សេដ្ឋកិច្ចថៃ

តើមានកត្តាអ្វីខ្លះធ្វើឱ្យកំណើនផលិលផលក្នុងស្រុកសរុបរបស់ថៃ កើនយឺតជាងការរំពឹងទុក?


ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានលើកឡើងថា សេដ្ឋកិច្ចរបស់ថៃ បានបន្តធ្លាក់ចុះនៅត្រីមាសទី៣ឆ្នាំនេះ ដោយបានធ្លាក់ចុះមកនៅត្រឹមកំណើន១,៥% ដោយសារការនាំចេញបានធ្លាក់ចុះ។ ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី៣ បានបន្តធ្លាក់ចុះពីអត្រាជិត២% នៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ពោលគឺបានធ្លាក់ចុះតិចជាងការព្យាករជាមធ្យមថា នឹងមានអត្រា២,៤%នៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចដែលរៀបចំដោយសារព័ត៌ធំមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចថៃ
ដោយ

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានចាត់ទុកតួលេខដ៏គួរឱ្យខកចិត្តនៃកំណើនផលិតផលក្នុ្ងងស្រុកសរុបរបស់ខ្លួនថា ការធ្លាក់ចុះនេះ គឺដោយារតែការថយចុះក្នុងវិស័យកសិកម្ម និងវិស័យមិនមែនកសិកម្ម ស្របតាមការធ្លាក់ចុះចំណាយលើការប្រើប្រាស់ចុងក្រោយរបស់រដ្ឋាភិបាល និងការនាំចេញ និងការនាំចូលទំនិញ។

បើទោះបីជាមានការកើនឡើងជាង៨% ក្នុងការប្រើប្រាស់ឯកជនក៏ដោយ ប៉ុន្តែតម្រូវការខាងក្រៅចុះខ្សោយ និងការថយចុះផលិតកម្មបានទាញទម្លាក់វិស័យឧស្សាហកម្មរបស់ប្រទេសនេះ សម្រាប់រយៈពេល២ត្រីមាសជាប់ៗគ្នា គឺធ្លាក់ចុះជិត៣%។ ហើយការនាំចេញទំនិញបានធ្លាក់ចុះជាង៣% នៅក្នុងត្រីមាសទី៣ ខណៈដែលសេវាកម្មនៃការនាំចេញទំនិញបានកើនឡើងជាង២៣% ដោយសារតែការកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេស។

វិស័យសេវាកម្មបានកើនឡើងជិត៤% ដោយសារតែការកើនឡើងនូវវិស័យស្នាក់នៅនិងម្ហូបអាហារ ការដឹកជញ្ជូន ពាណិជ្ជកម្មលក់ដុំ និងលក់រាយ និងការជួសជុលយានយន្ត និងម៉ូតូ ប៉ុន្តែតួលេខនេះនៅទាបជាងតួលេខាកាលពីត្រីមាសទី២។

ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ រំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើង២,៥%នៅឆ្នាំនេះ ជាកម្រិតទាបជាងការព្យាករកាលពីលើកមុនដោយរំពឹងទទួលបានចន្លោះពី២,៥%ទៅ៣% និងទាបជាងកំណើនក្នុងឆ្នាំ២០២២ បន្តិច ដែលមានអត្រា២,៦%។ ហើយនៅឆ្នាំក្រោយនេះ ក្រុមប្រឹក្សានេះបានព្យាករថា សេដ្ឋកិច្ចរបស់ថៃនឹងកើនឡើងពី២,៧% ទៅ៣,៧%។

ការស្ទុះងើបឡើងវិញនូវការនាំចេញ និងទេសចរណ៍នៅរដូវកាលកំពូលនៅចុងឆ្នាំនេះ នឹងក្លាយជាអត្ថប្រយោជន៍ដ៏ចាំបាច់សម្រាប់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដែលកំណត់គោលដៅរបស់ខ្លួនសម្រាប់កំណើន៥% ក្នុងរយៈពេលបួនឆ្នាំ។

នាយករដ្ឋមន្រ្តីថៃ លោក ស៊ីថា ថាវីស៊ីន កំពុងប្រឈមនឹងការពន្យារពេលក្នុងគោលនយោបាយកាបូបឌីជីថល ដ៏លេចធ្លោរបស់លោក ដែលនឹងត្រូវចាក់បញ្ចូលទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចតាមរយៈការចែកប្រាក់ដល់ពលរដ្ឋថៃម្នាក់ៗចំនួន២៨៥ដុល្លារ។

ការព្យាករសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាខាងលើសម្រាប់ឆ្នាំ២០២៤ មិនបានរាប់បញ្ចូលការជំរុញកម្មវិធីកាបូបឌីជីថលដែលត្រូវបានសភាអនុម័តជាច្បាប់នោះទេ និងជម្នះបញ្ហាប្រឈមផ្នែកច្បាប់ដ៏មានសក្ដានុពល។ អគ្គលេខាធិការក្រុមប្រឹក្សានេះ លោក ដានូចា ពិចាយ៉ាណាន់ (Danucha Pichayanan) បានចង្អុលបង្ហាញពីវិធានការផ្សេងទៀតដើម្បីពង្រីកសេដ្ឋកិច្ចថៃ ពោលគឺការវិនិយោគ និងកំណើនការនាំចេញ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលដាក់គោលនយោបាយអាទិភាពចំនួនពីរ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែប្រសើរ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលត្រូ…

ប្រទេសចិនបានសម្រេចរក្សាអត្រាការប្រាក់កម្ចីឱ្យនៅដដែល ដូចការរំពឹងទុក

ព័ត៌មាន
ប្រទេសចិន បានបន្តរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅដដែលនៅក្នុងការកំណត់ប្រចាំខែ ដូចការរំពឹងទុកនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈដែលតម្លៃប្រាក់យន់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ