ការបិទព្រំដែនកម្ពុជា-ថៃ

ថៃនឹងខាតជាង៣ពាន់លានដុល្លារ បើព្រំដែនថៃ-កម្ពុជា បន្តបិទរហូតដល់ដាច់ឆ្នាំនេះ


រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល បានព្យាករថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់រហូតដល់ជាង៣ពាន់លានដុល្លារអាម៉េរិក ប្រសិនបើច្រកទ្វារព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថា ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា យោធាថៃ បានបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ទាំងស្រុងជាឯកតោភាគី ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរត្រូវបានជាប់គាំង។
ការបិទព្រំដែនកម្ពុជា-ថៃ
ដោយ

បច្ចុប្បន្នថៃ កំពុងបង្វែការដឹកជញ្ជូនទំនិញពីផ្លូវគោកមកផ្លូវទឹក និងបានប្រើប្រាស់ប្រទេសឡាវ ធ្វើជាច្រករបៀបសម្រាប់នាំទំនិញចូលមកទីផ្សារកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។

​របាយការណ៍កិច្ចប្រជុំរបស់គណៈកម្មាធិការសេដ្ឋកិច្ចថៃកាលពីសប្តាហ៍មុន ដែលសារព័ត៌មាន Bloomberg ទទួលបានបង្ហាញថា ក្រោយការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា និងថៃ អាជីវកម្មថៃបានខាតបង់ធ្ងន់ធ្ងររហូតដល់៤៥៨លានដុល្លារអាម៉រិកក្នុង១ខែ។ របាយការណ៍ដដែលបានបង្ហាញទៀតថា សេដ្ឋកិច្ចថៃអាចនឹងរងការខាតបង់សរុបរហូតដល់ទៅ៣,១ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៥ នេះ ប្រសិនបើការបិទព្រំដែននេះនៅតែបន្តរហូតដល់ដាច់ឆ្នាំនេះ។

ការព្យាករជាផ្លូវការលើកដំបូងអំពីទំហំខាតបង់សេដ្ឋកិច្ចនេះ កើតឡើងនៅពេលលោក អានុទីន ឆានវីរៈគុល ស្វះស្វែងរកមធ្យោបាយ ដើម្បីស្តារសេដ្ឋកិច្ចថៃឡើងវិញ នៅមុនការបោះឆ្នោតនៅដើមឆ្នាំ២០២៦ ដោយសង្ឃឹមថា ខ្លួននឹងអាចជាប់ឆ្នោត ព្រោះអាណត្តិរដ្ឋាភិបាលរបស់លោកមានត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ ក្រោយពីឡើងកាន់តំណែងបន្តពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា។

សូមបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាកម្ពុជា និងថៃ ប្រសិនបើប្រទេសទាំងពីរនៅតែបន្តធ្វើឱ្យឡើងកម្ដៅ ពោលគឺលោកចង់ឱ្យប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព ក្រោយពីលោកអន្តរាគមន៍ឱ្យប្រទេសទាំងពីរឈានដល់បទឈប់បាញ់ក្រោមការសម្រុះសម្រួលពីម៉ាឡេស៊ីកាលពីអំឡុងខែកក្កដា។

នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច កាលពីថ្ងៃទី១៥ ខែតុលា លោក អានុទីន ឆានវីរៈគុល បានអំពាវនាវឱ្យចរចាជាមួយសហរដ្ឋអាមេរិកដោយប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា ជម្លោះព្រំដែនកម្ពុជា-ថៃអាចប៉ះពាល់ដល់ការចរចារពន្ធរបស់ប្រទេសថៃ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ពន្ធ១៩% លើទំនិញនាំចេញរបស់ថៃ ទោះបីជារដ្ឋាភិបាលថៃចង់ចរចាឱ្យសហរដ្ឋអាម៉េរិកបញ្ចុះអត្រាទាបជាងនេះក៏ដោយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ការនាំចេញដែលមានសម្ទុះយឺតក៏ដូចជាការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសអាចរារាំងកំណើនសេដ្ឋកិច្ចថៃនៅក្នុងឆមាសទី២ ឆ្នាំនេះ។ ទោះពីការធ្លាក់ចុះវិស័យទេសចរណ៍របស់ថៃបច្ចុប្បន្ន មិនមែនកើតចេញដោយផ្ទាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ជម្លោះព្រំដែននេះអាចបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមភ្ញៀវទេសចរបរទេស។

ទាក់ទិននឹងបញ្ហានេះលោក អានុទីន ឆានវីរៈគុល បានជំរុញឱ្យរដ្ឋាភិបាលថៃ ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីបង្ហាញថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព។ជម្លោះព្រំដែននេះ ក៏បានជំរុញឱ្យពលករចំណាកស្រុកកម្ពុជាមួយចំនួនធំក្នុងចំណោមពលករខ្មែរប្រមាណ២លាននាក់វិលត្រលប់មកស្រុកកំណើតវិញ ដោយធ្វើឱ្យអាជីវកម្មថៃ ជួបវិបត្តិខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ហើយជាលទ្ធផលជះផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃ ដែលកំពុងតែដាំក្បាលចុះរួចទៅហើយ។ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្រសួងការងារថៃ បានចាប់ផ្តើមចុះបញ្ជីពលករបរទេស ដែលគ្មានឯកសារឱ្យចូលធ្វើការជាបណ្ដោះអាសន្ន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែលបង្ហាញពីប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួន នឹងសម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជាជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្…

នាយករដ្ឋមន្រ្តីថៃ កំពុងព្យាយាមលាងសម្អាតប្រទេសចេញពីបទសង្ស័យថា ជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មតាមអនឡាញ

មកទល់ពេលនេះអ្នកណាក៏ដឹងដែរថា ថៃ ជាមជ្ឈមណ្ឌល នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Online Scam) តែថៃ មិនដែលទទួលស្គាល់នោះទេ ហើយថែមទាំងព្យាយាមកុហកពិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ