វិស័យទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃកំពុងខ្វះខាតកម្លាំងពលកម្ម ចំពេលចំនួនភ្ញៀវទេសចរកើនឡើងវិញ


ចាប់តាំងពីរដ្ឋាភិបាលថៃបានបើកប្រទេសឡើងវិញក្នុងខែកក្កដា ឆ្នាំ២០២២ មក ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១១ លាននាក់ លើសពីគោលដៅដែល អាជ្ញាធរទេសចរណ៍ថៃហៅកាត់ថា TAT ធ្លាប់បានព្យាករណ៍ ថាមានចំនួន ១០ លាននាក់។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ទេថា កំណើនភ្ញៀវទេសចរណ៍នេះ អាចជួយស្តារឡើងវិញនូវវិស័យទេសចរណ៍ដែលធ្លាប់តំណាងឱ្យប្រមាណ ១៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ បានឬយ៉ាងណានោះទេ ដោយសារតែឥលូវនេះ ថៃកំពុងជួបប្រទះនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យមួយនេះ។
វិស័យទេសចរណ៍ថៃកំពុងខ្វះខាតកម្លាំងពលកម្ម ខណៈចំនួនភ្ញៀវទេសចរកើនឡើង!
ដោយ

នេះបើយោងតាមទិន្នន័យពីអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ថា (TAT)។ យោងតាមទិន្នន័យពីអាជ្ញាធរថៃបង្ហាញថា ទីក្រុងឆ្នេរភាគខាងត្បូងភូកេត កំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតកម្មករប្រមាណជាង ១៧០០០នាក់ សម្រាប់បម្រើក្នុងវិស័យទេសចរណ៍ ខណៈទីក្រុងឈៀងម៉ៃភាគខាងជើងត្រូវការកម្មករចំនួនប្រមាណ៩០០០នាក់បន្ថែមទៀត។ ចំណែកខេត្តឈុនបុរី ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាងកក ត្រូវការកម្មករបំពេញការងារប្រហែល ៣០០០ នាក់។

ក្រុមប្រឹក្សាទេសចរណ៍ថៃហៅកាត់ថា (TCT) រំពឹងដោយសុទិដ្ឋិនិយមថា នឹងមានភ្ញៀវទេសចរបរទេសរហូតដល់ ៣០ លាននាក់នៅឆ្នាំ២០២៣នេះ ជាមួយនឹងប្រាក់ចំណូលសរុបពីទេសចរណ៍ឈានដល់៩១ពាន់លានដុល្លារ។

លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រសិនបើបញ្ហាកង្វះខាតកម្មករនេះនៅតែបន្តអូសបន្លាយ គេប្រហែលជាមិនអាចបំពេញតាមការរំពឹងទុកថានឹងមាន អ្នកទេសចរពីចន្លោះ ២៥ ទៅ ៣០ លាននាក់បាននោះទេ ហើយវាក៏មានន័យថា ថៃនឹងខកខានគោលដៅប្រាក់ចំណូលផ្អែកលើប្រភពទេសចរណ៍ផងដែរ។

ប្រធានសមាគមធុរកិច្ច និងទេសចរណ៍ប៉ាតាយ៉ា លោក Ekkasit Ngamphichet បាននិយាយថា ទោះបីជាចំនួនកម្មករអាចបំពេញគ្រប់គ្រាន់តាមតម្រូវការក៏ដោយ ប្រាក់ចំណេញអាចនឹងមានតិចជាងការរំពឹងទុក ដោយសារតម្លៃពលកម្មកាន់តែថ្លៃ ស្របពេលដែលសណ្ឋាគារត្រូវបង់ថ្លៃអគ្គិសនីខ្ពស់ផងនោះ។

គួររំឭកថា ចំនួនភ្ញៀវទេសចរណ៍ថៃបានឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំ ២០១៩ ដែលទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់។ បន្ទាប់មកកូវីដ១៩បានវាយប្រហារ បណ្ដាលឲ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះមកត្រឹម ៦,៧ លាននាក់ក្នុងឆ្នាំ២០២០ ហើយបន្តធ្លាក់ចុះមកត្រឹមជាង ៤២ម៉ឺននាក់ក្នុងឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក ចំនួនភ្ញៀវទេសចរបានហក់ឡើងដល់ ១១ លាននាក់គិតត្រឹមឆមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីការបើកប្រទេសឡើងវិញ។

បើយោងតាមការសិក្សារបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ថៃ ការធ្លាក់ចុះយ៉ាងគំហុកក្នុងវិស័យទេសចរណ៍បានរំខានដល់កម្លាំងកម្មករប្រមាណ ៣,៩លាននាក់នៅក្នុងវិស័យមួយនេះ ដែលវាធ្លាប់តែមានចំនួនកម្មករប្រហែល ៧,៧ លាននាក់ កាលពីមុនពេលមានជំងឺរាតត្បាត។ ក្នុងអំឡុងពេលមានការរាតត្បាតពីជំងឺកូវីត១៩ ប្រជាពលរដ្ឋថៃប្រមាណ ៦០% ត្រូវបានបញ្ឈប់ពីការងារហើយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើការក្នុងវិស័យកសិកម្ម។ ដោយឡែក ២០% ផ្សេងទៀតបានស្វែងរកការងារថ្មីនៅក្នុងឧស្សាហកម្ម ខណៈដែល ២0% ទៀតបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេតែម្តង។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក ចំណាន និយាយថា ក្រុមប្រឹក្សាទេសចរណ៍ថៃ កំពុងសហការជាមួយស្ថាប័នអប់រំទូទាំងប្រទេស ដើម្បីនាំយកសិក្ខាកាមមកពីសាលា ដែលមានជំនាញផ្តោតលើវិស័យទេសចរណ៍ និងការគ្រប់គ្រងសណ្ឋាគារ ដើម្បីមកបំពេញការងារទៅតាមមុខដំណែងដែលកំពុងខ្វះខាត។ លោកយល់ថាវាជាវិធានការឈ្នះឈ្នះ ព្រោះសិក្ខាកាមនឹងទទួលបានការងារដែលត្រូវនឹងជំនាញដែលពួកគេកំពុងសិក្សា ខណៈក្រុមហ៊ុនក៏ទទួលបានកម្លាំងពលកម្មដែលគេត្រូវការ។ លើសពីនេះ TCT ក៏ទទួលបានការគាំទ្រពីធនាគារសន្សំប្រាក់របស់រដ្ឋាភិបាលថៃចំនួន ១៤៩ លានដុល្លា សម្រាប់សណ្ឋាគារខ្នាតតូច និងមធ្យមទៀតផង៕




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឲ្យឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ?

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៥,៣% នៅឆ្នាំ២០២២ ជាកម្រិតកំណើនខ្ពស…

ការផ្តល់ជូនពិសេស ក្នុងឱកាសបើកសម្ពោធសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឬស្សីកែវ

អបអរសាទរពិធីសម្ពោធសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦។ ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ អេ អឹម ខេ មានការផ្តល់ជូនពិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ