ច្បាប់អន្តរជាតិ

ថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ តែកម្ពុជា ប្រាប់ថៃថា កុំប្រើច្បាប់ព្រៃ


ប្រទេសថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ រួមទាំងប្រើច្បាប់ក្នុងស្រុករបស់ខ្លួនអនុវត្តលើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រសិនបើមិនចាកចេញពីតំបន់ដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួនឱ្យបានមុនថ្ងៃកំណត់របស់ខ្លួនទេនោះ។
ច្បាប់អន្តរជាតិ
ដោយ

ក្រសួងការបរទេសកម្ពុជា បានអះអាងថា ថៃ មិនអាចទាមទារអធិបតេយ្យភាព ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ។ បន្ថែមពីលើនេះកម្ពុជា បានប្រាប់ភាគីថៃឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹកនៅក្រៅដែនដីរបស់ខ្លួន។

បើតាមសារព័ត៌មាន Thai Examiner បានរាយការណ៍ថា រដ្ឋបាលខេត្តស្រះកែវរបស់ថៃ បានកំណត់ឱសានវាទដោយទុកពេលឱ្យពលរដ្ឋខ្មែរ ដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រយៈពេល១៥ថ្ងៃ ដើម្បីរុះរើផ្ទះសម្បែងចេញពីតំបន់ ដែលខ្លួនបានអះអាងដោយគ្មានអៀនខ្មាស និងវង្វេងប្រវត្តិសាស្ត្រថាជាទឹកដីរបស់ខ្លួន បើពុំដូច្នោះទេ ខ្លួននឹងចាត់វិធានការទៅតាមផ្លូវច្បាប់របស់ខ្លួន។ ថៃ បានចោទពលរដ្ឋខ្មែរថា បានរស់នៅលើទឹកដីខ្លួនដោយខុសច្បាប់ និងបានព្រមានផាកពិន័យធ្ងន់ធ្ងរ និងចាប់ដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំទៀតផង។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាមួយទៅកាន់រដ្ឋបាលខេត្តស្រះកែវរបស់ថៃ ប្រឆាំងនឹងខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃ លើប្រជាពលរដ្ឋកម្ពុជា ដែលបាននឹងកំពុងរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកសកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ដែលបានកំពុងរស់នៅអាស្រ័យផលក្នុងភូមិទាំងពីរនេះតាំងពីយូរយារណាស់មកហើយ ពោលគឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។ ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្រះកែវ មិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃ របស់ខ្លួនមកលើសហគមន៍កម្ពុជា ដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។

សម្រាប់ឯកឧត្តម អ៊ុំ រាត្រី សកម្មភាពជាឯកតោភាគីរបស់ថៃ ដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់កាលពីថ្មីៗថា ថៃ មិនអាចទាមទារអធិបតេយ្យភាព ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពិសេសក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពរក្សាឲ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។

ជាមួយគ្នានេះដែរ ប្រធានរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃសភាវិសាមញ្ញលើកទី៤៦ នៃអន្តរសភាអាស៊ាន (AIPA) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយប្រាប់ថៃ ឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹកនៅក្រៅដែនដីរបស់ខ្លួន និងបានចាត់ទុកការអនុវត្តច្បាប់ព្រៃនេះថា ជាការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

បន្ថែមលើនេះ សម្តេចរដ្ឋសភាធិបតី ទាមទារឱ្យថៃ បញ្ឈប់ការប្រើកម្លាំងទាហានប្រឆាំងជនស៊ីវិល និងបញ្ឈប់ការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងអំពាវនាវឱ្យភាគីថៃ បោះបង់ចោលនូវការប៉ុនប៉ងកំណត់ព្រំដែនជាឯកតោភាគី ដោយកងកម្លាំងយោធា និងងាកមកពិភាក្សាគ្នាតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ ជំនួសវិញ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន ក្រោយរងសម្ពាធពន្ធពីអាម៉េរិក

ចាប់តាំងពីបង្កើតរដ្ឋាភិបាលថ្មីមក នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈគុល និងគណៈរដ្ឋមន្ត្រីរបស់លោក បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស …

ប្រាក់ដុល្លារធ្លាក់ថ្លៃ ក្រោយមានក្ដីបារម្ភកាន់តែខ្លាំងអំពីហានិភ័យផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក

ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ពោលគឺនៅមុនពេលអាម៉េរិកបញ្ចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួន ដែលអាចផ្ដល់ការបង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ