របាយការណ៍សិក្សាមួយដែលធ្វើឡើងដោយសកលវិទ្យាល័យ ជូឡាឡុងកន តាមសំណើរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ (JSCCIB) បានបង្ហាញថា អនុបាត ឬទំហំបំណុលពលរដ្ឋសរុបបានឈានរហូតដល់១០៤%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤ ហើយតួលេខនេះរួមបញ្ចូលទាំងបំណុលក្រៅប្រព័ន្ធ ឬការចងការប្រាក់ឯកជនផងដែរ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ជាមធ្យមពលរដ្ឋថៃ ជំពាក់បំណុលក្រៅប្រព័ន្ធ ឬ ចងការប្រាក់ឯកជនប្រមាណ២,៨៤០ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារ ដែលនេះមិនទាន់បូកបញ្ចូលបំណុលក្នុងប្រព័ន្ធដូចជាការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។
លោក កុបសាក់ ឌួងឌី (Kobsak Duangdee) អគ្គលេខាធិការនៃសមាគមធនាគារថៃ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ (JSCCIB) កាលពីថ្ងៃទី៨ ខែមករា ថា ជាការគួរឱ្យកត់សម្គាល់៤០%នៃគ្រួសារពលរដ្ឋថៃ មានបំណុលក្រៅប្រព័ន្ធ ឬចងការប្រាក់ឯកជន ហើយលោកបានសង្កត់ធ្ងន់ថា កម្រិតបំណុលពលរដ្ឋខ្ពស់នឹងបង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ចជាតិរបស់ថៃ។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា បំណុលក្រៅប្រព័ន្ធមានសារសំខាន់ក្នុងការជួយឱ្យពលរដ្ឋថៃ មានសាច់ប្រាក់ងាយស្រួលសម្រាប់ការចាយវាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយគាំទ្រដល់សកម្មភាពអាជីវកម្ម ព្រមទាំងជួយគ្រួសាពលរដ្ឋដោះទាល់ក្នុងគ្រាត្រូវការលុយកាក់បន្ទាន់ផងដែរ។
ការសិក្សាដដែលបានរកឃើញថា គ្រួសារពលរដ្ឋថៃ ប្រមាណ៣០% ដែលរកប្រាក់ចំណូលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ពឹងផ្អែកលើបំណុលក្រៅប្រព័ន្ធ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក សាណាន់ អានគុបុលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងថា គណៈកម្មាធិការអចិន្រ្តៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ បានព្យាករថា ប្រទេសថៃ អាចនឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់ចន្លោះពី២,៤% ទៅ២,៩% នៅក្នុងឆ្នាំ២០២៥ នេះ បើធៀបនឹងកំណើន២,៨% ក្នុងឆ្នាំ២០២៤ កន្លងទៅ៕
ដោយ: តែម សុខុម