វិស័យ​ការងារ

​​តើការដំឡើងពិតានប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. បានឆ្លុះបញ្ចាំងបែបណាចំពោះសេវាប្រើប្រាស់ ប.ស.ស. នៅកម្ពុជា?


រដ្ឋបានសម្រេចកែសម្រួលកម្រិតអប្បបរមា និងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស.) ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាកើនពី៤០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិតានកើនពី១,២លានរៀលទៅ១,៥លានរៀល។
វិស័យ​ការងារ
ដោយ

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការកែសម្រួលថ្មីនេះ វានឹងជំរុញឱ្យប្រាក់ឈ្នួលជាប់ភាគទានដែលនិយោជិក និងនិយោជកត្រូវបង់ទៅកាន់សេវារបបសន្តិសុខសង្គមកើនឡើងជាងមុនបន្តិច ប៉ុន្តែវាក៏បានផ្តល់ឱ្យបងប្អូនកម្មករនិយោជិតនៅតាមក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានាទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមកាន់តែច្រើន និងប្រសើរជាងមុន។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន គឺជាការគិតគូរបន្ថែមរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការវិវត្តសេដ្ឋកិច្ច-សង្គមបច្ចុប្បន្នសំដៅធ្វើឱ្យកម្មករនិយោជិតនៅតាមក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានាទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមកាន់តែច្រើន និងប្រសើរជាងមុន។ បើតាមអ្នកនាំពាក្យរូបនេះ ការកែសម្រួលនេះមិនមែនគ្រាន់តែជាការកែប្រែការបង់ភាគទានប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនកម្រិត នៃការគាំពារសង្គមជូនកម្មករនិយោជិត ទាំងនៅពេលឈឺ រងគ្រោះថ្នាក់ការងារ និងសម្រាលកូនជាដើម។

តួយ៉ាងសម្រាប់កម្មករនិយោជិតដែលមានប្រាក់ឈ្នួលជាប់ភាគទានដល់កម្រិតពិតាន និងបំពេញលក្ខខណ្ឌតាមច្បាប់ ប្រាក់បំណាច់ប្រចាំថ្ងៃពេលឈឺ ឬរងគ្រោះថ្នាក់ការងារនឹងកើនពី២៨,០០០រៀលទៅ៣៥,០០០រៀលក្នុងមួយថ្ងៃតាមរយៈការកែសម្រួលថ្មីនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា មូលហេតុស្នូលនៃការដំឡើងវិភាគទាន ប.ស.ស. គឺកើតឡើងដោយសារសម្ពាធនៃការចំណាយពិតប្រាកដ និងគោលដៅពង្រឹងមូលនិធិ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការទាមទារសំណងសេវាព្យាបាល និងផលប្រយោជន៍សមស្របជូនបុគ្គលិកសុខាភិបាលដែលផ្តល់សេវាកម្មកាន់តែច្រើន។

បើតាមអ្នកជំនាញរូបនេះ ការដំឡើងកម្រិតពិតានដល់១,៥លានរៀល នឹងជួយឱ្យបុគ្គលិកដែលមានប្រាក់ខែខ្ពស់បានរួមចំណែកបន្ថែមដើម្បីគាំទ្រដល់អ្នកមានប្រាក់ខែទាប។ លើសពីនេះ ដើម្បីធានាថា អត្ថប្រយោជន៍នាពេលអនាគតមានភាពសមស្រប និងមាននិរន្តរភាព ព្រមទាំងការពារប្រព័ន្ធ ប.ស.ស. មិនឱ្យជួបវិបត្តិហិរញ្ញវត្ថុ ដោយបង្កើតតុល្យភាពរវាងរដ្ឋ និងប្រជាពលរដ្ឋជាសមាជិក។ ទោះយ៉ាងណា លោកបណ្ឌិតយល់ថា បញ្ហាប្រឈមសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្ថែម គឺការធានាប្រសិទ្ធភាពសេវា និងការគ្រប់គ្រងការចំណាយលើផ្នែកវេជ្ជសាស្ត្រដែលកំពុងកើនឡើង ដើម្បីកុំឱ្យបន្ទុកធ្លាក់ទៅលើអ្នកបង់វិភាគទាន។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពី ការកែសម្រួលកម្រិតអប្បបរមា និងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន១,៥លានរៀល។ វិសាលភាព នៃការអនុវត្តកម្រិតប្រាក់ឈ្នួលជាប់ភាគទានថ្មីនេះ ត្រូវអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ ព្រមទាំងអ្នកបម្រើការងារក្នុងផ្ទះផងដែរ៕




អត្ថបទបន្ទាប់


បណ្តាញឆបោក ដែលមានជនជាតិចិន នៅពីក្រោយបានរើទីតាំងពីកម្ពុជា ទៅបោះជំរុំថ្មីនៅម៉ាដាហ្គាស្តារ​

ក្រោមសម្ពាធនៃការបង្ក្រាបយ៉ាងស្វិតស្វាញ និងឥតឈប់ឈរនៅកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០២៥ មក ក្រុមឧក្រិដ្ឋជនស្កេមអនឡាញមួយចំនួនបានរត់គេចខ្លួន និងប…

លោក ត្រាំ នៅតែបង្ហាញឆន្ទៈចង់ជួបជជែកជាមួយលោក គីម ជុងអ៊ុន ខណៈអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ជំរុញឱ្យកូរ៉េខាងជើង បោះបង់កម្មវិធីនុយក្លេអ៊ែ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែបើកទ្វារស្វាគមន៍លទ្ធភាពជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាថ្មី ដែលធ្វើឱ្យមានការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ