ទោះយ៉ាងណាលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃរូបនេះ បានអះអាងថា តម្លៃប្រេងម៉ាស៊ូតនៅថៃអាចរក្សានៅកម្រិតបច្ចុប្បន្នទៅបាន លុះត្រាតែតម្លៃប្រេងម៉ាស៊ូតអន្តរជាតិ មានមិនឡើងលើសពី ១០៨ ដុល្លារក្នុងមួយបារ៉ែល ឬ តម្លៃប្រេងឆៅមិនលើស ១២០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃ លោក កូលីត សម្បត្ដិសីរី បាននិយាយថា ភាគីពាក់ព័ន្ធឯកជន និង សាធារណៈកំពុងបញ្ជួនសំណើដែលនឹងរួមចំណែកដល់វិធានការឧបត្ថម្ភធនតម្លៃថាមពលថ្មី ជូនទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីពិចារណានៅសប្តាហ៍ក្រោយ។ លោកបានបន្តថា វិធានការថ្មីនៃការឧបត្ថម្ភធននេះ គឺនឹងជំនួសវិធានការបច្ចុប្បន្ន ដែលត្រូវផុតកំណត់នៅចន្លោះពាក់កណ្តាលខែមិថុនា និង ពាក់កណ្តាលខែកក្កដាខាងមុខ។
លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរូបនេះបានអះអាងថា ប្រសិនបើតម្លៃប្រេងម៉ាស៊ូតត្រូវបានទុកចោលដោយគ្មានការអន្តរាគមន៍ពីរដ្ឋទេនោះ តម្លៃវានឹងកើនឡើងដល់ ៤៥ បាត ឫ ស្មើប្រមាណ ៥០០០រៀលក្នុងមួយលីត្រនាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមថា គម្រោងនៃការឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូត និង មូលនិធិប្រេង ត្រូវបានគេរំពឹងថានឹងមានចំនួនជិត ៦ ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើនបំផុតត្រៀមនឹងចំណាយនៅចុងខែនេះ។
រដ្ឋមន្ត្រីថាមពលរបស់ថៃលោក សផាត់ថាណាផុង ផុនមេចៅ (Supattanapong Punmeechaow) បាននិយាយថា ក្រសួងហិរញ្ញវត្ថុ ធនាគារកណ្ដាលថៃ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម និងក្រសួងថាមពលកំពុងវាយតម្លៃផលប៉ះពាល់នៃតម្លៃប្រេងពិភពលោក ដែលជាផ្នែកមួយចំពោះការពិចារណាលើការអនុម័តវិធានការថ្មី ដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសថៃ ទប់ទល់នឹងតម្លៃថាមពលដែលកំពុងកើនខ្ពស់ឡើងៗនៅមួយរយៈកន្លងមកនេះ។
គួរជម្រាបថា ចាប់តាំងពីមានការឡើងថ្លៃតម្លៃថាមពលដោយសារការព្រួយបារម្ភពីបញ្ហាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក រដ្ឋាភិបាលថៃបានចាត់នូវវិធានការជាច្រើន រួមមានការ បន្ធូបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ និង ការបញ្ចេញប្រាក់ឧបត្ថម្ភធនរបស់រដ្ឋជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលមិនឱ្យតម្លៃថាមពលមានការកើនឡើងខ្ពស់ខ្លាំងនោះឡើយ៕