ថ្លែងក្នុងកម្មវិធីសិក្ខាសាលាមួយទៅកាន់សមាជិកសភានៃគណបក្សភឿថៃ នៅខេត្តហួហ៊ីន កាលពីថ្ងៃទី១៣ ខែធ្នូ ថ្មីៗនេះ លោក ថាក់ស៊ីន បានបញ្ជាក់ថា គ្មានប្រទេសណាមួយមានសិទ្ធិទាមទារគ្រប់គ្រងដែនអធិបតេយ្យភាពលើកោះគុតនោះឡើយ ព្រោះវាជារបស់ថៃ១០០%។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរូបនេះក៏បានលើកឡើងដែរថា ការរាយការណ៍ព័ត៌មានដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា មួយចំនួន ដែលអះអាងថា មេដឹកនាំកម្ពុជា បានបញ្ជាក់ថា កោះគុត មិនមែនជាដែនអធិបតេយ្យភាពរបស់ថៃ គឺជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
លោកបានបញ្ជាក់ថា បច្ចេកវិទ្យាសព្វថ្ងៃពិតជាគួរឱ្យព្រួយបារម្ភណាស់។ ពេលខ្លះវាអាចលាតត្រដាងការពិត ប៉ុន្តែពេលខ្លះវាក៏អាចត្រូវបានរៀបចំដោយបុគ្គលមួយចំនួនដើម្បីផ្សព្វផ្សាយរឿងប្រឌិត ហើយជារឿយៗ អ្នកខ្លះបានជឿជាក់លើរឿងដែលចេញពីបរិបទនេះដោយមិនបានវិភាគឱ្យបានត្រឹមត្រូវមកធ្វើជាមូលដ្ឋាន ។
លោកបានលើកឡើងថា តាមពិតទៅ អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ គ្រាន់តែកំណត់ក្របខណ្ឌសម្រាប់ការចរចាលើបញ្ហា ឬជម្លោះមិនទាន់ដោះស្រាយប៉ុណ្ណោះ ហើយវាមិនមែនជាកិច្ចព្រមព្រៀងនោះឡើយ។ លោក ថាក់ស៊ីន បានបន្ថែមថា គំនិតដែលយល់ឃើញថា កោះគុត ត្រូវបានប្រគល់មកឱ្យកម្ពុជា គឺមិនសមហេតុផលឡើយ និងគ្មានមូលដ្ឋានទាល់តែសោះ។
លោកបានពន្យល់យ៉ាងលម្អិតថា អនុស្សរណៈនៃការយោគយល់គ្នានេះ ដើរតួជាគោលការណ៍ណែនាំសម្រាប់កំណត់ប្រធានបទដែលត្រូវចរចា ហើយវាមិនមែនជាកិច្ចព្រមព្រៀងសម្រេចចុងក្រោយនោះទេ។
លោក ថាក់ស៊ីន បានកត់សម្គាល់ថា កង្វះនៃការទំនាក់ទំនងគ្នាពីសំណាក់រដ្ឋាភិបាលមុនៗបានបង្កឱ្យមានការភាន់ច្រឡំជាសាធារណៈ ដែលនាំឱ្យមនុស្សមួយចំនួនជឿថា កិច្ចព្រមព្រៀងត្រូវបានសម្រេចបញ្ចប់រួចហើយ។
កាលពីសប្តាហ៍មុន បញ្ហាកោះគុត នេះកាន់តែឡើងកម្ដៅដោយសារលោក ស៊ុនធិ លីមថងគុល អតីតមេដឹកនាំសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យដែលធ្លាប់ដឹកនាំបាតុករកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ និងអគារដ្ឋាភិបាល កាលពីឆ្នាំ២០០៨ បានចេញមុខជាថ្មី ក្រោយបាត់មួយរយៈ។ លោកបានចេញមុខទាមទារឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធ៕
ដោយៈ សរ សុជាតិ