អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បម្រាមលើការហោះហើរអន្តរជាតិនឹងត្រូវដកចេញវិញ នៅថ្ងៃពុធ សប្ដាហ៍នេះ ដោយមានភ្ជាប់នូវលក្ខខណ្ឌមួយចំនួន។
យន្តហោះ និងមនុស្សដែលចូលប្រទេសថៃ ត្រូវតែអនុវត្តតាមលក្ខខណ្ឌ ការកំហិតពេលវេលា និងវិធាននានាសម្រាប់អ្នកដែលទទួលបានការអនុញ្ញាត នៅក្រោមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីជំងឺឆ្លង ច្បាប់ចរាចរណ៍ផ្លូវអាកាស និងក្រឹត្យស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្ន។
ការប្រកាសលើកបម្រាមនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតដល់ការធ្វើដំណើរពីក្រៅប្រទេសចូលមកប្រទេសថៃ ក្នុងនោះរួមទាំង អ្នកដំណើរជាធុរជន និងជនបរទេសនិងគ្រួសារដែលមានសៀវភៅការងារ ឬបណ្ណស្នាក់នៅ នៅក្នុងប្រទេសថៃ ។
ព្រលានយន្តហោះ និងវិស័យអាកាសចរណ៍បានទទួលរងគ្រោះយ៉ាងខ្លាំងពីបម្រាមលើការហោះហើរអន្តរជាតី ដែលបានដាក់ចេញកាលពីខែមេសា ហើយក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានអនុញ្ញាតការហោះហើរមួយចំនួនឲ្យអាចបន្តវិញបាន នៅខែឧសភា ។
គិតចាប់ពីដើមឆ្នាំមក នាយកដ្ឋានអាកាសយានដ្ឋាន បានឲ្យដឹងថា មានអ្នកធ្វើដំណើរតិចជាង ៥លាននាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះទាំង ២៨ របស់ប្រទេសថៃ ដែលចំនួននេះមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលកាលនោះ មានអ្នកដំណើរប្រើប្រាស់ព្រលានយន្តហោះទាំងអស់នៅក្នុងប្រទេសថៃ ដល់ទៅ ៩,៣លាននាក់។
តួលេខដែលបានចេញផ្សាយសម្រាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា អាកាសយានដ្ឋានទាំង ២៨ របស់ប្រទេសថៃ ទទួលអ្នកធ្វើដំណើរបាន ៤,២លាននាក់ ដែលក្នុងនេះ ៥៤% ជាការហោះហើរក្នុងស្រុក។ ក្នុងរយៈពេលនេះ មានជើងហោះហើរសរុប ១៨.៧០០ជើង ដែលបានហោះចូល និងចេញពីអាកាសយានដ្ឋាន ដែលធ្លាក់ចុះចំនួន ៤៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានជើងហោះហើរដល់ទៅ ៣៥.៨០០ជើង។
យោងតាមតួលេខដដែល សព្វថ្ងៃ អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសថៃ មានការហោះហើរតាមកាលវិភាគ ជាមធ្យម ពី ៧០ ទៅ ៨០ជើង ក្នុងមួយថ្ងៃ ខណៈដែលកាលពីបណ្ដាឆ្នាំមុនៗ ចំនួនជើងហោះហើរជាមធ្យមក្នុងមួយថ្ងៃៗ មានចន្លោះពី ១៦០ ទៅ ១៧០ជើង៕