បើតាមគេហទំព័ររបស់សួនសត្វខាងលើនេះ បានឲ្យដឹងថា តាំងពីមានផ្ទុះរាលដាលកូវីដ-១៩រាតត្បាតរលកទី១កាលពីដើមឆ្នាំមុនមក សួនសត្វ Sriracha Tiger បានជួបឧបសគ្គជាច្រើន និងបានព្យាយាមគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាទាំងនោះតាមដែលអាចធ្វើបាន ដើម្បីរកប្រាក់ចំណូល រួមមានដូចជា ការលក់ម្ហូបអាហារតាមដងផ្លូវ និងការផ្សព្វផ្សាយផ្ដល់ជូនការចូលមកទស្សនាឥតគិតថ្លៃសម្រាប់អ្នកចូលទស្សនាជាដើម ពោលគឺដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មនៅបន្ដដង្ហើមបាន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅកាន់បុគ្គលិក និងសត្វរាប់ពាក់ក្បាលដែលកំពុងរស់នៅក្នុងសួនសត្វនោះ។
សួនសត្វ Sriracha Tiger មានសត្វសរុបប្រហែល ៥ពាន់ក្បាល ក្នុងនោះរួមមាន ខ្លា ក្រពើ អូដ្ឋ ដំរី សេះ ក្ដាន់ និងសត្វផ្សេងៗទៀត ហើយសត្វទាំងនោះ ត្រូវបានអ្នកគ្រប់គ្រងសួនសត្វនេះ អះអាងថា នឹងត្រូវបញ្ជូនទៅកន្លែងថ្មី ដែលដីរបស់ក្រុមហ៊ុន ក្រោយពេលសួនសត្វនេះបិទ។
កាលពីខែឧសភា សួនសត្វនេះ បានប្រកាសដាក់លក់សត្វដំរី ១១ក្បាល ក្នុងតម្លៃ ៣លានបាត (ជាង៩ម៉ឺនដុល្លារ)ក្នុងមួយក្បាល ប៉ុន្ដែ នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បាននិយាយថា សត្វដំរីទាំនោះ គឺជាប្រភេទសត្វ ដែលត្រូវបានការការពារ ដោយមិនអាចឲ្យមានការជួញដូរបាននោះទេ លើកលែងតែមានការផ្លាស់ប្ដូររវាងសួនសត្វ សម្រាប់ការអនុញ្ញាតឲ្យមានការស្រាវជ្រាវ ឬការឃោសនាតែប៉ុណ្ណោះ។
នៅពេលដែលត្រូវសួរថា តើពេលណាសួនសត្វនេះ នឹងអាចបើកដំណើរការម្ដងទៀតបាន? អ្នកគ្រប់គ្រងសួនសត្វនេះ បញ្ជាក់ថា មិនទាន់ដឹងពេលវេលាថានឹងបើកឡើងវិញនៅពេលណានោះទេ។ ប៉ុន្ដែ វាអាចមានតម្រុយបើកខ្លះ ប្រសិនបើស្ថានភាពកូវីដ-១៩មានការធូរស្បើយ ហើយខាងសួនសត្វក៏ត្រៀមខ្លួនស្ដាប់សំណើពីខាងអ្នកវិនិយោគរបស់ខ្លួនផងដែរ ថាតើពួកគេចង់បន្ដធ្វើយ៉ាងណាបន្ដទៀត៕យ៉ាងណាក៏ដោយចុះ អ្នកគ្រប់គ្រងសួនសត្វបានអះអាងថា «យើងអាចសាងសង់កន្លែងថ្មី នៅកន្លែងណាមួយ ដែលអាចនឹងធំជាងកន្លែងចាស់នេះ។ សួនសត្វ Sriracha Tiger Zoo បានចុះបញ្ជីពាណិជ្ជសញ្ញារួចហើយដែរ»។
សូមបញ្ជាក់ថា សួនសត្វ Sriracha Tiger ត្រូវបានបើកដំណើរការផ្លូវការនៅក្នុងខែមេសា ឆ្នាំ១៩៩៧ ដោយមានលោក Maitri Temsiripong ជាស្ថាបនិក និងជាប្រធាន ហើយម្ចាស់សួនសត្វនេះ គឺជាអតីតអ្នកបង្កាត់ពូជជ្រូក និងក្រពើ។ សួនសត្វនេះ កាលពីមិនទាន់មានកូវីដ-១៩ចូលមករំខាន អាចទទួលបានភ្ញៀវទេសចរប្រមាណ ១,៥លាននាក់ក្នុងមួយឆ្នាំៗ ភាគច្រើនជាជនជាតិចិន, ឥណ្ឌា, វៀតណាម, ឥណ្ឌូនេស៊ី និងរុស្ស៊ី៕