ពីវេទិកាអនាគតអាស៊ី ដែលរៀបចំដោយសារព័ត៌មានជប៉ុន Nikkei ក្នុងប្រទេសជប៉ុន នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួរតែជាអាទិភាពកំពូលសម្រាប់តំបន់អាស៊ី។ លោកបានអះអាងថា ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥ ជាមួយ១៩ប្រទេស ហើយកំពុងចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន៧ផ្សេងទៀតជាមួយប្រទេសជាច្រើនរួមទាំងជាមួយសហភាពអឺរ៉ុបផងដែរ។
ក្នុងនាមជាអតីតមហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ចាប់តាំងពីលោកជាប់ឆ្នោត និងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ២០២៣ មក ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ប្រទេសថៃ។ មុនពេលអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់វេទិកាអនាគតអាស៊ីលោក ថាវីស៊ីន បានធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងអ៊ីតាលី។
លោក ថាវីស៊ីន បានថ្លែងថា អាស៊ីគួរតែបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល។
លោក ថាវីស៊ីន បានលើកសរសើរពីភាពជោគជ័យដ៏ធំធេងនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក បើគិតពីទំហំសេដ្ឋកិច្ច ដែលប្រមូលផ្តុំបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរួមទាំងប្រទេសជប៉ុន និងមហាយក្សចិន ផងដែរ។
សូមបញ្ជាក់ថា ប្រទេសថៃ ក៏បានដាក់លិខិតជាផ្លូវការសុំចូលរួមជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលសមាជិកភាគច្រើនសុទ្ធតែជាប្រទេសជឿនលឿនលោកខាងលិចផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចថៃ៕
ដោយ: តែម សខុម