
កាលពីថ្ងៃទី១៧ ខែមិថុនា លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ប៉ានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបើកកិច្ចប្រជុំដំបូង នៃមជ្ឈមណ្ឌលប្រតិបត្តិការពិសេសថ្មីនេះដោយបានកំណត់ក្របខណ្ឌ និងគោលការណ៍ណែនាំការងារដោយផ្អែកលើគំរូប្រតិបត្តិការ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha)។
មជ្ឈមណ្ឌលប្រតិបត្តិការពិសេសនេះ បានចាត់តាំងអ្នកនាំពាក្យពីររូបឱ្យទទួលបន្ទុកធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ និងការឆ្លើយតបប្រចាំថ្ងៃ។ លោក នីកន ដេច បាឡានគូរ៉ា (Nikorndej Balankura) អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ នឹងទទួលបន្ទុកផ្នែកកិច្ចការបរទេស ខណៈដែលលោកឧត្តមនាវីទោ ស៊ូរ៉ាសាន កុងស៊ីរី (Surasan Kongsiri) អ្នកជំនាញជាន់ខ្ពស់នៃយោធាថៃ និងជាអ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ នឹងទទួលបន្ទុកដោះស្រាយបញ្ហាសន្តិសុខ។ អ្នកទាំងពីរនឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗទាំងជាភាសាថៃ និងភាសាអង់គ្លេស។
លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ប៉ានិច ដែលជានាយកមជ្ឈណ្ឌលប្រតិបត្តិការពិសេសនេះបានលើកឡើងថា មជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា និងពិនិត្យតាមដានកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងនានាដូចជាកិច្ចពិភាក្សានៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ និងបញ្ហាពាក់ព័ន្ធតុលាការយុត្តិធម៌អន្តរជាតិ ជាដើម។
លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ប៉ានិច បានបញ្ជាក់ថា អាយុកាលនៃមជ្ឈមណ្ឌលប្រតិបត្តិការពិសេសនេះមិនគួរមានរយៈពេលលើសពីមួយខែនោះទេ ពោលគឺត្រូវធ្វើការយ៉ាងឆាប់រហ័សដើម្បីដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ប៉ានិច សបង្ហាញឱ្យឃើញថា ភាគីថៃ បានកំណត់ឱសានវាទរយៈពេល១ខែដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា។
លោកបានបន្ថែមថា អ្នកនាំពាក្យនឹងផ្តល់ការប្រាស្រ័យទាក់ទងយ៉ាងសកម្មលើគ្រប់បញ្ហា មិនថា ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានោះទេ។ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសថ្មីនេះ នឹងកោះប្រជុំជារៀងរាល់ថ្ងៃនៅម៉ោង៩:៣០ព្រឹក និងធ្វើសន្និសីទកាសែតនៅពេលថ្ងៃត្រង់តាមរយៈការផ្សាយផ្ទាល់ ហើយសម្រាប់ចុងសប្តាហ៍ ក្រុមការងារនឹងនៅប្រចាំការ ហើយកិច្ចប្រជុំនឹងធ្វើឡើងតាមអនឡាញ ប្រសិនបើមានបញ្ហាបន្ទាន់កើតឡើង៕
ដោយ: តែម សុខុម