កញ្ចប់ថវិកាដោះស្រាយបញ្ហាកូវីដ និងស្ដារសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច៖ ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ អាចនឹងបង្កើនថែម ៣០០លានដុល្លារទៀត បើចាំបាច់


មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ចបានអះអាងប្រាប់ខេមបូណូមីសថ្មីៗនេះថា ក្នុងករណីចាំបាច់កញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ អាចនឹងបង្កើន២០០ទៅ៣០០លានដុល្លារអាមេរិកបន្ថែមទៀត ពីលើថវិកាដែលបានត្រៀមទុក៨០០លានដុល្លារនៅឆ្នាំនេះ ពោលនឹងធ្វើឲ្យកញ្ចប់ថវិកានេះអាចនឹងបង្កើនដល់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។
ទិដ្ឋភាពផ្សារដើមគរគ្រាដែលត្រូវបានបិទបណ្តោះអាសន្នដោយសារការឆ្លងរាលដាលកូវីដ១៩ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ក្រុមការងារខេមបូណូមីសថា ថវិកាដែលរាជរដ្ឋាភិបាលបានត្រៀម ជាង៨០០លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំ២០២១នេះ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩នោះ បានចាយអស់ជាង ៣២២លាន ដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តម មាស សុខសេនសាន បានបញ្ជាក់ថា បើទោះបច្ចុប្បន្នស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានការថមថយក្តី តែកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលបានគ្រោងរួចហើយនោះ គឺនៅតែមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅឆ្នាំនេះ។ យ៉ាងណាក៏ដោយចុះ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម មាស សុខសេនសាន ក្នុងករណីចាំបាច់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងបង្កើនថវិកាបន្ថែម ២០០ ទៅ៣០០លានដុល្លារទៀត ពីលើកញ្ចប់ថវិកាប្រាក់ជាង៨០០លានដុល្លារអាមេរិក ដែលមានសម្រាប់នៅឆ្នាំនេះ ដែលនឹងធ្វើឲ្យកញ្ចប់ថវិកានឹងកើនដល់១ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងផែនការ ឯកឧត្តម ស្រី ដា បានឲ្យដឹងដែរថា ចំនួនពលរដ្ឋដែលត្រូវការជំនួយសង្គមនៅអំឡុងពេលកូវីដ១៩នេះ នឹងនៅតែបន្តកើនបន្ថែមទៀត ខណៈ អំឡុងពេលដែលក្រសួងបានធ្វើស្ថិតិកន្លងមក មានជនរងគ្រោះប្រមាណជិត៣លាននាក់ ស្មើនឹងជិត៧០ម៉ឺនគ្រួសារទៅហើយ។

ឯកឧត្តម ស្រី ដា បានបន្ថែមថា ក្រៅពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ហើយ បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់បន្ថែម ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ផងដែរ។

បើតាមការព្យាកររបស់ក្រសួងផែនការ គ្រួសារដែលរងផលប៉ះពាល់ដល់ដោយសារការបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ មានគ្រួសារប្រឈមសរុបចំនួនប្រមាណ២៤ម៉ឺនគ្រួសារ ។ តែក្នុងចំណោម ២៤ម៉ឺនគ្រួសារនេះ មានគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងកម្មករ (បណ្ណបសស) រួចហើយ ក៏ស្ថិតក្នុងចំណោមនេះដែរ ដោយក្រសួងបានដកឈ្មោះពួកគាត់ចេញមិនយកមកសម្ភាសន៍ ដើម្បីកំណត់បើកប្រាក់ក្នុងកម្មវិធីនេះបន្ថែមទេ ព្រោះពួកគាត់បានទទួលរបបប្រចាំខែរួចហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃជំនះបើកខេត្តភូកេតទទួលភ្ញៀវទេសចរក្នុងខែកក្កដា ខណៈកូវីដ-១៩កំពុងបន្ដរាតត្បាត

ព័ត៌មាន
រដ្ឋាភិបាលថៃបានសម្រេចបើកភ្លើងខៀវ ដល់គម្រោងទទួលភ្ញៀវទេសចរបរទេសនៅក្នុងខេត្តភូកេតឡើងវិញ ចាប់ពីថ្ងៃទី១ខែកក្កដានេះតទៅ ទោះបីព្យុះកូវីដ-១៩កំព…

អ្នកជំនាញទេសចរ​គាំទ្រចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ ក្នុងការបិទ ឬព្យួរអាជីវកម្មណា ដែលល្មើសនឹងវិធានការសុខាភិបាល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានប្រកាសគាំទ្រចំពោះចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ដែលបានចេញសារាចរណែនាំថ្មីមួយនាពេលថ្មីៗនេះ ដោយព្រមាន ដកហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ