
សារព័ត៌មាន the Nation បានរាយការណ៍ថា ដើម្បីលើកទឹកចិត្តពលករកម្ពុជា មិនឱ្យបន្តចាកចេញពីការងារនៅក្នុងប្រទេស ក្រសួងមហាផ្ទៃថៃ បានចេញប្រកាសលើកលែងទិដ្ឋាការ និងអនុញ្ញាតឲ្យពលរដ្ឋខ្មែរស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃបន្ត ទោះបីជាទិដ្ឋាការរបស់ពួកគេផុតសុពលភាពក្ដី។
ប្រភពដដែលបានអះអាងថា ការប្រកាសនេះធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាលថៃ បានបង្កើនវិធានការត្រួតពិនិត្យព្រំដែននៅគ្រប់ច្រកព្រំដែន ដែលបានប៉ះពាល់ដល់លទ្ធភាពពលករខ្មែរក្នុងការធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរដែលមានបណ្ណការងារ ឬស្នាក់នៅតាមតំបន់ព្រំដែនបានផុតកំណត់ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ហើយដែលមិនអាចត្រឡប់មកកម្ពុជាវិញ អាចស្នាក់នៅក្នុងប្រទេសថៃ រយៈពេល៦ខែបន្ថែម។
ការលើកលែងនេះ អនុវត្តចំពោះពលករដែលធ្លាប់ទទួលបានលិខិតអនុញ្ញាតការងារតាមមាត្រា ៦៤ នៃច្បាប់គ្រប់គ្រងការងារជនបរទេសឆ្នាំ ២០១៧ ប៉ុន្តែមិនអាចត្រឡប់មកកម្ពុជាវិញបានទេ ដោយសារវិធានការត្រួតពិនិត្យព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។
ដោយឡែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod វិញបានបន្ថែមថា នៅពេលនេះ ថៃ កំពុងតែមានវិបត្តិខ្វះពលករ ហើយក្រសួងក្រសួងការងារថៃ កំពុងតែរកដំណោះស្រាយដោយកំណត់គោលដៅពង្រីកទីផ្សារស្វែងរកពលករមិនត្រឹមតែ ឡាវ មីយ៉ាន់ម៉ា វៀតណាម ប៉ុណ្ណោះទេ គឺមានរហូតដល់ ឥណ្ឌូនេស៊ី និង ហ្វីលីពីន ហើយក៏មានសេចក្តីរាយការណ៍ថា កំពុងតែសម្លឹងចេញក្រៅតំបន់ទៅស្រីលង្កា និង នេប៉ាល់ថែមទៀត ។
លោក ភុងកាវិន ជុនរុងរឿងគៀត (Pongkavin Jungrungruangkit) រដ្ឋមន្ត្រីក្រសួងការងារថៃ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ទីផ្សារពលករនៅថៃ គឺមានតែកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ប៉ុណ្ណោះ ខណៈដែលរដ្ឋកំពុងបន្ដស្វែងរកទៅកាន់ប្រទេសជាច្រើនទៀត។
យោងតាមទិន្នន័យពីក្រសួងការងារបានបង្ហាញថា ចំនួនពលករចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់កម្ពុជាវិញ គិតតាំងពីមានផ្ទុះសង្គ្រាមតាមព្រំកម្ពុជា-ថៃមក បានកើនឡើងដល់ប្រមាណជាង ៩០ម៉ឺននាក់ហើយ៕
ដោយៈ សរ សុជាតិ