ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់អាជ្ញាធរចិនលើមេដឹកនាំយោធាកំពូលៗរបស់ចិន ជាពិសេសលោក ចាង យូជា ជាយុទ្ធសាស្ត្រក្នុងការលុបបំបាត់ឧបសគ្គ ដើម្បីពង្រឹងឆន្ទៈ និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំង។ ការចេញមកបំភ្លឺបែបនេះ ធ្វើឡើងក្រោយមានការលេចធ្លាយព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសការផ្សព្វផ្សាយពីសារព័ត៌មានលោកខាងលិចអំពីស្ថិរភាពផ្ទៃក្នុងនៃបក្សកុម្មុយនីស្តចិន។
ឆ្លើយតបនឹងពាក្យចចាមអារាមខាងលើនេះដែរ សារព័ត៌មានកងទ័ពចិន (PLA Daily) បានសង្កត់ថា រាល់ចំណាត់ការច្បាប់ទាំងអស់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមនីតិវិធី ហើយមានគោលដៅចម្បង គឺរក្សាភាពស្អាតស្អំក្នុងជួរកងទ័ព។ បក្សកុម្មុយនីស្តចិនបានច្រានចោលការលើកឡើងដែលថា នេះគឺជាការបោសសម្អាតគូសត្រូវនយោបាយរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយអះអាងថា វាគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើបច្ចុប្បន្នភាពយោធាតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោក លីម តៃវៃ (Lim Tai Wei) អ្នកជំនាញផ្នែកអាស៊ីបូព៌ានៅសាកលវិទ្យាល័យមួយក្នុងប្រទេសជប៉ុនបានលើកឡើងថា ការពង្រឹងវិន័យ និងការកម្ចាត់អំពើពុករលួយ គឺជាស្នូលសំខាន់ក្នុងការកសាងកងទ័ពចិនឱ្យមានវិជ្ជាជីវៈខ្ពស់។ លោកបានបន្ថែមថា ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវ សិទ្ធិអំណាច និងប្រសិទ្ធភាពនៃវិស័យការពារជាតិ គឺជាអាទិភាពដែលចិនត្រូវពង្រឹងមិនអាចខ្វះបាន៕
ដោយៈ សរ សុជាតិ