ក្រុមអ្នកតំណាងអ្នកធុរកិច្ចសំខាន់ៗចំនួន៣រួមមាន សភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងសមាគមធនាគារថៃ ដែលជាផ្នែកមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ បានជួបប្រជុំគ្នានៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីពិភាក្សាពីផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករគ្មានជំនាញ។
បន្ទាប់ពីកិច្ចប្រជុំ ប្រធានសភាពាណិជ្ជកម្មថៃលោក សាណាន អានហ្គូបុលគុល (Sanan Angubolkul) ដែលជាប្រធានអង្គប្រជុំនេះបានលើកឡើងថា គណៈកម្មាធិការនេះបានសម្រេចដាក់លិខិតចំហមួយទៅកាន់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជិត១២ដុល្លារក្នុង១ថ្ងៃដល់កម្មករនៅទូទាំងប្រទេសនេះ។
សូមរំលឹកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រកាសថា រដ្ឋាភិបាលនឹងចាប់ផ្ដើមដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃជិត១២ដុល្លារនៅទូទាំងប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករា តទៅ។ ប៉ុន្តែគណៈកម្មាធិការទទួលបន្ទុកប្រាក់ឈ្នួលត្រីភាគីខាងលើ មិនទាន់បានសម្រេចថា នឹងឯកភាពតាមផែនការនេះនៅឡើយទេ។
បើតាមការអះអាងរបស់លោក សាណាន គណៈកម្មាធិការនេះនឹងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញនូវផែនការដំឡើងប្រាក់ឈ្នួលនេះ ទោះជាមានការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលអំពីគោលនយោបាយនេះហើយក៏ដោយ។ លោក សាណាន ជឿជាក់ថាការដំឡើងប្រាក់ឈ្នួលអប្បបរមាជិត១២ដុល្លារក្នុង១ថ្ងៃនេះវានឹងរារាំងដល់ការស្ទុះងើបនៃសេដ្ឋកិច្ច ដែលអាចធ្វើឱ្យថៃមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ចដូចការគ្រោងទុក។
គណៈកម្មាធិការចម្រុះនេះ ក៏បានបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រីមិនមានសិទ្ធិអំណាចក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនោះទេ ពោលគឺការសម្រេចគួរត្រូវបានធ្វើឡើងដោយគណៈកម្មការប្រាក់ឈ្នួលត្រីភាគី ដែលមានតំណាងរាជរដ្ឋាភិបាល តំណាងក្រុមហ៊ុនសហគ្រាស និងតំណាងកម្មករនិយោជិត៕
អត្ថបទ៖ សុខ មង្គល