
ឆ្នាំ២០២៥ អាចចាត់ទុកជាឆ្នាំដ៏អាក្រក់សម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា។ ជាក់ស្តែងបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ទីផ្សារលំនៅឋាននៅក្នុងប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនអភិវឌ្ឈន៍លំនៅឋានមួយរបស់ថៃបានអះអាងថា បញ្ហាចម្បងដែលទាញទម្លាក់ទីផ្សារលំនៅឋាននៅថៃ ឱ្យធ្លាក់ចុះនោះ គឺគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ និង គ្រោះរញ្ជួយដី ដែលបានកើតឡើងកាលពីពេលថ្មីៗ គ្រាន់តែគ្រោះធម្មជាតិនេះវាមានផលប៉ះពាល់ស្រាលជាងពន្ធបដិការ ដែលលោក ត្រាំ បានដាក់លើប្រទេសថៃ។
លោក ទ្រីតេឆា តាងម៉ាទីថាម (Tritecha Tangmatitham) នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅប្រទេសថៃ បានអះអាងថា ការដំឡើងពន្ធរបស់អាម៉េរិក បានធ្វើឱ្យម្ចាស់អាជីវកម្មដែលរកស៊ីពាក់ព័ន្ធការនាំចេញនាំចូលត្រូវបង្ខំចិត្តលុបចោលកិច្ចសន្យាទិញលក់លំនៅឋាន ដោយអ្នកខ្លះសុខចិត្តបោះបង់ប្រាក់កក់ និងប្រាក់បង់រំលួសមុនរបស់ពួកគេដោយគ្មានការស្ទាក់ស្ទើរ។ លោកបានចាត់ទុកពន្ធបដិការរបស់លោក ត្រាំ គួរឱ្យបារម្ភជាងគ្រោះរញ្ជួយដីទៅទៀត។ អ្នកជំនាញរូបនេះជឿជាក់ថា ឥទ្ធិពលនៃគោលនយោបាយពន្ធរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងបាងកកនៅឆ្នាំ២០២៥ នេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
បើតាមការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុនរូបននេះ មកទល់ពេលនេះការលក់លំនៅឋាននៅថៃសម្រេចបានចន្លោះពី៦ទៅ៧ម៉ឺនយូនីតប៉ុណ្ណោះ ហើយវាអាចនឹងមានភាបល្អប្រសើរជាងនេះប្រសិនបើមានការបន្ធូរបន្ថយលើការផ្តល់ប្រាក់កម្ចី និងទម្លាក់អត្រាការប្រាក់៕
ដោយៈ សរ សុជាតិ