កូវីដ១៩នៅថៃ

ការស្ដីបន្ទោសលើរដ្ឋាភិបាលកើតមានកាន់តែខ្លាំងចំពេលស្ថានភាពកូវីដ-១៩នៅថៃបន្ដរាលដាល


ថៃ និងកម្ពុជាកំពុងបន្ដប្រយុទ្ធប្រឆាំងនឹងការផ្ទុះរីករាលដាលឆ្លងនៃកូវីដ-១៩កាន់តែខ្លាំងក្លា ខណៈដែលចំនួនអ្នកឆ្លង និង អ្នកស្លាប់ កំពុងបន្ដកើនឡើងស្ទើររាល់ថ្ងៃនៅមួយរយៈចុងក្រោយនេះ។ យ៉ាងណាមិញ តួលេខនៅថ្ងៃអាទិត្យម្សិលមិញ បង្ហាញថា ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅជិត ២ពាន់នាក់ និង អ្នកស្លាប់មាន ២១នាក់ ដែលតួលេខអ្នកស្លាប់ថ្មីៗនេះ គឺមានខ្ពស់បំផុតមិនធ្លាប់មានឡើយសម្រាប់ប្រទេសថៃតាំងពីមានផ្ទុះឆ្លងកូវីដ-១៩កន្លងមក។
បុគ្គលិកសុខាភិបាលក្នុងសំលៀកបំពាក់ការពារកូវីដ១៩ក្នុងប្រទេសថៃ
ដោយ

ការ​ផ្ទុះ​រាលដាល​ឆ្លង​កូ​វី​ដ​១៩ បន្ដ​កើន​ឡើងជា​រឿង​រាល់​ថ្ងៃនេះ រាជរដ្ឋាភិបាល​ថៃ ក៏​កំពុង​រង​ការ​ស្ដីបន្ទោស​យ៉ាង​ចាស់ដៃ ពី​សំណាក់​ពលរដ្ឋ និង ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​ឯកជន​ដែរ ពិសេស​ក្រុម​មាន​និន្នាការ​ប្រឆាំង ដោយ​ពួក​គេ​អះអាង​ថា ដោយសារ​តែ​រដ្ឋាភិបាល​ថៃ​មាន​អំពើ​រពុក​រលួយ និង ការ​ធ្វើការ​មាន​បក្សពួក​និយម​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​គ្រប់គ្រង​ស្ថានភាព​ឆ្លង​កូ​វី​ដ​-១៩ និង បាន​បណ្ដាល​ឲ្យ​កូ​វី​ដ បន្ដ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ដូច្នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ថៃ The Thaiger​

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ នៅ​ថៃ មាន ៨២​នាក់ ខណៈ​ដែល​អ្នក​ឆ្លង​វិញ គឺ​មាន​ជាង​១​ពាន់ ទៅ​២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។ បើ​គិត​មក​ដល់​ថ្ងៃ​ទី ០២ ខែឧសភា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​នៅ​ក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ទៅ​ប្រមាណ​ជិត ៧​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ចំនួន ២៤៥​នាក់​។

ប្រភព​ព័ត៌មាន The Thaiger បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សាជីវកម្ម​ជា​ច្រើន​កំពុង​បាត់បង់​ជំនឿ​ចិត្ត​លើ​មេដឹកនាំ​នយោបាយ​ថៃ ខណៈ​ដែល​អ្នក​នៅ​ក្នុង​វិស័យ​សុខាភិបាល វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​អាជីវកម្ម​ផ្សេង​ទៀត កំពុង​ដាក់​ការ​ស្ដីបន្ទោស ចំពោះ​រដ្ឋាភិបាល​លោក​ប្រយុទ្ធ ចាន់​អូ​ចារ នាយក​រដ្ឋមន្ត្រី​ថៃ លើ​ការ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ នា​ពេល​ថ្មី​ៗ​នេះ​។ ពួក​គេ​ទាំង​អស់នោះ បាន​ចោទប្រកាន់​ថា បញ្ហា​ពុក​រលួយ និង ការ​ធ្វើ​ការងារ​បែប​បក្សពួក​និយម បាន​ធ្វើ​ឲ្យ​រាំងស្ទះ និង ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត និង ផលិតភាព នៃ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​រាតត្បាត​ក្នុង​ប្រទេស​ថៃ​។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មានការ​រិះគន់​ផង​ដែរ ទៅ​លើ​រដ្ឋាភិបាល​ថៃ ថា មានការ​បរាជ័យ​ក្នុង​ការ​ចែកចាយ និង​ចាក់​វ៉ាក់សាំង ក៏​ដូច​ជា​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​ទាន់​ពេលវេលា​។

យ៉ាងណាមិញ ថ្មី​ៗ​នេះ ក្រុម​មាន​និន្នាការ​ប្រឆាំង​បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ចំពោះ​រដ្ឋាភិបាល ពិសេស​លោក​ប្រា​ទ្ធ ចាន់​អូ​ចារ និង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​បាន​ពួក​គេ​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ និង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទាំង​ពីរ​រូប​នេះ ចុះ​ចេញពី​តំណែង និង​បាន​ចោទ​ថា មេដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ​នាក់​នេះ មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩​ជាដើម​។

ស្រប​ពេល​ដែល​វិស័យ​សុខាភិបាល​កំពុង​ប្រឈម​នឹង​វិបត្តិ​មេរោគ​ឆ្លង គេ​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​ថៃ ក៏​កំពុង​មានការ​ស្រុត​ចុះ​ទៅ​តាម​ដែរ​។ ជាក់ស្ដែង តាម​ការ​ព្យាករ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​២០២១​នេះ អាច​នឹង​រក្សា​បាន​កំណើន​ត្រឹមតែ ២,៣% ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ខែមករា​កន្លង​ទៅ ធ្លាប់​ព្យាករ​ថា​មាន​កំណើន ២,៨%​។

ការ​ទម្លាក់​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ថៃ​នេះ គឺ​ដោយសារ​តែ​ឥទ្ធិពល​នៃ​រលក​ឆ្លង​ទី​៣​នៃ​កូ​វី​ដ​-១៩ ដែល​បាន​និង​កំពុង​បោកបក់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ និង​កំពុង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នេះ បន្ដ​ជួប​ទុក្ខ​កាន់តែ​ខ្លាំង​ថែម​ទៀត ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ ក៏​ហាក់​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។ យ៉ាងណាមិញ នៅ​ឆ្នាំ​នេះ ថៃ​រំពឹង​ថា នឹង​ទទួល​បាន​ទេសចរ​បរទេស ត្រឹមតែ​២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​កាលពី​ខែមករា​ធ្លាប់​រំពឹង​ថា​មាន​ដល់​ទៅ ៥​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផល​ចម្បងៗ ដែល​រុញ​ច្រាន​ឥណ្ឌា​ឲ្យ​ផុង​ខ្លួន​អន្តរាយ​ដោយសារ​កូវីដ​-១៩​ស្ទើរ​ងើប​លែង​រួច

ព័ត៌មាន
ប្រទេសឥណ្ឌា កំពុងលិចលង់កាន់តែជ្រៅទៅៗហើយ នៅក្នុងវិបត្តិមេរោគកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងកូវីដថ្មីនៅតែបន្ដកើនខ្ពស់ដដែល តួយ៉ាងតួលេខដែលបង្ហ…

អ្នកឧកញ៉ា សៀ ឫទ្ធី៖ គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ នៅតែអភិវឌ្ឍទៅតាមផែនការ

ព័ត៌មាន
គម្រោងថ្មី ដែលមានឈ្មោះថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ ដែលជារបស់មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ