ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះលើកទី៤ រវាងប្រទេសថៃ និងវៀតណាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បាននិយាយថា ការពិភាក្សារបស់លោកជាមួយលោក ង្វៀន ហុង ឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននាំទៅការកំណត់គោលដៅទៅវិញទៅមកនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងវៀតណាមក្នុងទំហំជាទឹកប្រាក់ ២៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលកើនឡើងពីជិត ២០ ពាន់លានដុល្លារកាលពីឆ្នាំមុន។
កាលឆ្នាំ ២០២១ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសថៃក្នុងតំបន់អាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន ជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងម៉ាឡេស៊ី។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត២០ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ កើនឡើង ជាង ១៧% ធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ ការនាំចេញសរុបរបស់ថៃទៅកាន់វៀតណាមមានចំនួនជាង ១២ ពាន់លានដុល្លារ កើនឡើងជាង ១២% ហើយការនាំចូលពីវៀតណាមមកវិញមានជិត៧ពាន់លានដុល្លារ កើនឡើងជាង ២៧% ។
ជាមួយគ្នានេះដែរ ផលិតផលនាំចេញសំខាន់ៗរបស់ថៃនាំទៅវៀតណាម រួមមាន រថយន្ត និងគ្រឿងបន្លាស់រថយន្ត ជ័រប្លាស្ទិក ប្រេងចម្រាញ់រួច សារធាតុគីមី ម៉ាស៊ីនត្រជាក់ និងគ្រឿងបង្គុំ ខណៈផលិតផលនាំចូលសំខាន់ៗពីប្រទេសវៀតណាមមកវិញ មានដូចជា គ្រឿងអគ្គិសនី ប្រេងឆៅ គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ ផលិតផលដែក និងសារធាតុគីមី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរីន (Jurin) បានស្នើសុំវៀតណាមជួយសម្រួលការដឹកជញ្ជូនផ្លែឈើរបស់ថៃឆ្លងកាត់ព្រំដែនតាមច្រកវៀតណាមទៅកាន់ច្រកព្រំដែន យូអ៊ីហ្គ័ន (Youyiguan) របស់ប្រទេសចិន។ ថៃក៏បានអំពាវនាវឱ្យវៀតណាមជួយចរចាជាមួយចិន ដើម្បីបើកច្រកព្រំដែន យូអ៊ីហ្គ័ន (Youyiguan) ក៏ដូចជាប៉ុស្តិ៍ត្រួតពិនិត្យផ្លូវដែក ពីងស៊ាំង (Pingxiang) ខណៈពេលដែលមានការចាប់ផ្តើមប្រតិបត្តិការឡើងវិញនៃប៉ុស្តិ៍ត្រួតពិនិត្យ តុងស៊ីង (Tongxing) របស់ប្រទេសចិន។ លោក ជូរីនបាននិយាយាថា ថៃបានស្នើសុំសម្រួលច្រកដឹកជញ្ជូននៅប្រទេសវៀតណាម ដើម្បីពន្លឿនការបញ្ជូនផលិតផលថៃទៅកាន់ប្រទេសចិន និងបញ្ចៀសការខូចខាតផលិតផលផងដែរ។ ស្របពេលដែល អាជ្ញាធរចិននៅតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរាល់ទំនិញផ្លែឈើដែលចូលប្រទេសតាមច្រកព្រំដែន ស្របតាមគោលនយោបាយ គ្មានកូវីដ របស់ប្រទេសចិន។
សូមជម្រាបថា ប្រទេសថៃបាននឹងកំពុងស្វែងរកការគាំទ្រសម្រាប់ការវិនិយោគលើថាមពលស្អាតនៅវៀតណាម ក៏ដូចជាការផ្គត់ផ្គង់កម្មករវៀតណាមទៅកាន់ប្រទេសថៃ បន្ថែមពីលើបុគ្គលិកវៀតណាមដែលមាននៅថៃនាពេលបច្ចុប្បន្ន ដោយភាគច្រើនពួកគេធ្វើការនៅក្នុងវិស័យនេសាទ និងសំណង់។
វៀតណាមក៏បានស្នើឱ្យថៃជួយដោះស្រាយឱនភាពពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួន ដោយពន្លឿនការនាំចូលផ្លែឈើចំនួនប្រាំមុខរបស់វៀតណាមដូចជា ក្រូចថ្លុង ផ្លែទៀប ផ្លែផាសិន និងសាវម៉ាវជាដើម៕
អត្ថបទ៖ ម៉ុន សុកែវ