លោក ណូណារីត ប៊ីសុនយ៉ាប៊ុត (Nonarit Bisonyabut) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) បានព្រមានថា បំណុលសាធារណៈរបស់ប្រទេសថៃ បានកើនឡើងជិតដល់កម្រិតពិដានប្រកបដោយភាពគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបង្ហាញការព្រួយបារម្ភអំពីការព្យាករចុងក្រោយបំផុត ដែលថាបំណុលសាធារណៈរបស់ប្រទេសថៃ នឹងឈានដល់៦៨,៩%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០២៧។ លោកបានគូសបញ្ជាក់ថា ស្ថានភាពនេះគួរឱ្យបារម្ភខ្លាំងណាស់ ព្រោះកម្រិតពិដាននៃបំណុលសាធារណៈ ត្រូវបានកំណត់ដោយច្បាប់ត្រឹម៧០%នៃ GDP។
បំណុលសាធារណៈរបស់ប្រទេសថៃ បានកើនឡើងយ៉ាងគំហុកពី៤២% នៅក្នុងឆ្នាំ២០១៩ ឈានដល់៦២,៤% គិតត្រឹមឆ្នាំ២០២៣ ដោយសារវិធានការសង្គ្រោះ ដែលរដ្ឋាភិបាលថៃ បានដាក់ចេញអំឡុងវិបត្តិកូវីដ-១៩។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលបក្សភឿថៃ ក្នុងការខ្ចីប្រាក់ជិត១៤ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីចែកលុយដល់ពលរដ្ឋដ៏ចម្រូងចម្រាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នឹងជំរុញឱ្យបំណុលសាធារណៈកើនឡើងជិតដល់កម្រិតពិដានប្រកបដោយភាពគ្រោះថ្នាក់។
លោក ណូណារីត ប៊ីសុនយ៉ាប៊ុត បានជំរុញឱ្យរដ្ឋាភិបាលថៃ ពិនិត្យឡើងវិញនូវវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីរបស់ខ្លួន ហើយងាកមកផ្តោតលើផែនការរយៈពេលវែងដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃ គួរតែងាកមកផ្ដោតលើផែនការរយៈពេលវែង រួមមាន ការកាត់បន្ថយការចំណាយសាធារណៈ ការធ្វើកំណែទម្រង់ពន្ធដារ និងការកាត់បន្ថយអនុបាតបំណុលសាធារណៈធៀបនឹង GDP ឱ្យមកនៅត្រឹម៦០%៕
ដោយ: តែម សុខុម