កិច្ចព្រមព្រៀង RCEP នៃឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីក្លាយជាសមាជិកចុងក្រោយគេមួយនៃកិច្ចព្រមព្រៀង RCEP ក្រោយសភាអនុម័តផ្ដល់សច្ចាប័ន


សភាជាតិឥណ្ឌូនេស៊ីនៅថ្ងៃអង្គារទី៣០សីហា បានផ្តល់សច្ចាប័នជាស្ថាពរហើយ លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP។ ប្រការនេះធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ចុងក្រោយគេ ដែលចូលរួមជាផ្លូវការក្នុងប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ទីបំផុតសភាឥណ្ឌូនេស៊ីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងRCEPហើយ!

ក្នុងពេលជាមួយគ្នា សភាឥណ្ឌូនេស៊ីក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េខាងត្បូង ដោយសង្ឃឹមថា នឹងទាក់ទាញការវិនិយោគដើម្បីអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី និងអាគុយនៅក្នុងស្រុកផងដែរ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ីលោក ហ្សូលគីលី ហាសាន់(Zulkifli Hasan) បាននិយាយថា RCEP នឹងជំរុញពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ និងបង្កើនកំណើន GDP របស់ប្រទេសបន្ថែមក្នុងអត្រា ០,០៧%។ លោកចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាផ្លូវដើម្បីចូលទៅក្នុងទីផ្សារពិភពលោក ហើយវាជាពេលវេលាសម្រាប់ប្រទេសឥណ្ឌូនេស៊ីក្នុងការវាយលុកទីផ្សារអន្តរជាតិផងដែរ។

កិច្ចព្រមព្រៀង RCEP ដែលប្រទេសចិនបានផ្តួចផ្តើមឡើងនោះ បានគ្របដណ្តប់ជិតមួយភាគបីនៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកផងដែរ។ វាត្រូវបានចាប់កំណើតដំបូងក្រោមការព្រមព្រៀងរវាងមេដឹកនាំនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥កាលពីខែវិច្ឆិកាឆ្នាំ២០២០។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិកនេះ បានចូលជាធរមាននៅថ្ងៃទី០១ខែមករាឆ្នាំនេះ បន្ទាប់ពីប្រទេសចំនួន ៧នៅអាស៊ីអាគ្នេយ៍ បូករួម អូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះកាលពីឆ្នាំទៅមិញរៀងៗខ្លួន។ ជាមួយគ្នានេះ កម្ពុជាដែលជាសមាជិក RCEP ដែរនោះ ក៏បានផ្ដល់សច្ចាប័នរួចហើយដែរ កាលពីខែតុលាឆ្នាំ២០២១។

ដោយឡែក សម្រាប់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ទីក្រុងហ្សាកាតា និងសេអ៊ូលនឹងលុបចោលជាង ៩០% នៃរនាំងពន្ធរៀងៗខ្លួន។ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូណេស៊ីនឹងផ្តល់ការអនុគ្រោះពន្ធដើម្បីគាំទ្រដល់ការវិនិយោគរបស់កូរ៉េក្នុងវិស័យជាច្រើនចាប់ពីរថយន្តរហូតដល់សម្លៀកបំពាក់។

សូមជម្រាបថា នៅមួយរយៈចុងក្រោយនេះក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន ពិសេសក្រុមហ៊ុនរថយន្ត មានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅប្រទេសបងធំសេដ្ឋកិច្ចរបស់អាស៊ានមួយនេះ។ ក្នុងនោះមានដូចជា Hyundai Motor Group និង LG Energy Solution បច្ចុប្បន្នស្ថិតក្នុងចំណោមអ្នកវិនិយោគកំពូលនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងថ្មអាគុយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារក្រុមហ៊ុនទាំងនេះសម្លឹងឃើញការទាញយកអត្ថប្រយោជន៍ សារធាតុនីកែលដ៏សម្បូរបែប ដែលជាធនធានធម្មជាតិដ៏សំខាន់របស់ឥណ្ឌូនេស៊ី និងវត្ថុធាតុដើមចំបងក្នុងការផលិតអាគុយអគ្គិសនី៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ជាង ៥ទ្រីលានដុល្លារ ដោយសារគ្រោះមហន្ដរាយធម្មជាតិនៅត្រឹមឆ្នាំ២០៥០

ព័ត៌មាន
បើតាមរបាយការណ៍ពីស្ថាប័នជំនាញស្រាវជ្រាវផ្នែកបរិស្ថាន GHD របស់អង់គ្លេស បានរកឃើញថា វិបត្តិគ្រោះរាំងស្ងួត ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុ…

អូស្ត្រាលីព្រមានផាកពិន័យមួយថ្ងៃជិត៤០ម៉ឺនដុល្លារ ចំពោះក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន៣

ព័ត៌មាន
និយតករអូស្ត្រាលីបានផ្ញើលិខិតផ្លូវការទៅកាន់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ងអាមេរិកដូចជាក្រុមហ៊ុន Meta របស់Facebook ក្រុមហ៊ុន Apple …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ