ឯកសារណែនាំផ្លូវការពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលត្រូវបានបណ្តាញសារព័ត៌មានរដ្ឋ ស៊ីនហួ ចេញផ្សាយជាសាធារណៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គប្រចាំឆ្នាំនៅរាជធានីប៉េកាំង កាលពីសប្តាហ៍មុន បានផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងការលុបបំបាត់អំពើពុករលួយឲ្យដល់ឫសគល់។ នៅក្នុងរយៈពេលជាង១ទសវត្សរ៍ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបើកយុទ្ធនាការកម្ទេចអំពើពុករលួយយ៉ាងក្តៅគគុក ដោយបានបោសសម្អាត និងទម្លាក់មន្ត្រីចិនរាប់ពាន់នាក់ចូលក្នុងសំណាញ់ច្បាប់ ព្រមទាំងបានដកតំណែងសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងមន្ត្រីជាន់ខ្ពស់ផ្នែកយោធាជាច្រើនរូបជាបន្តបន្ទាប់។
សារព័ត៌មាន Dailytrust បានរាយការណ៍នៅថ្ងៃទី២ ខែវិច្ឆិកា ថា សេចក្តីសម្រេចជាប្រវត្តិសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្សកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដែលជាទិសដៅគោលនយោបាយថ្មីរបស់បក្សបានដាក់ចេញនូវវិធានការក្តៅ និងតម្រូវឲ្យមានការត្រួតពិនិត្យមន្ត្រីយ៉ាងហ្មត់ចត់បំផុតដោយចាប់ផ្តើមដំបូងគេពីមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់។ គោលការណ៍ថ្មីនេះ នឹងគ្រប់គ្រងមន្ត្រីគ្រប់ជ្រុងជ្រោយ និងតាមដានជាប្រចាំពេញមួយជីវិតអាជីពរបស់ពួកគេតែម្តង។
ឯកសារដដែលបានគូសបញ្ជាក់ថា បុគ្គលណាដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងគ្រួសារ និងមានកម្រិតនៃការចំណាយខ្ពស់ហួសប្រមាណខុសពីប្រាក់ចំណូលផ្លូវការ នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ដើម្បីធ្វើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ បន្ថែមលើនេះ សកម្មភាពអាជីវកម្មរបស់ប្តី ប្រពន្ធ និងកូនៗរបស់មន្ត្រីទាំងអស់ ព្រមទាំងសកម្មភាពលើបណ្តាញអនឡាញរបស់សមាជិកបក្សទាំងអស់ ក៏ត្រូវស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងផងដែរ។
បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ថ្មីៗនេះមន្ត្រីជាន់ខ្ពស់ចំនួន៣៣នាក់បន្ថែមទៀត ត្រូវបានដកតំណែង ដែលក្នុងនោះរួមមានទាំងលោក ចាង យូសៀ (Zhang Youxia) អតីតសមាជិកការិយាល័យនយោបាយ និងជានាយទាហានថ្នាក់ឧត្តមសេនីយ៍ផ្កាយ៤ ដែលធ្លាប់មានឥទ្ធិពល និងឋានៈខ្ពស់បំផុតក្នុងកងទ័ពចិនផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស