
បើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានថៃ ឥណទានមិនដំណើរការនៅប្រទេសថៃ បានកើនឡើង២៥% ចាប់តាំងពីចុងឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៥ ជាមួយទំហំបំណុលកើនដល់៣៦ពាន់លានដុល្លារអាម៉េរិក ដែលជាកម្រិតមួយខ្ពស់គួរឱ្យព្រួយបារម្ភ។ លោក ស៊ូរ៉ាពុល អូផាសាធៀន ( Surapol Opasatien) នាយកប្រតិបត្តិនៃការិយាល័យឥណទានថៃ បាននិយាយថា ទំហំឥណទានមិនដំណើរការនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តថែមទៀតនៅត្រីមាសទីមួយឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា កាលពីចុងឆ្នាំ២០២២ ឥណទានមិនដំណើរការនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ មានត្រឹមជិត២៩ពាន់លានដុល្លារប៉ុណ្ណោះ ហើយវាបានកើនដល់ជិត៣១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣ និងបន្តកើនដល់ជាង៣៦ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៤។ នៅក្នុងអំឡុងពេលនោះ ការរៀបចំឥណទានឡើងវិញ បានកើនឡើងជាបន្តបន្ទាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយទំហំជាង៣១ពាន់លានដុល្លារ គិតត្រឹមខែមករា ឆ្នាំ២០២៥។
មកដល់ពេលនេះ ការស្នើសុំរៀបចំឥណទានឡើងវិញ នៅតែបន្តកើនឡើងនៅតាមស្ថាប័នហិរញ្ញវត្ថុនានា ហើយគេរំពឹងថា ការស្នើសុំរៀបចំឥណទានឡើងវិញនឹងបន្តកើនឡើងបន្ថែមទៀត នៅត្រីមាសទី១ ឆ្នាំ២០២៥។
បច្ចុប្បន្នរដ្ឋាភិបាលថៃ រួមជាមួយភាគីពាក់ព័ន្ធកំពុងពិចារណាលើផែនការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុកបង្កើតរបស់លោកស្រី ផែថុងថាន ស៊ីវ៉ាត្រា ដែលគ្រោងទិញយកបំណុលរបស់ពលរដ្ឋ និងលុបប្រវត្តិឥណទានចេញពីប្រព័ន្ធធនាគារ ដើម្បីជួយស្តារសេដ្ឋកិច្ច ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកជំពាក់បំណុលទាំងនោះសងបំណុលតាមលទ្ធភាពរបស់ពួកគេ៕
ដោយៈ សរ សុជាតិ