រាជរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ពន្ធលើសេវាកម្មអេឡិចត្រូនិក ត្រូវបានគិតគូរ និងរៀបចំអស់រយៈពេលជាង ២ឆ្នាំមកហើយ មុននឹងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២០១នេះ ហើយក៏រំពឹងដែរថា នឹងប្រមូលចំណូលបានជាង ១៥០លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធបើកឆាកដំបូងនេះ។
អត្រាពន្ធអាករតម្លៃបន្ថែម ៧% នឹងដាក់ទៅលើ អាជីវកម្ម ដែលអាចរកប្រាក់ចំណូលពី ការលក់តាមប្រព័ន្ធអនឡាញ លើសពី ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយអាជីវកម្មដែលត្រូវបង់ពន្ធ រួមមាន វេទិកាទិញទំនិញតាមអនឡាញ, សេវាកម្មផ្សព្វផ្សាយតាមអនឡាញ, សេវាកម្មបញ្ជាកក់តាមអនឡាញ, សេវាកម្មប្រព័ន្ធផ្សព្វផ្សាយ ឬកម្មវិធី, អ្នកផ្តល់សេវាកម្មឈ្មួញកណ្តាល និងសេវាកម្មមួយចំនួនផ្សេងទៀត។
ការចាប់ផ្តើមប្រមូលចំណូលពន្ធអនឡាញនេះទៀតសោត ក៏ធ្វើទៅតាមគំរូរបស់ បណ្តាប្រទេសជាច្រើននៅលើសកលលោក ដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ដែលគោរពតាមគោលការណ៍ណែនាំ របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ធ្វើធានានូវ ការប្រមូលពន្ធអាករលើតម្លៃបន្ថែម សម្រាប់សេវាកម្មឆ្លងព្រំដែន។
នាយកដ្ឋានប្រាក់ចំណូលនៃ ក្រសួងហិរញ្ញវត្ថុថៃ បានអភិវឌ្ឍប្រព័ន្ធពន្ធអាករតម្លៃបន្ថែមជាលក្ខណៈសាមញ្ញ សម្រាប់សេវាកម្មអេឡិចត្រូនិក ដែលផ្តល់ភាពងាយស្រួលដល់ ប្រតិបត្តិករបរទេស ក្នុងការចុះបញ្ជីបង់ពន្ធ និងបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
ជាក់ស្តែង វេទិកាឌីជីថលអន្តរជាតិធំៗ ដែលជាប់កាតព្វកិច្ចថ្មីនេះ រួមមាន Apple, Google, Facebook, Netflix, Line, Youtube និង Tiktok ជាដើម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនបរទេសចំនួន ៥០ ដែលបានចុះបញ្ជី។
តំណាងក្រុមហ៊ុនរបស់ប្រតិបត្តិករបរទេស មកពី eBay Thailand, Line និង Facebook ក៏បានអះអាងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាម ច្បាប់ប្រមូលពន្ធលើសេវាកម្មអនឡាញនេះ។
ជាចុងក្រោយ ក្រសួងហិរញ្ញវត្ថុថៃ លើកឡើងថា ការប្រមូលពន្ធថ្មីនេះ នឹងបង្ហាញពីប្រាក់ចំណូលរបស់ ប្រតិបត្តិករបរទេស កាន់តែច្បាស់ ហើយទិន្នន័យនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់គណនារបបពន្ធផ្សេងៗ ដែលអាចកើតមានឡើងក្នុងពេលអនាគត៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍