លុយទាំងនេះនឹងដកយកចេញពីមូលនិធិកម្ចី ១ទ្រីលានបាតដែលបានគ្រោងខ្ចីរួចហើយ សម្រាប់ការទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចក៏គំហុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលដកស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។
មន្ត្រីអ្នកនាំពាក្យដដែល បាននិយាយបន្តថា លុយនេះនឹងបញ្ចេញចែកដល់គ្រួសារកសិករ សម្រាប់រយៈពេល ៣ខែ គិតចាប់ពីខែឧសភា ទៅ។
នៅមុននេះបន្តិច ប្រទេសថៃក៏បានដាក់ចេញនូវកម្មវិធីចែកលុយសុទ្ធដាច់ដោយឡែកមួយផងដែរ សម្រាប់ប្រជាជនទាំងឡាយណាដែលត្រូវបានរ៉ាប់រងដោយបេឡាសន្តិសុខសង្គម។ គោលនយោបាយនោះ កំពុងត្រូវគេពង្រីកចែកទៅដល់ប្រជាជន ១៦លាននាក់ ដោយចំណាយអត់ថវិកា ២៤០ពាន់លានបាត។
កន្លងមក រដ្ឋាភិបាលថៃបានសន្យាចាយថវិកាប្រមាណ ៣៩០ពាន់លានបាត ឬស្មើនឹង ១២ពាន់លានដុល្លារ ទៅលើការចែកអំណោយជាលុយសុទ្ធ ដែលចំនួននេះស្មើនឹង ២,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ កាលពីឆ្នាំ២០១៨ ដែលមានចំនួន ៥០៥ពាន់លានដុល្លារអាមេរិក (យោងតាមធនាគារពិភពលោក)។
ប្រជាជនជិត ៣០លាននាក់ក្នុងចំណោមប្រជាជនសរុប ៦៩លាននាក់នៅក្នុងប្រទេសថៃ បានដាក់ពាក្យស្នើសុំអំណោយលុយសុទ្ធនៅក្រោមកម្មវិធីជំនួយរបស់រដ្ឋាភិបាល ប៉ុន្តែ មនុស្សជាច្រើនមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអំណោយទេ។
ធនាគារថៃបានព្យាករថា សេដ្ឋកិច្ចឆ្នាំនេះនឹងធ្លាក់ចុះ ៥,៣% ដែលជាការធ្លាក់ចុះនេះគឺអាក្រក់បំផុត គិតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក៕