រែ​បបរ ដើម្បី​ហុត​បបរ​លាន់​គ្រូកៗ ទំនង​ឆ្ងាញ់​ខ្លាំង​ណាស់ ខណៈ​អ្នក​ខ្លះ​បន្ត​កន្ទុយ​គ្នា​រង់ចាំ​ទិញ​បបរ​ច្រក​យក​ទៅ​ញ៉ាំ​នៅ​គេហដ្ឋាន ដោយសារ​គ្មាន​កន្លែង​អង្គុយ ដ្បិត​គ្រែ​ដែល​មាន​ដំបូល​ប្រក់​តង់​តូច​មួយ​នេះ អាច​ទទួល​អតិថិជន​បាន​ត្រឹម​ពី ៥ ទៅ ៦​នាក់​ប៉ុណ្ណោះ។

បើ​ទោះ​បី​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ពេល​ល្ងាច​តាម​ផ្លូវ​នេះ​ក្តី ប៉ុន្តែ អតិថិជន​ហាក់​មិន​ធុញ​ទ្រាន់​នឹង​សំឡេង​ស៊ីផ្លេ​ឡាន​ម៉ូតូ​នោះ​ឡើយ ប៉ុន្តែ ពួកគេ​បែរ​ជា​ផ្តោត​អារម្មណ៍​ហូប​បបរ​យ៉ាង​រីករាយ​ទៅ​វិញ។

លោក មាស បូរ៉ា និស្សិត​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ ដែល​ជា​អតិថិជន​ប្រចាំ​នៅ​ទីនេះ បាន​អះអាង​ថា លោក​តែងតែ​ញ៉ាំ​បបរ​នៅ​ទីនេះ​ស្ទើរ​រៀង​រាល់​ល្ងាច ពីព្រោះ បបរ​នេះ​មាន​រស​ជាតិ​ឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ខ្ជិល​ដាំ​បាយ​ល្ងាច ព្រោះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង។ ខ្ញុំ​ឧស្សាហ៍​ហូប​បបរ​នៅ​ទីនេះ ព្រោះ វា​មាន​អនាម័យ និង​ឆ្ងាញ់ ខុស​ពី​កន្លែង​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​ធ្លាប់​ហូប​ពីមុន»។

បបរ​គ្រឿង​សាច់ជ្រូក​ ជា​អាហារ​សម្រន់​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ មិន​ថា​ចាស់​ ក្មេង ប្រុស​ ឬស្រី​ឡើយ។

ដូចគ្នា​ដែរ កញ្ញា ឆេង ចាន់ណា ដែល​ជា​អាជីវករ​នៅ​ក្បែរ​នោះ និង​តែង​ហូប​បបរ​នៅ​ទីនេះ​ជា​ញឹកញយ​នោះ បាន​រៀបរាប់​ថា៖ «កាល​មុន នៅ​ពេល​ល្ងាច ខ្ញុំ​ទៅ​ហូប​បបរ​នៅ Water Park ក្បែរ​ហ្នឹង​ដែរ ព្រោះ វា​មាន​កន្លែង​អង្គុយ​ស្រួល​បួល ដោយ​អត់​ដឹង​ថា បបរ​គាត់​ឆ្ងាញ់​នោះ​ទេ ប៉ុន្តែ ពេល​សាក​បាន​ម្តង ក៏​ញ៉ាម ហើយ​ញ៉ាំ​នៅ​ទីនេះ​រហូត ទោះ​ពិបាក​កន្លែង​អង្គុយ​មែន ព្រោះ បបរ​នៅ Water Park អត់​ឆ្ងាញ់​ទេ»។

អ្នកស្រី កែវ សាព្រី ដែល​មាន​វ័យ​៥០​ឆ្នាំ បាន​ប្រាប់ ខេមបូណូមីស ថា ក្នុង​មួយ​ថ្ងៃ អ្នកស្រី​លក់​បបរ​ពីរ​ពេល គឺ​ពេល​ព្រឹក​លក់​នៅ​ផ្ទះ និង​ពេល​ល្ងាច​លក់​នៅ​ផ្សារ (ផ្លូវ​ចូល​សាលា​សង្កាត់​ទឹក​ថ្លា) ដែល​ពលរដ្ឋ​នៅ​ម្តុំ​នេះ ចាត់​ទុក​ជា​ផ្សារ​របស់​ពួកគេ​ទៅ​ហើយ។

អ្នកស្រី​បន្ត​ថា ក្នុង​មួយ​ថ្ងៃ អ្នកស្រី​លក់​អស់​ពីរ​ឆ្នាំង​កន្លះ ដោយ​បបរ​មួយ​ចាន​មាន​តម្លៃ​ពី ២ ទៅ ៣​ពាន់​រៀល ខណៈ​មួយ​ឆ្នាំង​បាន​ចំណូល​ជិត ១០០​ដុល្លារ និង​ទទួល​បាន​ប្រាក់​ចំណេញ​ជាង ១០​ម៉ឺល​រៀល។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ៖ «កាល​មុន ខ្ញុំ​លក់​ម្ជូរ​ទេ តែ​៥​ឆ្នាំ​ហើយ ខ្ញុំ​បាន​លក់​បបរ​វិញ ព្រោះ​ដាច់ ហើយ​ធ្វើ​ឲ្យ​ជីវភាព​ធូរ​ជាង​មុន។ ខ្ញុំ​អាច​ចិញ្ចឹម​កូន​ឲ្យ​រៀន​បាន​ចប់​មហាវិទ្យាល័យ​បាន​ម្នាក់ និង​ផ្សេង​ទៀត រៀន​ចប់​ត្រឹម​បាក់ឌុប»។

តាមពិត​ទៅ អ្នកស្រី កែវ សាព្រី មាន​ផ្ទះ​តៀម​ជញ្ជាំង​ក្តារ​និង​ប្រក់​ស័ង្កសី​ផ្ទាល់​ខ្លួន​តូច​មួយ​ឆ្ងាយ​ពី​ផ្សារ​បន្តិច ប៉ុន្តែ ទោះ​បី​ផ្ទះ​នៅ​កន្លៀត​ឆ្ងាយ​ពី​ភ្នែក​អ្នក​ដំណើរ​ក៏​ដោយ ពេល​ព្រឹក​ឡើង មាន​អតិថិជន​ជា​ច្រើន បាន​ស្វែងរក​ទាល់​តែ​ឃើញ​កន្លែង​លក់​បបរ​របស់​គាត់ ដោយសារ​តែ​រស​ជាតិ​បបរ​ឆ្ងាញ់ និង​មាន​អនាម័យ ព្រមទាំង​មាន​តម្លៃ​សមរម្យ។

អ្នកស្រី​បាន​ប្រាប់​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ឆា​អង្ករ ស្ងោរ​ឆ្អឹង​ជ្រូក និង​ស្ងោរ​សាច់​មួយ​សា ទើប​យក​ទៅ​ដាក់​ក្នុង​បបរ ហើយ​ពេល​លក់ ខ្ញុំ​ដាក់​សាច់​ច្រើន។ ក្រៅ​ពី​ហ្នឹង គ្មាន​ស្អី ដូច​គេ​ដែរ យើង​ដាក់​ស្ករ ប៊ីចេង ប្រេងខ្យង… ខ្ញុំ​មិន​បាន​រៀន​ពី​ណា​នោះ​ទេ ចេះ​តែ​ច្នៃ​ថែម​លិច​កើត ក៏​ឆ្ងាញ់ គេ​ចូល​ចិត្ត​ច្រើន»។

តាម​ពិត​ទៅ ទីកន្លែង​នៅ​តាម​ចិញ្ចើម​ផ្លូវ ពិត​ជា​មាន​បរិស្ថាន​និង​បរិយាកាស​មិន​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទ្រាំ​មិន​បាន ចង់​តែ​ហូប​បបរ​របស់​អ្នកស្រី កែវ សាព្រី គឺ​រស​ជាតិ​ឆ្ងាញ់ និង​តម្លៃ​ធូរ​ថ្លៃ។ 

ក្រៅពី​រស​ជាតិ​ឈ្ងុញ​ឆ្ងាញ់ ការ​ថែរក្សា​អនាម័យ ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អតិថិជន រួសរាយ​រាក់​ទាក់ បាន​ជំរុញ​ឲ្យ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទិញ ដែល​ធ្វើ​ឲ្យ​គាត់​អាច​រក​ប្រាក់​ចំណេញ​បាន​ជាង ២​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"មីក្រហម" ត្រៀម​រួចស្រេច​ដើម្បី​ប្រជែង​នឹង​អាហារ​​បរទេស​ក្នុង​វិស័យ​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​

ព័ត៌មាន
ខណៈ​ដែល​ភោជនីយដ្ឋាន​និង​កាហ្វេ​ក្នុង​ស្រុក​ក្ដី ឬ​ Franchise ក្ដី កំពុង​តែ​ពេញ​និយម​ក្នុងការ​នាំ​ចូល​អាហារ​យីហោ​បរទេស​មក​ក្នុង​ទីផ្សា…

កម្ពុជារក​បាន​ចំណូល​ពី​ទេសចរណ៍​ច្រើន តែ​ធ្លុះ​ធ្លាយ​ទៅវិញ​ក៏​ច្រើន។ ​ហេតុអ្វី?

ព័ត៌មាន
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​ជ្រោម​ជ្រែង​ជា​ខ្លាំង ខណៈ​ដែល​វិស័យ​នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ