
ក្រោយសភាបោះឆ្នោតជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា លោក អានុទីន ឆានវីរៈគុល បានប្រកាសថា បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិក បូករួមទាំងយន្តហោះឯកជនចំនួន៣គ្រឿង អូប័រ ២គ្រឿង និងផ្ទះដ៏ប្រណីតមួយនៅក្នុងទីក្រុងបាងកករ។ លោក អានុទីន អតីតមហាសេដ្ឋីក្នុងវិស័យសំណង់ ក៏បានប្រកាសឱ្យដឹងដែរថា លោកមានសាច់ប្រាក់ និងប្រាក់បញ្ញើក្នុងគណនីធនាគារជាង២០ សរុបជាង៣៤លានដុល្លារអាម៉េរិក ក្នុងចំណោមទ្រព្យសម្បត្តិ ដែលលោកមាន។
លោក អានុទីន វ័យ៥៨ឆ្នាំ បានប្រកាសលាតត្រដាងទ្រព្យសម្បត្តិរបស់លោកនៅចំពោះមុខគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់មន្រ្តីរដ្ឋាភិបាល ហើយស្ថាប័នប្រឆាំងអំពើពុករលួយនេះបានធ្វើកំណត់ត្រាជាសាធារណៈ កាលពីថ្ងៃទី០៩ ខែ កញ្ញា។
ហើយមុនពេលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក អានុទីន បានកសាងទ្រព្យសម្បត្តិរបស់លោកតាមរយៈក្រុមហ៊ុន Sino-Thai Engineering and Construction ដែលជាក្រុមហ៊ុនសំណង់ដ៏ធំរបស់គ្រួសារលោក។ ក្រុមហ៊ុនសំណង់ដ៏ធំមួយនេះត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនថៃ ហើយក្រុមហ៊ុននេះទទួលបានកិច្ចសន្យាធំៗជាច្រើនរបស់រដ្ឋាភិបាល រួមទាំងគម្រោងធំៗដូចជាគម្រោងអាកាសយានដ្ឋានសុវណ្ណភូមិ និង អគាររដ្ឋសភាថ្មីផងដែរ។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់លម្អិតថា លោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ រកស៊ីអ្វីខ្លះឱ្យប្រាកដនោះឡើយ ដូចនេះទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិកខាងលើនេះ គ្រាន់តែជាអ្វីដែលលោកប្រកាសឱ្យដឹងប៉ុណ្ណោះ ហើយទ្រព្យសម្បត្ដិដែលលោកមិនប្រកាសគ្មានអ្នកណាដឹងឱ្យប្រាកដនោះឡើយ៕
ដោយ: តែម សុខុម