លោក តាវីស៊ិប វិសានូ យុទ្ធស៊ិន មន្ត្រីនាំពាក្យរបស់មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាពកូវីដ-១៩ (CCSA) បានបញ្ជាក់នៅក្នុងកាសែតបាងកកប៉ុស្ដិ៍ថា អ្នកដំណើរដែលនឹងត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃ ក៏ត្រូវការស្នើដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ដូចទៅនឹងពលរដ្ឋថៃ ត្រឡប់មកពីក្រៅប្រទេសដែរ។
ក្នុងនោះ ក្រុមអ្នកដំណើរក្នុងដំណាក់កាលដំបូង ដែលនឹងបើកទ្វារឲ្យចូលក្នុងប្រទេសថៃនោះ រួមមានវិនិយោគិន និងធុរជន ដែលមានមុខជំនួញនៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនអ្នកដំណើរទាំងនេះ គឺមាន ៧០០នាក់ហើយ បានស្នើសុំចូលមកក្នុងប្រទេសថៃ។
ដំណាក់កាលទី២ គឺនឹងអនុញាតសម្រាប់កម្មករ និងអ្នកជំនាញកម្រិតខ្ពស់ ប្រហែល ២,២ម៉ឺននាក់ ដោយក្នុងនោះ មានជនបរទេស ២ពាន់នាក់ កំពុងរង់ចាំត្រឡប់ចូលទៅជួបក្រុមគ្រួសាររបស់ពួកគេនៅប្រទេសថៃ។
និងដំណាក់កាលទី៣ គឺនឹងមានអ្នកដំណើរស្វែងរកសេវាសុខាភិបាលប្រមាណ ៣ម៉ឺននាក់ ក៏នឹងត្រូវអនុញ្ញាតឲ្យចូលប្រទេសថៃដែរ។
លោក ណាត់ថាពល ណាក់ផានិច ជាមេបញ្ជាការរងកងទ័ព និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលការដកប្រទេសចេញពីការបិទទ្វារ នឹងដាក់ស្នើបញ្ជីឈ្មោះក្រុមទេសចរទាំងនេះ ដើម្បីប្រជុំសម្រេចចុងក្រោយជាមួយនឹង មជ្ឈមណ្ឌលសម្រាប់រដ្ឋាបាលស្ថានភាពកូវីដ-១៩ នៅថ្ងៃសុក្រសប្ដាហ៍នេះ។
ដោយឡែក ចំពោះក្រុមធុរជន និងភ្ញៀវ ដែលមកធ្វើដំណើររយៈពេលខ្លី ក៏ត្រូវបានគេបែងចែកនៅក្នុងបញ្ជីឈ្មោះផ្សេងទៀត សម្រាប់ការពិចារណានៅពេលខាងមុខទៀត ដែលអាចនឹងស្វែងរកនូវវិធានការដើម្បីឲ្យអនុញ្ញាតឲ្យពួកគេចូលទៅកាន់ប្រទេសថៃ ដោយមិនមានការតម្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃនោះទេ ព្រោះតែពួកគេស្នាក់នៅរយៈពេលខ្លី។
លោក ថាវីស៊ិប បានបន្ថែមទៀតថា ទេសចរមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង អាចនឹងក្លាយជាក្រុមអ្នកដំណើរដំបូង ដែលអនុញ្ញាតឲ្យត្រឡប់ចូលក្នុងប្រទេសថៃ ព្រោះរដ្ឋាភិបាលប្រទេសទាំងនោះ គឺមានភាពជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លង កូវីដ-១៩។
សូមបញ្ជាក់ថា រយៈពេល ២៨ថ្ងៃមកនេះ ប្រទេសថៃ មិនមានរកឃើញករណីឆ្លងរាលដាលក្នុងសហគមន៍ទឿតនោះទេ៕