យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation សហព័ន្ធពលករសហគ្រាសរដ្ឋ រួមជាមួយសហព័ន្ធពលករថៃ បានលើកគ្នាដង្ហែរញត្តិទៅកាន់ក្រសួងថាមពល ដើម្បីសម្តែងការជំទាស់ដាច់ខាតចំពោះការដំឡើងថ្លៃប្រេងឥន្ធនៈ ដែលពួកគេចាត់ទុកថា ជាការបង្កើនបន្ទុកចំណាយលើការរស់នៅរបស់ប្រជាជនឱ្យកាន់តែដុនដាប។
នៅក្នុងញត្តិតវ៉ានោះ ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលថៃ អនុវត្តចំណុចសំខាន់ៗរួមមានពិនិត្យរចនាសម្ព័ន្ធតម្លៃប្រេងឡើងវិញ ដើម្បីធានាថា តម្លៃមានភាពសមស្របនឹងស្ថានភាពសេដ្ឋកិច្ចពិត, គ្រប់គ្រងតម្លាភាពមូលនិធិប្រេងឥន្ធនៈ តាមរយៈការគ្រប់គ្រងកញ្ចប់ថវិកាឱ្យមានភាពច្បាស់លាស់ មិនមានអំពើពុករលួយ និងសម្រាលបន្ទុកជាបន្ទាន់ក្នុងអំឡុងពេល ដែលតម្លៃថាមពលសកលកំពុងប្រែប្រួលខ្លាំង។
ឆ្លើយតបនឹងសម្ពាធនេះ រដ្ឋមន្ត្រីក្រសួងថាមពល ដែលទើបតែងតាំងថ្មីលោក អាកាណាត ព្រុមផាន់ (Akanat Promphan) បានអះអាងថា លោកនឹងចាប់ផ្ដើមបេសកកម្មសង្គ្រោះសេដ្ឋកិច្ចគ្រួសារនេះឱ្យបានលឿនបំផុត។ លោកបានបញ្ជាក់ថា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង និងបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៧ ខែមេសា ខាងមុខ លោកនឹងជំរុញឱ្យមានការសម្រេចចិត្តលើវិធានការបន្ទាន់ពីរ គឺទម្លាក់តម្លៃប្រេងឱ្យមកនៅកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន និងរក្សាតម្លៃអគ្គិសនី ដោយបង្កកតម្លៃឱ្យនៅថេរដដែល ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋបន្ថែមទៀត។ ទោះមានការអះអាងបែបនេះក្តី តែក្រុមបាតុករនឹងបន្តតាមដានយ៉ាងដិតដល់ថា តើការសន្យារបស់រដ្ឋមន្ត្រីថ្មីរូបនេះនឹងក្លាយជាការពិត ឬគ្រាន់តែជាការលួងលោមក្នុងកាលៈទេសៈនយោបាយកំពុងឡើងកម្ដៅ៕
អត្ថបទៈ សួន ឡង់ទី