រថយន្តអគ្គីសនីចិន

រថយន្តអគ្គីសនីចិនអាចនឹងធ្វើឲ្យរង្គោះរង្គឺដល់តួនាទីនាំមុខនៃរថយន្តជប៉ុននៅក្នុងទីផ្សារនៅថៃ


ការរីកដុះដាលនិងប្រណិតភាពនៃរថយន្តអគ្គីសនី ដែលកំពុងតែផលិតដោយប្រទេសចិន បាននិងកំពុងតែគំរាមកំហែងដល់ការកាន់កាប់ចំណែកទីផ្សាររបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃ។ ផ្អែកតាមអ្នកស្រាវជ្រាវជប៉ុនបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិនអាចដណ្ដើមបានយ៉ាងតិច១៥ភាគរយនៃចំណែកទីផ្សារពីក្រុមហ៊ុនជប៉ុនក្នុងពេល១០ឆ្នាំទៀត។
រថយន្តអគ្គីសនីចិនកំពុងតែប្រជែងនឹងទីផ្សារថយន្តជប៉ុននៅថៃ

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានត្រួតត្រាទីផ្សាររថយន្តធំបំផុតនៅតំបន់អាស៊ីអគ្នេយ៍ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន BYD និង Great Wall Motor នឹងចាក់ទុនវិនិយោគដ៏ច្រើនសម្បើម ដែលអាចនឹងធ្វើឲ្យមានការប្រែប្រួលក្នុងទីផ្សារលក់រថយន្តដែលតែងតែកាន់កាប់ដោយរថយន្តជប៉ុន ក្រោយពីរោងចក្រតម្លើងនិងផលិតរថយន្តអគ្គិសនីរបស់ចិនបើកដំណើរការនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសាព័ត៌មានសិង្ហបុរី Channel News Asia។
ក្រុមហ៊ុន ស្យាម មូទ័រ (Siam Motors) របស់ថៃ ដែលជាក្រុមហ៊ុនមានចំណូលប្រចាំឆ្នាំសរុបប្រមាណជា ៧ ពាន់លានដុល្លារ ពីកិច្ចសហការជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុនរាប់ទស្សវត្សរ៍ កំពុងសម្លឹងមើលឱកាសចាប់ដៃគូជាមួយក្រុមហ៊ុនចិនលើឧស្សាហកម្មរថយន្តអគ្គីសនី។ បច្ចុប្បន្ន ស្យាម មូទ័រ កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តចិនមួយចំនួន អំពីភាពជាដៃគូប្រកបដោយសក្តានុពល ជាពិសេសការផលិតរថយន្តអគ្គិសនីទំនើបៗក្នុងប្រទេសថៃ។
លោក សេបាស្យាង ឌុយពុយ (Sebastien Dupuy) អនុប្រធានក្រុមហ៊ុន ស្យាម មូទ័រ (Siam Motors) របស់ថៃ បាននិយាយថា៖ «រថយន្តអគ្គីសនីនឹងក្លាយជាផលិតផលល្អមួយសម្រាប់កំណើន»។ លោកបន្តថា៖ «មានកំណើនទីផ្សារសម្រាប់រថយន្តអគ្គិសនី ហើយយើងចង់ចាប់យកកំណើននេះ»។

ការរិះគិតអំពីសក្តានុពលនៃរថយន្តអគ្គីសនីដោយក្រុមហ៊ុន ស្យាម មូទ័រ គឺនៅក្រោយពេលដែលក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD) និងក្រុមហ៊ុន ហ្គ្រិត វ៉ល ម៉ូទ័រ (Great Wall Motor) ដែលជាក្រុមហ៊ុនផលិតរថយន្តចិន បានដាក់ទុនតម្លៃជាង១ពាន់៤រយលានដុល្លារនៅក្នុងប្រទេសថៃតាំងពីឆ្នាំ២០២០មក ដើម្បីប្រជែងនឹងទីផ្សារដែលកំពុងតែគ្របដណ្ដប់ដោយរថយន្តជប៉ុន។
ថៃត្រូវបានគេដឹងថាជាប្រទេសផលិតរថយន្ត និងនាំចេញរថយន្តធំបំផុតនៅតំបន់អាស៊ីអគ្នេយ៍ ហើយមានទីផ្សារសម្រាប់ការលក់រថយន្តធំបំផុតលំដាប់ទី២បន្ទាប់ពីឥណ្ឌូនេស៊ី។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានត្រួតត្រាទីផ្សារនេះអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ជាមួយនឹងទុនវិនិយោគដែលនាំមកដោយក្រុមហ៊ុន BYD និង Great Wall Motor អាចនឹងធ្វើឲ្យមានការប្រែប្រួលចំពោះចំណែកទីផ្សារដែលកាន់កាប់ដោយរថយន្តជប៉ុន ក្រោយពីរោងចក្រតម្លើងនិងផលិតរថយន្តអគ្គិសនីចិនបើកដំណើរការនៅឆ្នាំ២០២៤។
លោក ហាជីម យ៉ាម៉ាម៉ូតុ (Hajime Yamamoto) ប្រធានផ្នែកប្រឹក្សាយោបល់នៅវិទ្យាស្ថានស្រាវជ្រាវ ណូមូរ៉ា (Nomura) ក្នុងប្រទេសថៃ បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ផលិតផលចិនអាចដណ្ដើមយកចំណែកទីផ្សាយយ៉ាងហោចណាស់ ១៥ ភាគរយ ពីក្រុមហ៊ុនជប៉ុន តាមរយៈការលក់រថយន្តអគ្គិសនីតម្លៃសមរម្យ។ លោក យ៉ាម៉ាម៉ូតុ បានបន្តថា "ក្រុមហ៊ុនជប៉ុនអាចធ្វើរថយន្តអគ្គិសនីសម្រាប់គោលដៅទីផ្សារពិសេសៗមួយចំនួនប៉ុណ្ណោះ"។
កាលពីឆ្នាំទៅ រថយន្តដែលចុះបញ្ជីនៅថៃមានសរុបជិត៨សែន៥ម៉ឺនគ្រឿង នៅក្នុងនោះរថយន្តអគ្គីសនីមានតែ១ភាគរយទេ ប៉ុន្តែអត្រានេះបានកើនឡើងដល់៦ភាគរយក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD) របស់ចិន ជាអ្នកនាំមុខគេលើទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ បន្ទាប់មកគឺក្រុមហ៊ុន អេសអេអាយស៊ី (SAIC) និងក្រុមហ៊ុន ហ៊ូហ្សុន (Hozon) ដែលសុទ្ធតែជាក្រុមហ៊ុនចិន និងក្រុមហ៊ុនតេស្លារបស់អាមេរិក។ យោងតាមទិន្នន័យចុះបញ្ជី មានរថយន្តអគ្គិសនីជិត១ម៉ឺន៨ពាន់៥រយគ្រឿង ត្រូវបានលក់ចេញចាប់ពីខែមករាដល់ខែមេសា ដើមឆ្នាំនេះ។ រហូតដល់ចុងឆ្នាំ គេសង្ឃឹមថា ចំនួនរថយន្តអគ្គីសនីដែលចុះបញ្ជីថ្មីនៅថៃ នឹងឡើងដល់ជាង៦ម៉ឺនគ្រឿង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការនាំចេញរបស់កម្ពុជានឹងកាន់ល្អប្រសើរនៅឆមាសទី២ ក្រោយមានកំណើនជិត១%នៅឆមាសទី១

ព័ត៌មាន
ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញបន្តិចនៅឆមាសទី១ឆ្នាំនេះ ជាមួយការសម្រេចបានទំហំទឹកប្រា…

តើការផ្តល់កម្ចីក្រៅផ្លូវការ អាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចី ដែលមានច្បាប់ត្រឹមត្រូវយ៉ាងណាខ្លះ?

ព័ត៌មាន
ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ