ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ទោះបីជាស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងរំជើបរំជួលដោយសារជម្លោះអន្តរជាតិយ៉ាងណាក្ដី ប៉ុន្តែសម្រាប់កម្ពុជាវិស័យការងារ និងខ្សែច្រវាក់ឧស្សាហកម្មនៅតែរក្សាបានលំនឹង និងបន្តបោះជំហានទៅមុខ។
បើតាមអ្នកនាំពាក្យរូបនេះ នៅប៉ុន្មានខែកន្លងមកនេះ កម្ពុជាទាក់ទាញគម្រោងវិនិយោគធំៗបានប្រមាណជាង៦០០គម្រោង ដោយភាគច្រើនផ្ដោតលើវិស័យឧស្សាហកម្ម។ យុទ្ធសាស្ត្រដែលធ្វើឱ្យកម្ពុជាអាចស្រូបទាញវិនិយោគិនទាំងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចនេះ គឺដោយសារគោលនយោបាយអនុគ្រោះពន្ធរបស់រដ្ឋាភិបាលដល់វិនិយោគិន និងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេស TVET ដល់ពលរដ្ឋ ១,៥លាននាក់ ដែលសមស្របនឹងតម្រូវការការងារក្នុងនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានអះអាងថា មកដល់ពេលនេះមានពលរដ្ឋប្រមាណ២៧ម៉ឺននាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងមុខជំនាញផ្សេងៗ ហើយពួកគេមានការងារធ្វើនៅតាមរោងចក្រ សហគ្រាស ក៏ដូចជាទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ការបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញនៅ TVET បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបំពេញតម្រូវការការងារក្នុងវិស័យឧស្សាហកម្ម ដែលកំពុងមានការកើនឡើង និងបានប្រែក្លាយជីវភាពពលរដ្ឋមួយចំនួនឱ្យរួចផុតពីភាពក្រីក្រផងដែរ។
បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រ សហគ្រាសចំនួនជាង៤ម៉ឺន៧ពាន់កន្លែង និងបានផ្ដល់ការងារដល់ពលរដ្ឋប្រមាណ២លាន២សែននាក់៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន